Sunday, December 5, 2021

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យគ្រប់គោលដៅទេសចរណ៍រាជធានី-ខេត្ត កាន់តែមានសុវត្ថិភាព គឺអនុវត្តស្តង់ដារប្រតិបត្តិ និងចាក់វ៉ាក់សាំង

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ក្រសួងទេសចរណ៍បានបន្ថែមនូវវិធីពង្រឹងការអនុវត្ត ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្ត កាន់តែមានសុវត្ថិភាពពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងអោយកាន់កាន់តែខ្លាំង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍ទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់រួចទៅហើយ ដែលប្រការនេះ គឺពិតជាបានជំរុញឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញ នាពេលខាងមុខនេះ ឱ្យមានសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។

មួយវិញទៀត អ្នកបម្រើការក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្ម និងគោលដៅទេសចរណ៍ បានចាក់វ៉ាក់សាំងរួចរាល់ហើយ បូកផ្សំជាមួយអ្នកទៅលេងកម្សាន្តក៏បានចាក់វ៉ាក់សាំងរួចរាល់ទៀតនោះ ដូច្នេះលទ្ធភាពនៃការឆ្លងកូវីដ-១៩ គឺមានតិចតួចណាស់ ប៉ុន្តែ ទោះជាយ៉ាងណា យើងត្រូវតែការពារ និងប្រុងប្រយ័ត្នជានិច្ច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN