អាល្លឺម៉ង់បានស្តីបន្ទោសទៅកាន់ប្រទេសរុស្ស៊ី ចំពោះការវាយប្រហារតាមអ៊ីនធឺណិតទៅលើអ្នកនយោបាយ ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកលរបស់ខ្លួន។ ទីក្រុងប៊ែរឡាំងបាននិយាយថា ខ្លួនមានព័ត៌មានគួរឱ្យទុកចិត្ត ដែលសេវាកម្មស៊ើបការណ៍យោធា GRU របស់រុស្ស៊ីនៅពីក្រោយការវាយប្រហារនេះ។

ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយថាពួក Hacker បានព្យាយាមលួចយកលេខសម្ងាត់ អ៊ីមែលពីសមាជិកសភានៅ ក្នុងរូបភាពដែលអាចជាការប៉ុនប៉ង ជ្រៀតជ្រែកដល់ការបោះឆ្នោតរបស់អាល្លឺម៉ង់។
ចំណែកអ្នកវិភាគឯណោះវិញ ខ្លាចថាព័ត៌មានលម្អិតដែលបានលួច អាចត្រូវបានប្រើដើម្បីបំភ័ន្តអ្នកបោះឆ្នោត តាមរយៈការផ្សាយសារក្លែងក្លាយ ពីគណនីរបស់អ្នកនយោបាយណាមួយ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Andrea Sasse បាននិយាយថា ទីក្រុងប៊ែរឡាំង ចាត់ទុកសកម្មភាពដែលមិនអាច ទទួលយកបាននេះថា គឺជារឿងគ្រោះថ្នាក់ដល់ សន្តិសុខរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
លោកស្រីបាននិយាយថា៖ «ការវាយប្រហារទាំងនេះអាចជាការរៀបចំ សម្រាប់ប្រតិបត្តិការដែលមានឥទ្ធិពល ដូចជាយុទ្ធនាការផ្តល់ព័ត៌មាន មិនពិតទាក់ទងនឹងការបោះឆ្នោត» ។
លោកស្រីសាសសេបានពិពណ៌នាការវាយប្រហារនេះថាជា ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរលើទំនាក់ទំនងទ្វេភាគី។លោកស្រីបានបន្ថែមទៀតថា មន្រ្តីអាល្លឺម៉ង់បានទាមទារ ឱ្យទីក្រុងមូស្គូបញ្ចប់វានៅពេលនេះ។
លោកស្រីបាននិយាយថា អាល្លឺម៉ង់សូមរក្សាសិទ្ធិក្នុងការចាត់ វិធានការបន្ថែមទៀត។ ហើយលោកស្រីបញ្ជាក់ថា រុស្ស៊ីស្ថិតនៅក្រោមទណ្ឌកម្ម របស់សហភាពអឺរ៉ុប បន្ទាប់ពីមានជម្លោះ ជាបន្តបន្ទាប់រវាងទីក្រុងម៉ូស្គូនិងប្រទេសលោកខាងលិច។

ការវាយប្រហារតាមអ៊ីនធឺណេត នៅអាឡឺម៉ង់ត្រូវបានគេសន្មតថា ជាយុទ្ធនាការលួចដែលត្រូវបានគេស្គាល់ថា Ghostwriter ដែលត្រូវបានផ្សារភ្ជាប់ទៅ នឹងកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានៅកន្លែងផ្សេងទៀត។ ការបោះឆ្នោតអាល្លឺម៉ង់នៅថ្ងៃទី ២៦ ខែកញ្ញា គឺជាការបោះឆ្នោតលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ ដែលលោកស្រីអេនជេឡាមឺកែលមិនស្វែងរកបេក្ខភាពអធិការបតី។
គួររំលឹកថា ការវាយប្រហារកាលពីមុន នៅក្នុងការបោះឆ្នោតជាលក្ខណៈថ្នាក់តំបន់បានបង្ហាញថា រុស្ស៊ីមានមធ្យោបាយនិងឆន្ទៈ ក្នុងការផ្តោតលើអ្នកនយោបាយអាល្លឺម៉ង់ ៕
ប្រភព៖ The National News
រក្សាសិទ្ធិដោយ ៖ CEN



