Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសបំប្លែងខ្លួន Delta រាតត្បាតនៅសហរដ្ឋអាមេរិក ធ្វើឲ្យចំនួនឆ្លងថ្មីកើនឡើងជាង ១៥៨ ០០០នាក់ និង ស្លាប់ជិត ២០០០នាក់

បរទេស ៖ បច្ចុប្បន្ន វីរុស Delta កំពុងតែរាតត្បាត នៅលើពិភពលោក ធ្វើឲ្យការឆ្លងថ្មី នៅតែបន្ដកើនឡើងខ្លាំង ហើយសហរដ្ឋអាមេរិក រកឃើញការឆ្លងថ្មីជាង១៥៨ ០០០នាក់ និង មានអ្នកស្លាប់ ១ ៨៩៩នាក់។

បើតាមគេហទំព័រ Worlodmeter បានចេញផ្សាយ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៥៩៦ ០៤០នាក់ និងមានករណីស្លាប់ថ្មី ៩ ២៦៦នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ សរុប ជាង២២៣,៩៨លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង ៤,៦១លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២០០,៥៨លាននាក់។

សហរដ្ឋអាមេរិក រកឃើញករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៥៨ ៤៨៥នាក់ និង មានអ្នកស្លាប់ថ្មី ១ ៨៩៩នាក់។ នេះជាចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ១៩ថ្មីច្រើនជាងគេ នៅលើពិភពលោក។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤១,៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៧៤ ៥១៧នាក់ និង មានអ្នកជាសះស្បើយ ជាង៣១,៧លាននាក់។

ម៉ិកស៊ិក ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលំដាប់លេខ១៥ នៅលើពិភពលោក។ ប៉ុន្ដែនៅថ្ងៃនេះ ម៉ិកស៊ិក មានករណីស្លាប់ថ្មីច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ ៨៧៩នាក់ និងមានករណីឆ្លងថ្មី ១៥ ៨៧៦នាក់។ ម៉ិកស៊ិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៣,៤៦លាននាក់ ស្លាប់ ២៦៥ ៥៤០នាក់ និងមានអ្នកជាសះស្បើយ ជាង២,៨នាក់។

នៅថ្ងៃនេះ ប្រទេសដែលមានអ្នកស្លាប់ច្រើន ដោយកូវីដ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង ម៉ិកស៊ិក រួមមាន រុស្ស៊ី (រកឃើញស្លាប់ថ្មី ៧៩៤នាក់) ប្រេស៊ីល (ស្លាប់ថ្មី ៧៤៧នាក់) អ៊ីរ៉ង់ (ស្លាប់ថ្មី ៥០៥នាក់) ឥណ្ឌូនេស (ស្លាប់៣៣៤នាក់)។ ដោយឡែកប្រទេសក្រៅពីនេះ មានអ្នកស្លាប់ច្រើនដែរ តែមានចំនួនតិចជាងប្រទេសទាំងប៉ុន្មានខាងលើនេះ។

ដោយឡែកប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល អង់គ្លេស រុស្ស៊ី បារាំង តួកគី អាហ្សង់ទីន អ៊ីរ៉ង់ កូឡុំប៊ី អេស្បាញ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ីក …ជាដើម៕រក្សាសិទ្ធិដោយ៖សារាយSN

×