Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក និងចិន ចាប់ផ្ដើមដោះស្រាយគ្នា អំពីរឿងធំៗជាច្រើន

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមចរចាគ្នា ដើម្បីដោះស្រាយបញ្ហាតានតឹងជាច្រើន ជាលើកដំបូង ក្រោយពេលលែងមានទំនាក់ទំនងនឹងគ្នា អស់រយៈពេល៧ខែកន្លងមកហើយ។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី១០ ខែសីហា ថា លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និង សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចាប់ផ្ដើមចរចាគ្នាជាលើកទី១ ក្នុងរយៈពេល៧ខែកន្លងនេះ។ នេះក៏ជាលើកទី២ សម្រាប់លោក ចូ បៃដិន បាននិយាយជាមួយនឹងមេដឹកនាំចិន ចាប់តាំងពីឡើងកាន់តំណែងរបស់លោក។

សេតវិមាន បានចេញសេចក្ដីថ្លែងការណ៍ថា មេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និង ចិន បានពិភាក្សាគ្នា អំពីការទទួលខុសត្រូវ សម្រាប់ប្រជាជាតិទាំង២ ដើម្បីធ្វើឲ្យប្រាកដប្រជា ចំពោះការប្រកួតប្រជែង មិននាំឲ្យមានជម្លោះនឹងគ្នា។ នេះជាការនិយាយតាមទូរស័ព្ទ រវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិន លើកទី២ ចាប់តាំងពីលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ឡើងកាន់តំណែង។

ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង ចិន កំពុងតែតានតឹងនឹងគ្នា ជុំវិញជម្លោះលើបញ្ហាជាច្រើន រួមមាន ពាណិជ្ជកម្ម ចារកម្ម និង ជំងឺរាតត្បាត។ សង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចលោកខាងលិច និងមហាយក្សចិន បានផ្ទុះឡើងខ្លាំង នៅក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ ដោយសហរដ្ឋអាមេរិក បានតំឡើងពន្ធរាប់រាយពាន់លានលើទំនិញនាំចូល មកពីប្រទេសចិន ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។

សេតវិមាន បានបន្ថែមថា «មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា ជាយុទ្ធសាស្ត្រទូលំទូលាយ អំពីតំបន់ដែលជាផលប្រយោជន៍របស់យើងរួមគ្នា និងតំបន់ដែលជាផលប្រយោជន៍ គុណតម្លៃ និងទស្សនវិស័យរបស់យើងខុសគ្នា។ ការពិភាក្សានេះ ដូចដែលប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា វាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយការទទួលខុសត្រូវ»។

ដោយឡែកបណ្ដាញទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក ផ្ដោតទៅលើទំនាក់ទំនងយុទ្ធសាស្រ្ដ និង…បញ្ហាកង្វល់ទៅវិញទៅមក»៕រក្សាសិទ្ធិដោយ៖សារាយSN

×