Sunday, December 5, 2021

ក្រុមមន្ត្រីសាធារណការ ចុះត្រួតពិនិត្យឃាត់រថយន្ដដឹកលើសទម្ងន់ រក្សាទុក១ឆ្នាំ ដោយគ្មានការលើកលែង

ភ្នំពេញ ៖ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា ដោយអនុវត្តតាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោនោះក្រុមការងារ បានសហកាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃ្លាំមើលយានយន្តកែច្នៃ ខុសបច្ចេកទេស និងលើសទំងន់កម្រិតកំណត់នៅតាមដងផ្លូវទាំងអស់ ក្នុងភូមិសាស្ត្រខេត្តរតនគិរី, ជាក់ស្តែង នៅយប់ថ្ងៃទី៤ និងទី៥ ខែកញ្ញា នេះ បានស្ទាក់រថយន្តធុនធ្ងន់ចំនួន៥គ្រឿង ដឹកខ្សាច់លើកំណាត់ផ្លូវជាតិលេខ៧៦ ក្បែរគល់ស្ពានស្រុកលំផាត់ ក្នុងទិសដៅ ទៅខេត្តមណ្ឌលគិរី។

ពេលនេះ រថយន្ដដឹកលើសទម្ងន់កំណត់ចំនួន៥គ្រឿង ត្រូវបានក្រុមការងារចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចឃាត់ទុកមួយឆ្នាំដោយសារដឹកលើទម្ងន់លើកំណាត់ផ្លូវជាតិលេខ៧៦ ក្បែរគល់ស្ពានស្រុកលំផាត់ ខេត្តរតនគិរី ក្នុងទិសដៅទៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងមានការសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

លោក សេង ឈួន បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, មន្ត្រីជំនាញនឹងចុះត្រួតពិនិត្យចំពោះរថយន្តទាំងឡាយណា ដែលដឹកលើសទម្ងន់ដោយគ្មានការលើកលែងនោះទេ ពោលគឺធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់កំណត់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN