រដ្ឋធានីកាប៊ូល ៖ តាលីបង់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នមួយ នៅអាហ្វហ្គានីស្ថាន ដោយដាក់ឈ្មោះប្រទេសអាស៊ីកណ្ដាលនេះ ជា «Islamic Emirate» ហើយសមាសភាពគណៈរដ្ឋមន្រ្ដីថ្មី ទាំងនាយករដ្ឋមន្រ្ដី និង រដ្ឋមន្រ្ដីសំខាន់ៗមួយចំនួនទៀត សុទ្ធតែជាប់ឈ្មោះជាមេភេរវករ នៅក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ថា នៅទីបំផុត តាលីបង់ បានបង្កើតគណៈរដ្ឋមន្រ្ដីថ្មីមួយ នៅអាហ្វហ្គានីស្ថាន ហើយសុទ្ធតែជាបុរស។ មន្រ្ដីជាន់ខ្ពស់ នៅក្នុងជួរគណៈរដ្ឋមន្រ្ដីថ្មី នៅអាហ្វហ្គានីស្ថាន គឺជាមេដឹកនាំតាលីបង់ ដែលល្បីល្បាញ ខាងការវាយប្រហារទៅលើកងកម្លាំងរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។ ចំណែក គណៈរដ្ឋមន្រ្ដីថ្មីនេះ ដឹកនាំដោយលោក Mullah Mohammad Hassan Akhund ជាស្ថាបនិកម្នាក់ នៃចលនាតាលីបង់ ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ។
ក្រោយការផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះមក ទើបតែនៅថ្ងៃទី៧ ខែកញ្ញា តាលីបង់ បានសម្រេចបង្កើតរដ្ឋាភិបាលថ្មី នៅអាហ្វហ្គានីស្ថាន។ រីឯសមាសភាពអ្នកដឹកនាំ នៅក្នុងគណៈរដ្ឋមន្រ្ដីថ្មី នៅក្នុងប្រទេសអាស៊ីកណ្ដាល នាពេលនេះ រួមមាន៖

១-លោក Mullah Mohammad Hassan Akhund នាយករដ្ឋមន្រ្ដីស្ដីទីថ្មី ហើយគាត់ធ្លាប់ធ្វើជាអនុរដ្ឋមន្រ្ដីក្រសួងការបរទេស នៃរបបតាលីបង់ គ្រប់គ្រងអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១។
២-លោក Mullah Abdul Ghani Baradar ជាសហស្ថាបនិកតាលីបង់ តែងតាំងជាឧបនាយករដ្ឋមន្រ្ដីមួយរូប។ លោក Mullah Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់ និងត្រួតពិនិត្យលើការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីការដកកងទ័ពរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ។
៣- លោក Sirajuddin Haqqani រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃស្ដីទីថ្មី ។ លោក Sirajuddin Haqqani ជាមេដឹកនាំក្រុមជីវពល ត្រូវបានគេស្គាល់ថា ជាបណ្ដាញភេរវករ Haggani នៅពីក្រោយ នៃការវាយប្រហារសម្លាប់យ៉ាងរង្គាល នៅក្នុងសង្គ្រាម អស់រយៈពេល២ទសវត្សរ៍ នៅអាហ្វហ្គានីស្ថាន ដោយរួមទាំងការបំបំផ្ទុះគ្រាប់បែក លើរថយន្ដធំ នៅក្នុងទីក្រុងកាប៊ូល បានសម្លាប់មនុស្ស ជាង១៥០នាក់ កាលពីឆ្នាំ២០១៧។ គាត់ជាមេដឹកនាំកងជីវពល Haqqani ដ៏គួរឲ្យខ្លាច ហើយត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាមេដឹកនាំអង្គការភេរវករអន្ដរជាតិ។

៤-លោក Mullah Yaqoob កូនប្រុសរបស់ស្ថាបនិកតាលីបង់ និងជាមេដឹកនាំតាលីបង់ចុងក្រោយ លោក Mullah Omar ត្រូវបានតែងតាំងជារដ្ឋមន្រ្ដីស្ដីទីក្រសួងការពារជាតិ។
៥-លោក Amir Khan Muttaqi រដ្ឋមន្រ្ដីស្ដីទីក្រសួងការបរទេស ហើយក៏ជាមេដឹកនាំតាលីបង់ ដ៏សំខាន់មួយរួប ចូលរួមចរចាជាមួយនឹងសហរដ្ឋអាមេរិក ស្ដីអំពីការដកកងទ័ព។
បើតាមប្រភពព័ត៌មាន FBI បានឲ្យដឹងថា លោក Sirajuddin Haqqani រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃស្ដីទីថ្មី នៃប្រទេសអាហ្វហ្គានីស្ថាន នាពេលនេះ ជាមេបណ្ដាញ Haggani ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកជាអង្គការបណ្ដាញភេរវករអន្ដរជាតិ។ ក្រុមនេះនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការភេរវករអាល់កៃដា (Al-Qaeda)។ លោក Sirajuddin Haqqani ត្រូវបានគេសួរ អំពីករណីទាក់ទងនឹងការវាយប្រហារ កាលពីខែមករា ឆ្នាំ ២០០៨ ទៅលើសណ្ឋាគារមួយ នៅទីក្រុងកាប៊ុល … ដែលបានសម្លាប់មនុស្ស៦ នាក់ រួមទាំងពលរដ្ឋអាមេរិកម្នាក់ផងដែរ។

FBI បានបន្ថែមថា លោក Sirajuddin Haqqani ត្រូវបានគេគិតថា ជាអ្នកសម្របសម្រួល និងចូលរួម នៅក្នុងការវាយប្រហារឆ្លងដែន ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាហ្វហ្គានីស្ថាន។ បណ្ដេញភេរវករ Haqqani ក៏ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងការរៀបចំគម្រោង ប៉ុនប៉ងសម្លាប់លោក Hamid Karzai អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងឆ្នាំ២០០៨។ ក្រៅពីនេះ Haqqani ក៏បានវាយប្រហារទៅលើស្ថានទូតសហរដ្ឋអាមេរិក និង ជិតមូលដ្ឋានកងទ័ពណាតូ នៅក្នុងទីក្រុងកាប៊ូល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ដោយបានសម្លាប់មនុស្ស៨នាក់ ក្នុងនោះមានមន្រ្ដីប៉ូលិស៤នាក់ និងជនស៊ីវិល៤នាក់។
តាលីបង់ បានវាយដណ្ដើម កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ស្ទើរទាំងស្រុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយបានបណ្ដេញមេដឹកនាំជាប់ឆ្នោត កាលពីមុន លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ចេញពីអំណាច។ ក្រោយពេលដណ្ដើមកាន់កាប់អាហ្វហ្គានីស្ថានភ្លាម មេដឹកនាំតាលីបង់ បានបញ្ជាក់ថា ពួកគេចង់បង្កើតរដ្ឋាភិបាលចម្រុះ។ ប៉ុន្ដែផ្ទុយទៅវិញ គណៈរដ្ឋមន្រ្ដីទាំងអស់របស់តាលីបង់ ត្រូវបានប្រកាស កាលពីថ្ងៃទី៧ ខែកញ្ញា សុទ្ធតែបុរស ហើយក៏មិនមានស្រ្ដីណាម្នាក់ចូលរួមនោះដែរ។ រដ្ឋមន្រ្ដីទាំងអស់ ត្រូវបានណែនាំ ឲ្យអនុវត្ដច្បាប់អ៊ិស្លាម៕រក្សាសិទ្ធិដោយ៖សារាយSN













