រាជធានីបាងកក ៖ ស្របពេលសហរដ្ឋអាមេរិក កំពុងទទួលបានសញ្ញាវិជ្ជមាន អំពីការសាកល្បងថ្នាំលេបយ៉ាងពិសេស សម្រាប់ព្យាបាលកូវីដ-១៩ ភ្លាម អាជ្ញាធរថៃក៏ត្រៀមលក្ខណៈចរចា ដើម្បីនាំចូលឱសថ Molnupiravir ដែលត្រូវក្រុមអ្នកស្រាវជ្រាវ អះអាងថា ជាឱសថមានប្រសិទ្ធភាពខ្ពស់ អាចទប់ស្កាត់ប្រឆាំងនឹងកូវីដ-១៩បានយ៉ាងលឿនបំផុត។

សារព័ត៌មានថៃ The Nation Thailand បានផ្សាយ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា Molnupiravir ជាឱសថមួយប្រភេទ អាចប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងឆាប់រហ័ស។ បច្ចុប្បន្នឱសថនេះ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី២ និងទី៣ នៅសហរដ្ឋអាមេរិក។ លទ្ធផល នៃការសាកល្បងនេះ ត្រូវគេរំពឹងថា នឹងទទួលបានផលជាវិជ្ជមាន នៅចុងខែកញ្ញា នេះ។
លោក Somsak Ankasil ប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដ បានបញ្ជាក់ថា មន្រ្ដីសុខាភិបាលថៃ នឹងផ្ដល់ភ្លើងខៀវ សម្រាប់ការនាំចូល Molnupiravir ប្រសិនបើការសាកល្បងដំណាក់កាលទី៣ របស់ក្រុមហ៊ុនបង្កើតឱសថ Merck និងក្រុមហ៊ុន Ridgeback Therapeutics ទទួលបានជោគជ័យ។ ឥឡូវ ក្រសួងសុខាភិបាលថៃ កំពុងតែចរចាជាមួយនឹងក្រុមហ៊ុន Merck ដើម្បីទិញថ្នាំលេប Monupiravir នេះ។ ក្រៅពីនេះ ថៃក៏បានទាក់ទងជាមួយក្រុមហ៊ុន Pfizer សម្រាប់ការនាំចូលឱសថ Protease Inhibitor បន្ថែមទៀត។ ប្រសិនបើថ្នាំលេបទាំង២ប្រភេទនេះ ត្រូវបានទទួលស្គាល់ ដោយ រដ្ឋបាលចំណីអាហារ និង ឱសថ របស់សហរដ្ឋអាមេរិក (FDA) ក្រោយការសាកល្បងនោះ ថៃក៏នឹងទិញឱសថទាំងនេះ យកមកប្រើប្រាស់ ទប់ទល់នឹងការផ្ទុះឡើងវីរុសកូវីដ-១៩ នាពេលខាងមុខផងដែរ។

Molnupiravir ជាថ្នាំលេប ប្រឆាំងនឹងវីរុសដំបូង ត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ ការសាកល្បងឱសថ Molnupiravir នេះ ត្រូវបានគេរំពឹងទុកថា នឹងទទួលបានជោគជ័យ នៅចុងខែកញ្ញា នេះ ហើយសង្ឃឹមថា រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏អាចនឹងទទួលស្គាល់ នៅខែតុលា។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃ ក៏រំពឹងនឹងចុះបញ្ជីឱសថ Molnupiravir នៅក្នុងរដ្ឋបាលចំណីអាហារ និង ឱសថថៃ (FDA) នៅខែវិច្ឆិកា។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យនោះ Molnupiravir នឹងត្រូវប្រើជំនួសឱសថ Favipiravir វិញ។ ទោះជាយ៉ាងណា ឱសថទាំងពីរ សុទ្ធតែមានគុណសម្បត្ដិ អាចបញ្ឈប់មេរោគ ធ្វើសកម្មភាពបញ្ចៀតខ្លួន ចូលទៅក្នុងកោសិការបស់មនុស្ស។ ចំណែកអ្នកជំងឺ មានរោគសញ្ញាស្រាល នឹងត្រូវលេបឱសថ Molnupiravir នេះ ចំនួន៤០គ្រាប់ ដោយប្រើពេលវេលា ត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។
ក្រុមហ៊ុនឱសថ Merck មានទីស្នាក់ការកណ្ដាល នៅ Kenilworth, រដ្ឋ New Jersey សហរដ្ឋអាមេរិក។ ចំណែកក្រុមហ៊ុន Ridgeback Therapeutics មានទីស្នាក់ការកណ្ដាល នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក៕រក្សាសិទ្ធិដោយ៖សារាយSN












