Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ អនុញ្ញាតឲ្យនិស្សិតអាហ្វហ្គានីស្ថាន ចូលរៀនវិញ ក្រោមលក្ខខណ្ឌគួរឲ្យអស់សំណើច

រដ្ឋធានីកាប៊ូល ៖ រហូតមកដល់ពេលនេះ និស្សិតអាហ្វហ្គានីស្ថាន នៅតាមទីក្រុងធំៗ ត្រូវបានតាលីបង់ អនុញ្ញាតឲ្យចូលរៀនវិញហើយ ប៉ុន្ដែក្រុមភេរវករនេះ បានចេញបទបញ្ជាឲ្យខ័ណ្ឌបន្ទប់សិក្សា ដោយវាំងនន ចែកដាច់ពីគ្នា រវាងនិស្សិតស្រី និងប្រុស។

សារព័ត៌មាន Dawn បានផ្សាយ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ថា សិស្ស និងនិស្សិត នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានចាប់ផ្ដើមវិលត្រឡប់ទៅកាន់សាលារៀន ឬសាកលវិទ្យាល័យរបស់ពួកគេវិញហើយ។ ប៉ុន្ដែតាលីបង់ បានបញ្ជាឲ្យបន្ទប់សិក្សានីមួយៗ ត្រូវបែងចែកដាច់ពីគ្នា រវាងសិស្ស ឬនិស្សិតស្រី និងប្រុស ដោយខ័ណ្ឌនឹងវាំងនន នៅពាក់កណ្ដាលបន្ទប់។

បច្ចុប្បន្ន ប្រទេសមហាអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប កំពុងតែតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើសកម្មភាព ដែលកំពុងតែកើតឡើង នៅតាមសាកលវិទ្យាល័យ និង សាលារៀននានា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់តាលីបង់។ តាលីបង់ កំពុងតែអនុវត្ដទៅលើប្រព័ន្ធសិក្សា នៅក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។ នេះជាសញ្ញាមួយបង្ហាញ ពីអ្វីដែលជាសិទ្ធិរបស់ស្រ្ដី ត្រូវលោកខាងលិចចោទប្រកាន់ទៅលើតាលីបង់។

ប្រទេសលោកខាងលិច បានអះអាងថា ជំនួយ និងការទទួលស្គាល់ជាផ្លូវការ ចំពោះតាលីបង់ គឺអាស្រ័យទៅលើរបៀប ដែលពួកគេគ្រប់គ្រងប្រទេស រួមទាំងការគោរពសិទ្ធិក្មេងស្រី និងស្រ្ដី។

តាលីបង់ ធ្លាប់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១។ ប៉ុន្ដែក្រុមនេះបានអនុវត្ដច្បាប់អ៊ិស្លាមជ្រុលនិយម ហាមឃាត់ក្មេងស្រី មិនឲ្យចូលសាលារៀន ហើយនារីមិនអនុញ្ញាតឲ្យចូលរៀន នៅតាមសាកលវិទ្យាល័យ ឬមហាវិទ្យាល័យ នោះឡើយ។ លើសពីនេះទៅទៀត ស្រ្ដីមិនត្រូវបានអនុញ្ញាតឲ្យដើរទៅណាឆ្ងាយពីផ្ទះ ដោយមិនមានបុរសជាសាច់ញាតិទៅជាមួយនោះឡើយ។ ប្រសិនបើមានករណីក្មេងស្រី ឬស្រ្ដីណាម្នាក់ ប្រព្រឹត្ដល្មើសនឹងច្បាប់ ដែលរដ្ឋាភិបាលតាលីបង់ បានកំណត់នោះ អាជ្ញាធររបស់ពួកគេ ចាប់ស្រ្ដីនោះទៅធ្វើទារុណកម្ម ឬកប់នឹងដុំថ្ម រហូតដល់ស្លាប់ក៏មានដែរ។

របបគ្រប់គ្រងដ៏ឃោរឃៅរបស់តាលីបង់ នាពេលនោះ ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លើកទ័ពចូលលុកលុយ បណ្ដេញចេញពីអំណាច កាលពីឆ្នាំ២០០១ ក្រោយការចោទប្រកាន់ ពាក់ព័ន្ធនឹងការចាប់ជំរិតយន្ដហោះដឹកនាំអ្នកដំណើរ វាយប្រហារអគារភ្លោះ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ទោះជាយ៉ាងណា ក្រោយការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រួចមក មេដឹកនាំតាលីបង់ បានអះអាងពីការគោរពសិទ្ធិស្រ្ដី ដោយអនុលោមតាមច្បាប់អ៊ិស្លាម។ ប៉ុន្ដែករណីនេះ គេនៅមិនទាន់ច្បាស់ ពីអ្វីដែលតាលីបង់នឹងអនុវត្ដឡើយ។

ដោយឡែក សាស្រ្ដាចារ្យ និង និស្សិត នៅតាមសាកលវិទ្យាល័យ នៅក្នុងទីក្រុងធំៗ នៃប្រទេសអាហ្វហ្គានីស្ថាន រួមមាន រដ្ឋធានីកាប៊ូល, ទីក្រុងកាន់ដាហារ (Kandahar ជាទីក្រុងធំទី២) និង ទីក្រុង Herat (ទីក្រុងធំទី៣) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា សិស្ស និងនិស្សិត កាលពីថ្ងៃទី៦ ខែកញ្ញា បានចូលរៀនវិញហើយ។ ប៉ុន្ដែនិស្សិតប្រុស និងស្រី ត្រូវបានគេដាក់ដោយឡែកពីគ្នា នៅក្នុងបន្ទប់សិក្សា។ ចំណែការបង្រៀន ក៏ត្រូវធ្វើដាច់ពីគ្នា ឬរឹតបន្ដឹងទៅលើផ្នែកជាច្រើន នៃបរិវេណសាលារៀន។ សកម្មភាពបែបនេះ ហាក់បីដូចជារឿងរ៉ាវអតីតកាល កាលពី២០ឆ្នាំមុន កំពុងតែវិលត្រឡប់ មករកប្រទេសអាហ្វហ្គានីស្ថានវិញ៕
រក្សាសិទ្ធិដោយ៖សារាយSN

×