បរទេស ៖ ក្រោយពេលកើតមានជម្លោះនឹងគា្ន បានអូសបន្លាយ អស់រយៈពេលជាច្រើនខែកន្លងមក តែនៅទីបំផុត សភាពភាពអឺរ៉ុប និងក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចក្រភពអង់គ្លេស-ស៊ុយអែត AstraZeneca បានព្រមព្រៀងគ្នាបញ្ចប់ជម្លោះ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ មិនគ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់ដល់គម្រោងចាក់វ៉ាក់សាំងកាលពីដើមឆ្នាំ២០២១ នៅសហភាពអឺរ៉ុប។

សារព័ត៌មាន BBC បានផ្សាយ ថា នៅទីបំផុត ក្រុមហ៊ុន AstraZeneca បានព្រមព្រៀង បញ្ចេញវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួន ចំនួន ២០០លានដូស។ បើតាមកិច្ចព្រមព្រៀងនេះ គឺធ្វើឡើង តាមការសន្យា ក្រោមកុងត្រាមួយ សម្រាប់ផ្ដល់វ៉ាក់សាំង ដល់សហភាពអឺរ៉ុប នៅចុងខែមីនា ឆ្នាំ២០២២។
សហភាពអឺរ៉ុប បានបញ្ជាក់ថា មនុស្សពេញវ័យ ចំនួន៧០ភាគរយ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន២ដូស។ ក្រុមហ៊ុន AstraZeneca កាលពីដើមឆ្នាំនេះ បានធ្វើឱ្យមន្រ្តីគណៈកម្មការអឺរ៉ុប ខឹងសម្បាយ៉ាងខ្លាំង។ ករណីនេះបានកើតឡើង ដោយសារតែក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនអាចផ្តល់វ៉ាក់សាំងដល់សហភាពអឺរ៉ុប ត្រឹមតែមួយភាគបី នៃកម្រិតដែលបានព្រមព្រៀងគ្នា ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ ២០២១។ ដោយសារតែក្រុមហ៊ុនវ៉ាក់សាំង AstraZeneca និយាយបែបនេះ ទើបធ្វើឲ្យមានជម្លោះនេះកើតឡើង ហើយទើបតែថ្មីៗនេះ ភាគីទាំង២បានឈានដល់ការព្រមព្រៀងនឹងគ្នាឡើងវិញ ដើម្បីបញ្ចប់ជម្លោះ៕រក្សាសិទ្ធិដោយ៖សារាយSN







