Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចលនាតស៊ូនៅខេត្តផេនសៀរ កាច់បំបាក់ការប៉ុនប៉ងរបស់តាលីបង់ ចាប់ខ្លួន និងកម្ទេចរាប់ពាន់នាក់

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលវាយដណ្ដើមកាន់កាប់បានទាំងស្រុងនូវខេត្តចំនួ៣៣រួចមក តាលីបង់បានវាយសង្គ្រប់ ដណ្ដើមកាន់កាប់ខេត្ដផេនសៀរ ដែលជាខេត្តតែមួយចុងក្រោយ ដើម្បី យកមកគ្រប់គ្រងបន្ដទៀត តែត្រូវបានក្រុមចលនាតស៊ូអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយលោក Ahmad Massoud និងអតីតអនុប្រធានាធិបតី លោក Amrullah Saleh កាច់បំបាក់ ដោយចាប់ខ្លួន និងសម្លាប់ រាប់ពាន់នាក់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តាលីបង់់បានបញ្ជូនកម្លាំងអ្នកប្រយុទ្ធរបស់ខ្លួន ប្រហែល៨០០០នាក់ ទៅឡោមព័ទ្ធមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ចលនាតស៊ូរ នៃប្រទេសអាហ្វហ្គានីស្ថាន ដែលមានឈ្មោះ រណសិរ្សតស៊ូជាតិ ហៅកាត់ «NRF» ។ ប៉ុន្ដែក្រោយការចរចាជាមួយនឹងលោក Ahmad Massoud មេដឹកនាំ NRF មិនបានសម្រេច ដូចគោលបំណងចង់របស់ខ្លួន តាលីបង់បានសង្រ្គប់វាយប្រហារដណ្ដើមកាន់កាប់តំបន់ជ្រលងភ្នំនោះ។ នៅទីបំផុត ក្រុមចលនាតស៊ូ នៅក្នុងខេត្តផេនសៀរ បានវាយបក តបតវិញយ៉ាងខ្លាំង ហើយឡោមព័ទ្ធចាប់ខ្លួន និងកម្ទេចកម្លាំងតាលីបង់ រាប់ពាន់នាក់។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ថា តាលីបង់ និង ក្រុមចលនាតស៊ូ NRF បានបន្ដវាយប្រហារគ្នាយ៉ាងខ្លាំង ដើម្បីដណ្ដើមគ្រប់គ្រង និងការពារតំបន់ជ្រលងភ្នំខេត្តផេនសៀរ នាភាគខាងជើង រដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមអ្នកប្រយុទ្ធ នៃចលានតស៊ូ NRF បានអះអាងថា ពួកគេបានចាប់ខ្លួនកងទ័ពតាលីបង់រាប់រយនាក់។

រណសិរ្សតស៊ូជាតិ ហៅកាត់ NRF នៃប្រទេសអាហ្វហ្គានីស្ថាន ដែលជាក្រុមមានភក្ដីភាពជាមួយនឹងមេដឹកនាំក្នុងតំបន់ គឺលោក Ahmad Massoud បានអះអាង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ថា NRF បានឡោមព័ទ្ធក្រុមភេរវករតាលីបង់ រាប់ពាន់នាក់ នៅច្រកចូលស្រុក Khawak ។ តាលីបង់បានបោះបង់យានយន្ដ ធ្វើសឹកសង្គ្រាមរាប់សិបគ្រឿង និងសម្ភារសឹកជាច្រើនទៀត នៅក្នុងតំបន់ Dashte Rewak ។

បើតាមលោក Charles Stratford អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera នៅទីក្រុងកាប៊ូល បានទទួលព័ត៌មានមកពីប្រភពជាច្រើន បានបញ្ជាក់ថា យុទ្ធជនតាលីបង់ រាប់រាយនាក់ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានក្រុមចលនាតស៊ូ NRF ចាប់ធ្វើជាឈ្លើយសឹក។ បើតាមប្រភព័ត៌មានជាច្រើនទៀត ពីតំបន់ជ្រលងភ្នំផេនសៀរ បានអះអាងថា ចលនាតស៊ូ បានចាប់ខ្លួនកងកម្លាំងតាលីបង់ ប្រហែល១ ៥០០នាក់។

លោក Fahim Dashti អ្នកនាំពាក្យចលនាតស៊ូអាហ្វហ្គានីស្ថាន ហៅកាត់ NRF បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរថា កងកម្លាំងតាលីបង់ បានបោះបង់ចោលការគ្រប់គ្រងស្រុក Paryan ទាំងស្រុង។ ជាមួយគ្នានេះដែរ ក្រុមអ្នកប្រយុទ្ធតាលីបង់ ជិត ១ ០០០នាក់ ត្រូវបានសម្លាប់ ហើយខ្លះរងរបួស និងចាប់ខ្លួន នៅត្រង់ផ្លូវ ចេញពីស្រុក Paryan ដោយសារ NRF បានវាយសន្ធប់បិទផ្លូវចេញ។

ទោះជាយ៉ាងណា លោក Bilal Karimi អ្នកនាំពាក្យតាលីបង់ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ កាលពីថ្ងៃទី៥ ខែកញ្ញា ថា កងកម្លាំងតាលីបង់ បានរឹបអូសស្រុកចំនួន៥ នៃខេត្តផេនសៀរ។ ប៉ុន្ដែការអះអាងរបស់អ្នកនាំពាក្យតាលីបង់ ត្រូវបានគេមិនទុកចិត្តឡើយ។

ជ្រលងភ្នំខេត្តផេនសៀរនេះ មានរបាំងធម្មជាតិដ៏រឹងមាំ ក្លាយជាមូលដ្ឋានអំណោយផលដ៏ល្អ សម្រាប់ក្រុមចលនាតស៊ូ។ កាលពីអំឡុងទសវត្សរ៍១៩៨០ កងទ័ពសហភាពសូវៀត ធ្លាប់ចូលវាយលុកទៅលើចលនាតស៊ូ នៅជ្រលងភ្នំនេះដែរ តែទទួលនូវការបរាជ័យយ៉ាងដំណំ។ លុះចូលមកដល់សម័យកាល តាលីបង់ គ្រប់គ្រងអំណាច ចន្លោះពីឆ្នាំ១៩៩៦-២០០១ ក៏លើកកងទ័ពទៅវាយកម្ទេចចលនាតស៊ូនៅតំបន់នោះបន្ដទៀត ក៏សុទ្ធតែទទួលរងការបរាជ័យយ៉ាងដំណំ។ បច្ចុប្បន្ន រណសិរ្សតស៊ូជាតិ NRF ដឹកនាំដោយលោក Ahmad Massoud បានយកតំបន់នេះ ជាមូលដ្ឋានតស៊ូប្រឆាំងនឹងតាលីបង់ ក្រោយការដួលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ៕ រក្សាសិទ្ធិដោយ៖ សារាយSN

×