រដ្ឋធានីហាណូយ ៖ អាជ្ញាធរទីក្រុងហូជីមិញ វៀតណាមខាងត្បូង បានចាក់វ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ បានចំនួន៩២ភាគរយ គិតត្រឹម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។

មន្ទីរគ្រប់គ្រង់ជំងឺឆ្លងរបស់ទីក្រុងហូជីមិញ (HCDC) បានបញ្ជាក់ថា អាជ្ញាធរក្រុងហូជីមិញ បានចាក់វ៉ាក់សាំងដូសទី១ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងទីក្រុងនេះ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន៩២ភាគរយ ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានអនុវត្ដ រយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃទី៨-១៥ ខែកញ្ញា ឆ្នាំ២០២១។ នេះជាយុទ្ធនាការមួយដ៏លំបាកបំផុត នៅក្នុងការបង្កើនល្បឿន ចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដនេះ។
បើតាមមន្ទីរផែនការពលរដ្ឋ និងគ្រួសាររបស់ក្រុងហូជីមិញ បានបញ្ជាក់ថា ពលរដ្ឋ មានអាយុចាប់ពី១៨ឡើង រស់នៅទីក្រុងហូជីមិញ (ព្រៃនគរ) សរុប ៧ ២០៩ ៨០០នាក់។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទីក្រុងហូជីមិញ បានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ សរុប ៨ ៤៥២ ៦០៩ដូស ហើយក្នុងនោះអ្នកទើបនឹងចាក់ដូសទី១ ចំនួន ៦ ៦៦៧ ០១៨នាក់ និង ចាក់២ដូសរួចរាល់ ចំនួន ១ ៧៨៥ ៥៩១នាក់។ ក្នុងចំណោមពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងទាំងនេះ គឺ៩២ភាគរយ ទទួលបានការចាក់វ៉ាក់សាំងដូសទី១ និង ជាង២៤,៧ភាគរយ ទទួលបានការចាក់វ៉ាក់សាំងដូសទី២៕រក្សាសិទ្ធិដោយ៖សារាយSN












