Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំតាលីបង់ និងចលនាតស៊ូ NRF អះអាងរៀងៗខ្លួន ពីការត្រួតត្រានៅតំបន់ជ្រលងភ្នំផេនសៀរ

រដ្ឋធានីកាប៊ូល ៖ ស្ថានការណ៍សង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាន និងកំពុងតែវិវឌ្ឍទៅយ៉ាងលឿន ហើយរហូតមកដល់ពេលនេះ ទាំងតាលីបង់ និងក្រុមចលនាស៊ូ NRF តែងតែប្រកាសរៀងៗខ្លួន ពីការគ្រប់គ្រង នៅតំបន់ជ្រលងភ្នំខេត្តផេនសៀរ។

បើតាមសារព័ត៌មាន BBC បានផ្សាយ នៅព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ថា ពួកតាលីបង់បានប្រកាសថា ពួកគេទទួលបានជ័យជម្នះ នៅលើខេត្តផេនសៀរ (Panjshir) ស្ថិតនៅភាគឦសាន នៃរដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។ ដែនដីចុងក្រោយ នៃតំបន់យុទ្ធសាស្រ្ដដ៏រឹងមាំរបស់ចលនាតស៊ូ NRF បានធ្លាក់ចូលមក ក្រោមការគ្រប់គ្រងរបស់តាលីបង់ជាស្ថាពរហើយ។ តាលីបង់ ក៏បានបង្ហោះឃ្លីបវីដេអូ នៅតាមអនឡាញ ពីក្រុមប្រយុទ្ធរបស់ខ្លួន កំពុងបង្ហូតទង់ជាតិរបស់តាលីបង់ នៅតំបន់ផេនសៀរ កាលពីថ្ងៃទី៦ ខែកញ្ញា ថែមទៀតផង ។

ដោយឡែក ក្រុមចលនាតស៊ូ NRF បានបញ្ជាក់ថា ក្រុមប្រយុទ្ធរបស់ NRF នៅតែមានវត្ដមាន គ្រប់គ្រងទីតាំងយុទ្ធសាស្រ្ដទាំងអស់របស់ពួកគេដដែល។ រីឯចលនាតស៊ូ NRF នៅតែបន្ដប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងតាលីបង់ ដើម្បីការពារទីតាំងចុងក្រោយរបស់ពួកគេបន្ដទៀត។

ជាមួយគ្នានេះ លោក Ahmad Massoud មេដឹកនាំចលនា NRF បានអំពាវនាវជាសារសំឡេងដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ឲ្យងើបឈរឡើង ប្រឆាំងនឹងតាលីបង់ ដើម្បីសេរីភាពរបស់អាហ្វហ្គានីស្ថាន។ ជាមួយគ្នានេះ លោក Ahmad Massoud បានស្ដីបន្ទោសដល់សហគមន៍អន្ដរជាតិ ចំពោះការទទួលស្គាល់លក្ខណៈស្របច្បាប់ ហើយផ្ដល់ទំនុកចិត្តទាំងយោធា និងនយោបាយដល់តាលីបង់។ ក្រៅពីនេះ ចលនាតស៊ូ NRF ក៏បានចោទប្រកាន់ដល់ប៉ាគីស្ថាន ផ្ដល់ជំនួយគាំទ្រតាមផ្លូវអាកាស ដើម្បីវាយប្រហារមកឡើងចលនាតស៊ូ នៅខេត្តផេនសៀរផងដែរ។

ខេត្តផេនសៀរ ជាតំបន់ជ្រលងភ្នំក្រាស់ ហើយមានពលរដ្ឋរស់នៅចន្លោះពី១៥០ ០០០-២០០ ០០០នាក់។ តំបន់នោះជាមូលដ្ឋានចលនាតស៊ូ នៅពេលអាហ្វហ្គានីស្ថាន ធ្លាក់ក្រោមការគ្រប់គ្រងរបស់សូវៀត កាលពីអំឡុងទសវត្សរ៍១៩៨០ ហើយនិងអំឡុងពេលតាលីបង់កាន់កាប់អំណាច ចន្លោះពីឆ្នាំ១៩៩៦-២០០១ មុនពេលសហរដ្ឋអាមេរិក បណ្ដេញចេញពីអំណាច៕រក្សាសិទ្ធិដោយ៖សារាយSN

×