Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅម៉ាសេដូណាខាងជើង មានអ្នកបាត់បង់ជីវិតច្រើន

រដ្ឋធានីស្កុបជេ (Skopje) ៖ មន្ទីរពេទ្យព្យាបាលជំងឺកូវីដមួយកន្លែង ត្រូវបានអគ្គីឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យអ្នកជំងឺយ៉ាងតិច១០នាក់ បានបាត់បង់ជីវិត កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ (វេលានៅក្នុងតំបន់) ស្ថិតក្នុងទីក្រុងតេតូវ៉ូ (Telovo) សាធារណរដ្ឋម៉ាសេដូណាខាងជើង (North Macedonia) ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ថា ប៉ូលិស និង មន្រ្ដីសុខាភិបាលសាធារណៈ នៃសាធារណរដ្ឋម៉ាសេដូណាខាងជើង បានបញ្ជាក់ថា យ៉ាងហោចណាស់ មានអ្នកជំងឺ១០នាក់ បានបាត់បង់ជីវិត ហើយមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

បណ្ដាញទូរទស្សន៍ BBC បានផ្សាយដែរថា បើតាមវីដេអូ ដែលបានចែកចាយ នៅតាមបណ្តាញសង្គម បានបង្ហាញ ពីអគារមួយ កំពុងតែស្ថិតក្នុងអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ លាយឡំជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់ ហុយឡើងលើអាកាស នៅជិតផ្លូវធំមួយ ក្នុងទីក្រុង Tetovo ប្រទេសម៉ាសេដូណាខាងជើង។ គ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩នេះ បានសម្លាប់អ្នកជំងឺ យ៉ាងតិច១០នាក់។

លោក Venko Filipce រដ្ឋមន្រ្ដីក្រសួងសុខាភិបាលម៉ាសេដូណាខាងជើង បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា នេះជាថ្ងៃ ដ៏សោកសៅបំផុតមួយ នៅក្នុងប្រទេសម៉ាសេដូណាខាងជើង។ បុគ្គលិកសុខាភិបាល និងអ្នកជំងឺ ដែលរងរបួស ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យនានា នៅក្នុងរដ្ឋធានីស្កុបជេ ដែលមានចម្ងាយ៤៥គីឡូម៉ែត្រពីគ្នា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីបានព្រមានថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត។

លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលម៉ាសេដូណាខាងជើង បានបញ្ជាក់ថា ឥឡូវនេះ ក្រុមវេជ្ជបណ្ឌិត កំពុងតែពុះពារ ជួយសង្គ្រោះដល់អាយុជីវិតរបស់អ្នករងរបួស។ លោករដ្ឋមន្រ្ដីបានចាត់ទុកថា គ្រោះអគ្គិភ័យនេះ ជាឧបទ្ទវហេតុដ៏រន្ធត់បំផុត។ ប៉ុន្ដែលោករដ្ឋមន្រ្ដីមិនទាន់បានបង្ហាញលម្អិតថា មានអ្នកជំងឺកូវីដប៉ុន្មាននាក់ កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនោះ ហើយចំនួនអ្នករងរបួសក៏មិនទាន់ដឹងប្រាកដដែរ។

ដោយឡែកមូលហេតុ នៃគ្រោះអគ្គិភ័យនេះ មិនត្រូវគេដឹងភ្លាមៗនោះទេ ប៉ុន្ដែបើតាមលោក Zoran Zaev នាយករដ្ឋមន្រ្ដីម៉ាសេដូណាខាងជើង បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ករណីនេះ បណ្ដាលមកពីការផ្ទុះធុងហ្គាស នៅកន្លែងកើតហេតុ។

សូមជម្រាបថា ប្រទេសម៉ាសេដូណាខាងជើងនេះ មានផ្ទៃដីទំហំ មានផ្ទៃដី ២៥ ៧១៣គីឡូម៉ែត្រការ៉េ ហើយមានប្រជាពលរដ្ឋរស់នៅ ជាង២លាននាក់។ បើតាម Worldometer ចេញផ្សាយ នៅថ្ងៃទី៩ ខែសីហា ថា ប្រទេសនៅភាគឦសានអឺរ៉ុបមួយនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៨១ ៦២០នាក់ ហើយក្នុងនោះស្លាប់ ៦ ១៥៣នាក់ និងមានអ្នកជាសះស្បើយ ១៦១ ៥១៥នាក់ ហើយអ្នកជំងឺ ១៣ ៩៥២នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។ ពលរដ្ឋប្រហែល៣០ភាគរយ បានចាក់វ៉ាក់សាំងរួចរាល់ហើយ៕ រក្សាសិទ្ធិដោយ៖សារាយSN

×