រដ្ឋធានីកាប៊ូល ៖ ពួកជីវពលតាលីបង់ បានយកកាំភ្លើង វាយក្បាលក្រុមស្រ្ដីអាហ្វហ្គានីស្ថាន ដែលនាំគ្នាធ្វើបាតុកម្មតវ៉ា ទាមទារសិទ្ធិរបស់ស្រ្ដី នៅក្នុងទីក្រុងកាប៊ូល ដើម្បីបំបែកហ្វូងបាតុកម្ម បណ្ដាលឲ្យអ្នកខ្លះបែកឈាម ប៉ុន្ដែទោះជាយ៉ាងណា លោក Ahmad Massoud មេដឹកនាំចលនាតស៊ូ នៅខេត្តផេនសៀរ នៅតែកោតសរសើរ ចំពោះសេចក្ដីអង់អាចក្លាហានរបស់ស្រ្ដីអាហ្វហ្គានីស្ថាន ដែលហ៊ានចេញមុខតវ៉ាទាមទារសិទ្ធិរបស់ពួកគេ។

សារព័ត៌មាន BBC កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានចេញផ្សាយថា ក្រុមអ្នកតវ៉ាជាស្ដ្រីអាហ្វហ្គានីស្ថាន រាប់សិបនាក់ បានធ្វើបាតុកម្ម ទាមទារសិទ្ធិរបស់ស្រ្ដីរបស់ពួកគេ។ ការធ្វើបាតុកម្មរបស់ក្រុមស្ដ្រីអាហ្វហ្គានីស្ថាន នាពេលនេះ បានកើតឡើង ក្រោយពេលក្រុមឧទ្ទាមតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានធិបតីអាហ្វហ្គានីស្ថាន។ ដោយឡែក ក្រុមតាលីបង់ បានយកកាំភ្លើងវាយក្បាលស្រ្ដីអាហ្វហ្គានីស្ថាន ដើម្បីបំបែកហ្វូងបាតុកម្ម ខណៈពួកគេធ្វើដំណើរតម្រង់ទិសដៅឆ្ពោះទៅកាន់វិមានរបស់ប្រធានាធិបតី នៅក្នុងទីក្រុងកាប៊ូល។
ស្រ្ដីអាហ្វហ្គានីស្ថាន ដែលចូលរួមធ្វើបាតុកម្មនោះ បានអះអាងថា តាលីបង់បានកំណត់គោលដៅទៅលើក្រុមបាតុករជាស្រ្ដី។ ពួកតាលីបង់បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកលាយម្រេចទៅលើក្រុមបាតុករ ដែលកំពុងព្យាយាម ដើរឆ្លងកាត់ស្ពាន ឆ្ពោះទៅកាន់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យស្រ្ដីមួយចំនួនរងរបួសក្បាល ដោយមានហូរឈាមថែមទៀតផង។

សារព័ត៌មានអាហ្វហ្គានីស្ថាន Tolo News បានផ្សាយថា តាលីបង់ នៅតែរក្សា មិនឲ្យមានអ្នកតវ៉ាប្រឆាំងតវ៉ា បើទោះជាមេដឹកនាំតាលីបង់ បានសន្យា ក្រោយពេលទទួលបានជ័យជម្នះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ថា តាលីបង់ នឹងគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិរបស់ស្រ្ដី។ ស្រ្ដីអាហ្វហ្គានីស្ថាន បានបង្កើនការតវ៉ាជាច្រើនលើក នៅក្នុងរដ្ឋធានីកាប៊ូល និងទីក្រុង Herat ដែលជាទីក្រុងធំទី៣របស់ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមស្រ្ដីបានបន្ដតវ៉ាទាមទារសិទ្ធិធ្វើការ ហើយរួមទាំងការងារ នៅក្នុងរដ្ឋាភិបាលផងដែរ។
ដោយឡែកមេដឹកតាលីបង់ បានបញ្ជាក់ថា ពួកគេនឹងប្រកាស ពីការបង្កើតរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់តាលីបង់ ក្នុងពេលដ៏ឆាប់ៗខាងមុនេះ។ ស្រ្ដីអាចចូលធ្វើការ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ។ ប៉ុន្ដែស្រ្ដីមិនអាចមានសិទ្ធិកាន់តំណែងណាមួយ ដែលមានឋានៈជារដ្ឋមន្រ្ដី នៅក្នុងរដ្ឋាភិបាលតាលីបង់បានឡើយ។

រហូតមកដល់ពេលនេះ ស្រ្ដីអាហ្វហ្គានីស្ថាន នៅតែភ័យខ្លាច ចំពោះការកាន់អំណាចសាជាថ្មីរបស់តាលីបង់ ព្រោះពួកនេះធ្លាប់កាន់អំណាច ចន្លោះពីឆ្នាំ១៩៩៦-២០០១កន្លងមកហើយ ដោយចូលចិត្តប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅព្រៃផ្សៃទៅលើស្រ្ដី។ ស្រ្ដីអាហ្វហ្គានីស្ថាន ត្រូវបង្ខំឲ្យស្លៀកសម្លៀក បំពាក់បិទបាំងមុខជិត។ ចំណែការធ្វើដំណើរចេញទៅណាឆ្ងាយ ត្រូវតែមានសាច់ញាតិជាបុរសទៅជាមួយ។ ផ្ទុយទៅវិញ ប្រសិនបើមានករណីប្រព្រឹត្ដខុសនឹងបទប្បញ្ញត្ដិរបស់ពួកគែ អាជ្ញាធរតាលីបង់ នាពេលនោះ បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើស្រ្ដីណា ដែលល្មើសនឹងច្បាប់របស់ពួកគេ។
លោក Ahmad Massoud ជាមេដឹកនាំចលនារណសិរ្សតស៊ូជាតិ ហៅកាត់ « NRF» បានកោតសរសើរដល់សេចក្ដីអង់អាចក្លាហានរបស់ស្រ្ដីអាហ្វហ្គានីស្ថាន នៅក្នុងទីក្រុង Herat ដែលជាទីក្រុងធំទី៣របស់អាហ្វហ្គានីស្ថាន និង រដ្ឋធានីកាប៊ូល។ ប្រធាន NRF បានបញ្ជាក់ថា ចលនាតស៊ូ នៅផេនសៀរ បាន និងកំពុងបន្ដតស៊ូប្រឆាំងនឹងតាលីបង់ ដើម្បីសេរីភាពអាហ្វហ្គានីស្ថាន។

លោក Azita Nazimi ជាអ្នកសារព័ត៌មាន បានប្រាប់ដល់ Tolo News ថា «ក្រោយសហរដ្ឋអាមេរិកបានផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ អស់រយៈពេល២០ឆ្នាំកន្លងមក នៅទីបំផុត ក្រុមភេរវករនេះ បានវិលត្រឡប់ មកគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន សាជាថ្មីវិញ។ តាលីបង់ បានរារាំងយើង មិនឲ្យទៅសាលារៀន។
អ្នកស្រី សូរ៉ាយ៉ា ជាអ្នកតវ៉ាម្នាក់ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «តាលីបង់ បានយកកាំភ្លើង វាយទៅលើក្បាលរបស់ក្រុមស្រ្ដីជាអ្នកតវ៉ា។ ចំណែកស្រ្ដីជាច្រើន បានរងរបួសក្បាល ដោយបណ្ដាលឲ្យបែកក្បាលឈាម ដោយសារអំពើហិង្សារបស់តាលីបង់៕រក្សាសិទ្ធិដោយ ៖ សារាយSN











