Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ទង់មតិថ្មី ៖ ដូណាល់ ត្រាំ នឹងដណ្ដើមតំណែងជាម្ចាស់សេតវិមាន ពី ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០២៤

រដ្ឋធានីវ៉ាស៊ីនតោន ៖ បើតាមការស្ទង់មតិមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងឈ្នះលោក ចូ បៃដិន ក្លាយជាម្ចាស់សេតវិមាន នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២៤ខាងមុខ។

សារព័ត៌មាន Newsweek បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងឈ្នះលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០២៤ខាងមុខនេះ។ ការលើកឡើងបែបនេះ ដោយផ្អែកទៅលើការស្ទង់មតិមួយ បានធ្វើឡើង កាលពីពេលថ្មីៗនេះ។

មហាវិទ្យាល័យអេមឺរសុន (Emerson) បានស្ទង់មតិថ្នាក់ជាតិមួយ ហើយលទ្ធផល បានរកឃើញថា ប្រសិនបើឥស្សរជនកំពូល របស់សហរដ្ឋអាមេរិកទាំងពីររូបនេះ ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត នាឆ្នាំ២០២៤ខាងមុខ លោក ដូណាល់ ត្រាំ នឹងឈ្នះលោក ចូ បៃដិន ប្រធានាធិបតីបច្ចុប្បន្ន។ ការស្ទង់មតិនោះ បានបង្ហាញថា លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រ ចំនួន៤៧ភាគរយ ខណៈលោក ចូ បៃដិន ទទួលបាន៤៦ភាគរយ។ នៅក្នុងចំណោមពលរដ្ឋទាំងអស់ ដែលត្រូវបានស្ទង់មតិ គឺ៧ភាគរយ នៅមិនទាន់បានសម្រេចចិត្តនៅឡើយ។

ការស្ទង់មតិដដែល បានបន្ដថា ក្នុងចំណោមអ្នកប្រជាធិបតេយ្យ ចំនួន៦០ភាគ បាននិយាយថា ពួកគេនឹងឃើញលោក បៃ ដិន ជាបេក្ខជនប្រធានាធិបតីនាឆ្នាំ២០២៤ ខណៈ ៣៩ ភាគរយនិយាយថា ពួកគេចង់បានអ្នកផ្សេងដឹកនាំ។ ដោយឡែក ការស្ទង់មតិទៅលើអ្នកគាំទ្រគណបក្សសាធារណរដ្ឋ គឺ៦៧ភាគ និយាយថា ពួកគេនឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន កំពុងតែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ជុំវិញការសម្រេចចិត្ត ដកកងទ័ពសហរដ្ឋអាមេរិកទាំងស្រុង ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ហាក់បីដូចជាការផ្ដល់ឱកាសមាសដល់តាលីបង់ វាយសង្គ្រប់ ដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គនីស្ថានទាំងមូល។ ក្រោយការផ្តួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani បានជំរុញឲ្យមានការចលាចល នៅក្នុងការជម្លៀស តាមផ្លូវអាកាសយ៉ាងលំបាក និងឈឺចាប់បំផុត។

សហរដ្ឋអាមេរិក បានចំណាយថវិកាជាតិដ៏ច្រើនលើសលុប ហើយបាត់បង់ជីវិតកងទ័ព និងពលរដ្ឋអស់រាប់ម៉ឺននាក់។ ប៉ុន្ដែលទ្ធផល ដែលសហរដ្ឋអាមេរិកទទួលបានត្រឡប់មកវិញ មានតែសូន្យ។ ចំណែកក្រុមភេរវករ ក៏វិលត្រឡប់ មកគ្រប់គ្រងប្រទេសដ៏កម្សត់មួយនេះឡើងវិញ ហើយពលរដ្ឋអាហ្វហ្គានីស្ថាន រស់នៅក្នុងស្ថានភាពភ័យខ្លាច និង ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។

ការសម្រេចចិត្តរបស់ប្រធានាធិបតី ចូ បៃដិន បែបនេះ បានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើន មិនសប្បាយចិត្ត ព្រោះសហរដ្ឋអាមេរិក បានចំណាយថវិកាជាតិ រាប់ពាន់លានដុល្លារ ដើម្បីធ្វើសង្គ្រាម បណ្ដេញរបបគ្រប់គ្រង នៅអាហ្វហ្គានីស្ថាន ដែលគាំទ្រ អំពើភេរវកម្ម រហូតនាំឲ្យមានការវាយប្រហារទៅលើអគារភ្លោះ នៃមន្ទីរពាណិជ្ជកម្មពិភពលោក នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ពលរដ្ឋសហរដ្ឋអាមេរិក ភាគច្រើន មិនពេញចិត្ត ព្រោះសហរដ្ឋអាមេរិក បានបាត់បង់ទាំងផលប្រយោជន៍ ខាតបង់ទាំងថវិកាជាតិរបស់ខ្លួន និងរងនូវការរិះគន់ពីអន្ដរជាតិបន្ថែមទៀត៕រក្សាសិទ្ធិដោយ៖សារាយSN

×