Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដបំប្លែងខ្លួនថ្មី Mu កំពុងបង្ហាញវត្ដមាន នៅលើប្រទេសជិត៤០ទៀត

រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី «Mu» នៅក្នុងប្រទេសកូឡុំប៊ី កាលពីអំឡុងខែមករា ឆ្នាំ២០២១ នោះមក រហូតមកដល់ពេលនេះ Mu កំពុងតែបង្ហាញវត្ដមាន នៅលើទឹកដីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសចំនួន៣៨ផ្សេងទៀត នៅលើពិភពលោក។
បើតាមសារព័ត៌មាន CNBC បានផ្សាយថា បើតាមអង្គការសុខាភាពពិភពលោក (WHO) បានថ្លែងថា វីរុសកូវីដបំប្លែងខ្លួន «Delta» នៅតែជាការព្រួយបារម្ភខ្លាំងបំផុត ក្នុងចំណោមវីរុសបំប្លែងខ្លួន បើទោះជាមានការលេចឡើងនូវវីរុស «Mu»ក្ដី។

បើតាមសារព័ត៌មាន The West បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែកញ្ញា ថា វីរុសកូវីដបំប្លែងខ្លួនថ្មី «Mu» ត្រូវបានរកឃើញ ឆ្លងទៅលើមនុស្ស ចំនួន១៦៧នាក់ នៅរដូវក្ដៅ នៅក្នុងទីក្រុងឡូសអេនជើឡែស សហរដ្ឋអាមេរិក។

ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា បើតាមការវិភាគ ដែលបានបញ្ចប់ ចន្លោះពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២១ ខែសីហា វីរុសកូវីដបំប្លែងខ្លួនថ្មី ដែលគេស្គាល់ថា «Mu» នេះ រកឃើញ ឆ្លងច្រើន នៅក្នុងខែកក្កដា។ វីរុស Mu នេះ ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាស ដោយដាក់ឈ្មោះ បន្ទាប់ពីអក្សរទី១២របស់ក្រិក។ វីរុសកូវីដបំប្លែងខ្លួនថ្មីនេះ Mu ត្រូវបានរកឃើញមុនដំបូង កាលពីខែមករា ឆ្នាំ២០២១ នៅប្រទេសកូឡុំប៊ី។ Mu ត្រូវបានកំណត់ឈ្មោះ តាមលក្ខណៈវិទ្យាសាស្រ្ដ «B.1.621» ហើយត្រូវបានរាយការណ៍ ពីករណីឆ្លង នៅក្នុងប្រទេសចំនួន៣៩។

ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បានបន្ដថា Mu មានលក្ខណៈខុសគ្នា ពីវីរុសបំប្លែងខ្លួនផ្សេងទៀត ដែលគេស្គាល់ឈ្មោះ C.1.2 ត្រូវបានរកឃើញ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) មិនបានដាក់វីរុសបំប្លែងខ្លួន C.1.2 ចូលទៅក្នុងបញ្ជី នៃវីរុសបំប្លែងខ្លួន គួរព្រួយបារម្ភនោះឡើយ។ ប៉ុន្ដែ WHO បានដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មី «Lambda» នៅក្នុងខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងការតាមដាន។ Lambda ត្រូវបានរកឃើញ នៅក្នុងប្រទេសប៉េរូ កាលពីខែធ្នូ ឆ្នាំ២០២០ ។ រីឯក្រុមអ្នកវិទ្យាសាស្រ្ដ កំពុងតែតាមដាន ដោយសារវាឆ្លងច្រើន នៅក្នុងប្រទេសអាមេរិកខាងត្បូង។

ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺ ហៅកាត់ CDC នៅមិនទាន់ ដាក់ឈ្មោះ «Mu» នេះ ស្ថិតក្នុងចំណោមវីរុសបំប្លែងខ្លួនថ្មី ឆ្លងខ្លាំងនោះដែរ។ វីរុស Mu នេះ មិនត្រូវបានគិតថា វាគំរាមកំហែងខ្លាំង ដូចជា វីរុសបំប្លែងខ្លួន Delta នោះឡើយ ព្រោះឥឡូវ Delta មានលទ្ធភាពចម្លង រហូតដល់ទៅជាង៩៩ភាគរយ នៅសហរដ្ឋអាមេរិក។

លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្រ្ដ សម្រាប់ទប់ស្កាត់ជំងឺរាតត្បាតជាសកលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទខ្លីមួយ ថា « វីរុសបំប្លែងខ្លួន Mu នេះ នៅតែមានសារៈសំខាន់ ក្នុងការតាមដាន ទោះបីជាវាកម្រឃើញ មានឆ្លងច្រើន នៅសហរដ្ឋអាមេរិក ក្ដី។ យើងត្រូវតែយកចិត្តទុកដាក់លើវា ប៉ុន្ដែយើងមិនបានគិតថា វាគំរាមកំហែងខ្លាំងក្លា នៅពេលនេះទេ»។

លោកវេជ្ជបណ្ឌិត Ashish Jha សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសុខាភិបាលសាធារណៈ Brown បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា លោកសង័្សយថា វីរុសបំប្លែងខ្លួន Mu, Lambda ឬ C.1.2 នឹងមកជំនួស Delta ព្រោះវាឆ្លងច្រើន នៅក្នុងប្រទេសអាមេរិកខាងត្បូង៕រក្សាសិទ្ធិដោយ៖សារាយSN

×