រដ្ឋធានីហ្សាការតា ៖ ពន្ធនាគារមួយកន្លែង បានផ្ទុកអ្នកទោស រហូតដល់ទៅ ២ ០០០នាក់ ហើយត្រូវអគ្គិភ័យលេបត្របាក់ បណ្ដាលឲ្យមនុស្សយ៉ាងតិច៤១នាក់ បាត់បង់ជីវិត កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងពន្ធនាគារមួយកន្លែង ស្ថិតក្នុងទីក្រុង Tangerang ខេត្ត Banten នាភាគខាងលិច ដែលមានព្រំដែនជាប់នឹងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

សារព័ត៌មានសិង្ហបុរី CNA បានផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែកញ្ញា ថា មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះ ពាសពេញពន្ធនាគារ ដែលមានអ្នកទោស រហូតដល់ទៅ ២ ០០០នាក់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែកញ្ញា ខណៈអ្នកទោសទាំងអស់ កំពុងដេកលង់លក់។ គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យ អ្នកទោសយ៉ាងតិច៤១នាក់ស្លាប់។ ចំណែកអ្នករងរបួស នៅមិនទាន់ដឹងនៅឡើយ។
មន្រ្ដីពន្ធនាគារ បានឲ្យដឹងថា ភ្លើងបានចាប់ផ្ដើមឆេះ នៅក្នុងប្លុក C ដែលមានអ្នកទោស រហូតដល់១២២នាក់ ដែលលើសពីមានសមត្ថភាពផ្ទុកអ្នកទោស ត្រឹមតែជាង៤០នាក់។ នៅប្លុកនេះ គឺដាក់អ្នកទោស ប្រព្រឹត្ដបទល្មើស ពាក់ព័ន្ធនឹងគ្រឿងញៀន។ ដោយឡែកអ្នកទោសជាច្រើនអ្នកផ្សេងទៀត បានរងរបួស។
មន្រ្ដីពន្ធនាគារ បានបញ្ជាក់ថា ពន្ធនាគារ នៅក្នុងទីក្រុង Tangerang មានសមត្ថភាពផ្ទុកអ្នកទោស ត្រឹមតែ៦០០នាក់ប៉ុណ្ណោះ។ ប៉ុន្ដែនៅក្នុងគុកនេះ មានអ្នកទោស រហូតដល់ទៅ ២ ០០០នាក់ និងមន្រ្ដីពន្ធនាគារ ត្រឹមតែ១៥នាក់ សម្រាប់បំពេញការងារនេះ។ ដោយឡែកអ្នកទោសជាច្រើននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ ខណៈភ្លើងកំពុងតែឆាបឆេះយ៉ាងខ្លាំង។
ទោះជាយ៉ាងណា អាជ្ញាធរឥណ្ឌូនេស៊ី នៅមិនទាន់បញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនៅឡើយ។ បច្ចុប្បន្ន មន្រ្ដីជំនាញឥណ្ឌូនេស៊ី កំពុងតែស៊ើបអង្កេត ទៅលើករណីនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










