រដ្ឋធានីប៉េកាំង ៖ រដ្ឋមន្ត្រីការបទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានប្រាប់ដល់មន្រ្ដីវៀតណាម ថា ចិន និង វៀតណាម មិនគួរត្រូវពង្រីកជម្លោះ នៅក្នុងដែនសមុទ្រចិនខាងត្បូងនោះឡើយ ហើយការលើកឡើងបែបនេះ បានកើតឡើង ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានធ្វើនាវាចរណ៍នូវនាវាផ្ទុកយន្ដហោះ និង នាវាចម្បាំងរបស់ពួកគេ ល្បាតចូលមកក្នុងដែនទឹកជម្លោះ នៅតំបន់អាស៊ី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្ដីការបរទេសចិន បានប្រាប់ដល់មន្រ្ដីវៀតណាមថា ចិន និង វៀតណាម គួរតែចៀសវាងសកម្មភាពឯកតោភាគី ទាក់ទងនឹងសមុទ្រចិនខាងត្បូង ដែលអាចធ្វើឱ្យស្ថានការណ៍ កាន់តែស្មុគស្មាញ និងពង្រីកជម្លោះកាន់តែធំឡើង។
ចិនតែងតែអះអាង ទៅលើដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ដែលភាគច្រើនបំផុត ស្ថិតក្នុងអធិបតេយ្យភាពរបស់ចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង អះអាងបែបនេះ បង្កឲ្យមានជម្លោះ នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិ ជីវចម្រុះ ឧស្ម័ន និងរ៉ែជាច្រើនប្រទេស បានបង្កឲ្យមានជម្លោះជាមួយនឹងប្រទេសជាច្រើន រួមមាន វៀតណាម ហ្វីលីពីន ប្រុយណេ ឥណ្ឌូនេស៊ី និងដែនកោះតៃវ៉ាន់។ រីឯទំហំពាណិជ្ជកម្មឆ្លងកាន់សមុទ្រចិនខាងត្បូង ទៅកាន់ទីផ្សារពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថា មានទឹក៣ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងបង្កើនសកម្មភាពយោធា នៅក្នុងដែនសមុទ្រចិនខាងត្បូង ធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត មិនសប្បាយចិត្ត និងខ្លាចបាត់បង់ផលប្រយោជន៍របស់ពួកគេ ទើបបញ្ជូនកងនាវាផ្ទុកយន្ដហោះ អមដោយនាវចម្បាំង ជាច្រើនគ្រឿងចូលមកក្នុងដែនសមុទ្រចិន ក្រោមហេតុផលថា នេះជាសេរីភាព ក្នុងការធ្វើនាវាចរណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ជាសញ្ញាបង្ហាញថា ពួកគេប្រឆាំងដាច់ខាត ចំពោះការអះអាងរបស់ចិន។ មហាអំណាចសហរដ្ឋអាមេរិក និងលោកខាងលិច រួមមាន អង់គ្លេស និងបារាំង…ជាដើម បានបញ្ជាក់ជាថ្មីថា មិនមានប្រទេសណាមួយ យកដែនសមុទ្រចិនខាងត្បូងនេះ មកធ្វើជាកម្មសិទ្ធិ ផ្ដាច់មុខបានឡើយ៕រក្សាសិទ្ធិដោយ៖សារាយSN







