Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្ដីជប៉ុនដំបូងបង្អស់ ប្រកួតប្រជែង កាន់កាប់តំណែងនាយករដ្ឋមន្រ្ដី

ទីក្រុងតូក្យ ៖ ក្រោយពេលលោក ហ្ស៊ីស៊ូ អាបេ អតីតនាយករដ្ឋមន្រ្ដីជប៉ុន បានជំរុញពីក្រោយខ្នងផង នៅទីបំផុត លោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) អតីតរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានសម្រេចឈរឈ្មោះ ប្រកួតប្រជែង ដណ្ដើមកាន់កាប់តំណែងនាយករដ្ឋមន្រ្ដីជប៉ុន។

លោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) មានវ័យ ៦០ឆ្នាំ ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ទំនាក់ទំនងជប៉ុន បានប្រកាសជាផ្លូវការ ថា លោកស្រី បានសម្រេចចិត្ត ចូលរួមឈរឈ្មោះ ប្រកួតប្រជែង កាន់កាប់តំណែងប្រធានគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ។ ការសម្រេចចិត្តរបស់លោកស្រី បានកើតឡើង ក្រោយពេលមានការជំរុញ និងលើកទឹកចិត្តឲ្យឈរឈ្មោះពីលោក ហ៊្សីស៊ូ អាបេ អតីតនាយករដ្ឋមន្រ្ដីជប៉ុន។ ប្រសិនបើលោកស្រី ឈ្នះ នៅក្នុងការប្រកួតប្រជែង កាន់កាប់តំណែងប្រធានបក្ស LDP នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្រីលើកដំបូងបង្អស់ នៅក្នុងប្រវត្ដិសាស្រ្ដជប៉ុន។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានផ្សាយ កាលពីល្ងាចថ្ងៃពុធ (ទី៨ ខែកញ្ញា ឆ្នាំ២០២១) ថា សារព័ត៌មានជប៉ុន បានផ្សាយថា ដោយមានការជំរុញពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ គួបផ្សំនឹងគោលនយោបាយ ប្រឆាំងនឹងការគំរាមកំហែងផ្នែកបច្ចេកវិទ្យារបស់ចិន និងស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញវិបត្តិកូវីដ-១៩ ផង ទើបចុងក្រោយ លោកស្រី Sanae Takaichi បានសម្រេចចិត្តឈរឈ្មោះ ប្រកួតកាន់កាប់តំណែងប្រធានបក្ស ដើម្បីក្លាយជានាយករដ្ឋមន្រ្ដីជប៉ុន។

គណបក្សសេរីប្រជាធិបតេយ្យ ហៅកាត់ LDP ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន មានគម្រោងរៀបចំការបោះឆ្នោត ជ្រើសរើសមេដឹកនាំគណបក្ស នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១។ ការបោះឆ្នោតនេះ បានកើតឡើង ក្រោយពេលលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) សម្រេចចិត្តលាលែងពីតំណែង កាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១។ ប្រសិនបើឥស្សរជនណា បានឈ្នះ នៅក្នុងការបោះឆ្នោតនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។

រហូតមកដល់ពេលលនេះ ឥស្សរជនជប៉ុន នៅក្នុងបក្ស LDP ចំនួន២រូប បានប្រកាស ចូលរួមប្រកួតប្រជែង ដណ្ដើមតំណែងប្រធានបក្ស LDP រួមមាន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និង លោកស្រី Sanae Takaichi។ ដោយឡែក លោក តារ៉ូ កូណុ (Taro Kono) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ក៏រំពឹងថា នឹងប្រកាស ពីការសម្រេចចិត្តរបស់គាត់ នៅចុងសប្តាហ៍នេះតែម្ដង៕រក្សាសិទ្ធិដោយ៖សារាយSN

×