Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងជើង អំពាវនាវ​ឲ្យ​មាន​វិធានការ​បន្ទាន់ ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​

រដ្ឋធានី​ព្យុងយ៉ាង​៖ ក្រោយពេល​ទទួលរង​គ្រោះ​ផ្ទួនៗ​ពី​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ដ៏​អាក្រក់ កាលពី​ឆ្លង​កន្លងទៅ ហើយ​នៅ​ឆ្នាំនេះ ប្រឈម​នឹង​គ្រោះរាំងស្ងួត និង​ទឹកជំនន់​ដ៏​ខ្លាំងក្លា បំផ្លិចបំផ្លាញ​យ៉ាងខ្លាំង​ដល់​វិស័យ​កសិកម្ម​របស់​ប្រទេស​កូរ៉េខាងជើង ជា​បន្ដបន្ទាប់​រហូតមក លោក គីម ចុង​អ៊ុន បាន​អំពាវនាវ​ដល់​មន្ដ្រី​រប​ស់​ខ្លួន ត្រូវតែ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ស្បៀងអាហារ និង គ្រោះមហន្ដរាយ ពី​ការប្រែប្រួល​អាកាសធាតុ​។​

​សារព័ត៌មាន BBC បាន​ផ្សាយ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ ថា លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​អំពាវនាវ​ដល់​មន្ដ្រី​រប​ស់​ខ្លួន ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហា​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ដល់​ប្រជាជន និង គ្រោះមហន្ដរាយ ពី​ការប្រែប្រួល​អាកាសធាតុ​។​

​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​បញ្ជាក់ថា វិធានការ​នានា ដើម្បី​យកជ័យ​ជម្នះ​លើ​ការប្រែប្រួល​អាកាសធាតុ ជា​តម្រូវ​ការចាំបាច់​។ ជាមួយគ្នានេះ លោក គីម បានស្នើ​ដល់​មន្ដ្រី​កូរ៉េខាងជើង​ទាំងអស់ ត្រូវតែ​តាមដាន អំពី​គ្រោះ​រាំង​ស្ងួន និង គ្រោះទឹកជំនន់​។ លោក គីម បាន​ថ្លែង​សុន្ទរកថា​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ដឹកនាំ​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​។​

​ព្យុះ​ទី​ហ្វុ​ង កាលពី​ឆ្នាំ​កន្លងទៅ បាន​វាយប្រហារ​យ៉ាងខ្លាំង ដល់​ប្រទេស​កូរ៉េខាងជើង បណ្ដាល​ឲ្យ​ខូចខាត​ដល់​វិស័យ​កសិកម្ម​យ៉ាងដំណំ នៅក្នុង​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ​។ ក្រោយពេល​គ្រោះធម្មជាតិ​មួយ​នេះ​កន្លងផុតទៅ កូរ៉េខាងជើង ក៏​ជួបនឹង​គ្រោះរាំងស្ងួត ហើយ​បន្ដ​មកទៀត ក៏មាន​ព្យុះភ្លៀង​យ៉ាងខ្លាំង បំផ្លិចបំផ្លាញ​ផលដំណាំ​យ៉ាងដំណំ​បន្ដទៀត នៅ​ឆ្នាំនេះ​។​

​បច្ចុប្បន្ន កូរ៉េខាងជើង កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ ក្រោយ​ប្រទេស​នេះ​បាន​រង​នូវ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​អន្ដរជាតិ ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​, ការបិទ​ព្រំដែន​ជាមួយនឹង​ចិន ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង គ្រោះធម្មជាតិ (​ព្យុះ​ទី​ហ្វុ​ង គ្រោះរាំងស្ងួត និង​ទឹកជំនន់​)​។ ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ កូរ៉េខាងជើង នៅ​មិនទាន់ មាន​សេចក្ដីរាយការណ៍ ពី​ករណី​កូ​វីដ​-១៩​ណាមួយ​នៅឡើយ​ដែរ​។​

​អង្គការសហប្រជាជាតិ កាលពីដើម​សប្ដាហ៍​នេះ បាន​ថ្លែងថា កូរ៉េខាងជើង បាន​ច្រានចោល​នូវ​ការផ្ដល់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ចំនួន​៣​លាន​ដូ​ស​។ ប៉ុន្ដែ​កូរ៉េខាងជើង បានស្នើ​សុំ​ឲ្យ​ផ្ដល់​វ៉ាក់សាំង​ទាំងនោះ ទៅដល់​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​កំពុង​រង​ផលប៉ះពាល់ ចំពេល​ពិភពលោក​កំពុង​ខ្វះខាត​វ៉ាក់សាំង​៕​ រក្សាសិទ្ធិដោយ ៖ សារាយ SN

×