Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋហ្គីនៀ សប្បាយចិត្តនឹងយោធា ធ្វើរដ្ឋប្រហាររឹបអូសអំណាចពីប្រធានាធិបតី

រដ្ឋធានីកូណាគ្រី ៖ ប្រជាពលរដ្ឋហ្គីនៀរ បានចេញមកតាមដងផ្លូវ រត់ទៅស្វាគមន៍ពួកយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់លោក អាល់ហ្វា កុនដេ (Alpha Conde) ចេញពីតំណែងប្រធានាធិបតីហ្គីនៀ។

សារព័ត៌មាន Al Jazeera បានផ្សាយ ថា ប្រធានាធិបតីហ្គីនៀ លោក Alpha Conde បានកាន់តំណែងកំពូលនេះ អស់រយៈពេលជាង១ទសវត្សរ៍កន្លងមកហើយ។ ប៉ុន្ដែលោកបានបាត់បង់ប្រជាប្រិយភាព ចាប់តាំងពីការស្វះស្វែង ចង់កាន់តំណែង នៅក្នុងអាណត្ដិទី៣ កាលពីឆ្លាំ២០២០កន្លងមក។ ចំណែកអំពើហិង្សា តែងតែកើតឡើង ជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ។

ពួកយោធាហ្គីនៀ បាននាំគ្នាធ្វើរដ្ឋប្រហារ ទម្លាក់លោក Alpha Conde ប្រធានាធិបតី ចេញពីតំណែង និងចាប់ខ្លួនគាត់ នាំចេញពីវិមានប្រធានាធិបតី ស្ថិតក្នុងរដ្ឋធានីកូណាគ្រី (Conakry) យកទៅឃុំខ្លួន ។ អំពើរដ្ឋប្រហារនេះ ក៏បានបង្កឲ្យមានការំបំផ្ទុះអាវុធដាក់គ្នា រវាងកងកម្លាំងការពារវិមានប្រធានាធិបតី និងពួកយោធាធ្វើរដ្ឋប្រហារ មុននឹងឈានដល់ការចាប់ខ្លួនប្រធានាធិបតី។

ពលរដ្ឋហ្គីនៀ រាប់ពាន់នាក់ បាននាំគ្នារត់តាមដងផ្លូវ ចេញមកអបអរ ចំពោះការធ្វើរដ្ឋប្រហារនេះ។ ចំណែកក្រុមអ្នកធ្វើរដ្ឋប្រហារ បានប្រកាស តាមបណ្ដាញទូរទស្សន៍ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋាភិបាល នឹងត្រូវរំលាយចោល។ ពួកយោធា បានប្រកាស ពីការតែងតាំងអភិបាលខេត្តនានា ជាមួយនឹងមេបញ្ជាការយោធា នៅតាមតំបន់។

ដោយឡែក ព្រំដែនហ្គីនៀ ត្រូវបានបិទ ហើយរដ្ឋធម្មនុញ្ញ នៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានលោកវរសេនីយ៍យោធា Mamadi Doumbouya ប្រកាសលែងយកជាការហើយ។ ចំណែការងារសម្រាប់កងទ័ព ត្រូវតែសង្គ្រោះប្រទេសនេះ។

ទោះជាយ៉ាងណា ក្រោយការធ្វើរដ្ឋប្រហារយោធា នៅហ្គីនៀនេះ ក៏មានមេដឹកនាំ នៃបណ្ដាប្រទេសជាច្រើនថ្កោលទោស ហើយជំរុញឲ្យមានការដោះលែងប្រធានាធិបតី Alpha Conde ជាបន្ទាន់ផងដែរ៕រក្សាសិទ្ធិដោយ៖សារាយSN

×