រដ្ឋធានីកាប៊ូល ៖ ពួកជីវពលតាលីបង់ បានធ្វើទា.រុណ.កម្ម និងសម្លាប់ រ៉ូហ៊ូលឡាហ៍ សាឡេហ៍ បងប្រុសរបស់លោក អាមរូលឡាហ៍ សាឡេហ៍ (Amrullah Saleh) អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន ក្រោយការចាប់ខ្លួនបាន នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅតំបន់មូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ចលនាតស៊ូជាតិ ហៅកាត់ NRF ដឹកនាំដោយលោក Ahmad Massoud នៅខេត្តផេនសៀរ (Panjsir) ។

សារព័ត៌មានឥណ្ឌា Republicworld បានផ្សាយ កាលពីថ្ងៃទី១០ ខែកញ្ញា ថា បើតាមសេចក្ដីរាយការណ៍មួយដែលទទួលបាន គឺលោក រ៉ូហ៊ូលឡាហ៍ សាឡេហ៍ (Rohullah Saleh) បងប្រុសបង្កើតរបស់លោក Amrullah Saleh អតីតអនុប្រធានាធិបតី ត្រូវបានក្រុមតាលីបង់ ចាប់បានខ្លួនបាន ខណៈគាត់ធ្វើដំណើរ ចាកចេញពីជ្រលងភ្នំ Panjsir។ បន្ទាប់មក ពួកអ្នកប្រយុទ្ធតាលីបង់ បានធ្វើទារុណកម្មទៅលើលោក Rohullah Saleh យ៉ាងឃោរឃៅ រហូតដល់បាត់បង់ជីវិត កាលពីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
បើតាមក្មួយប្រុសរបស់លោក Rohullah Saleh បានថ្លែង កាលពីថ្ងៃទីសុក្រ (ទី១០ ខែកញ្ញា ឆ្នាំ២០២១) ពួកតាលីបង់ បានប្រហារជីវិតបងប្រុសរបស់លោក អាមរូលឡាហ៍ សេឡេហ៍ អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលត្រូវតាលីបង់បណ្ដេញចេញពីតំណែង ហើយបច្ចុប្បន្នក្លាយជាមេដឹកនាំម្នាក់ នៃកងកម្លាំងប្រឆាំងតាលីបង់នៅជ្រលង Panjshir ។ តាលីបង់បានសម្លាប់ជនស៊ីល នៅតំបន់ជ្រលងភ្នំផេនសៀរ ទើបចលនាតស៊ូ NRF ស្វះស្វែងរកការជួយអន្ដរាគមន៍ ពីអង្គការសហប្រជាជាតិ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ តាលីបង់ បានអះអាងថា ពួកគេបានគ្រប់គ្រងខេត្តចុងក្រោយនេះទាំងស្រុងហើយ។ ប៉ុន្ដែក្រុមចលនាតស៊ូ NRF ប្រឆាំងនឹងតាលីបង់ ដឹកនាំដោយលោក Ahmad Massoud នៅតែអះអាងថា ពួកគេកំពុងតែកាន់កាប់ខេត្តសម្បូរ ដោយជ្រលងភ្នំផេនសៀរនេះ ហើយប្រឆាំងនឹងការលុកលុយរបស់ក្រុមភេរករបន្ដទៀត៕ រក្សាសិទ្ធិដោយ៖សារាយSN





