រដ្ឋធានីកាប៊ូល ៖ ក្រោយពេលកងទ័ពរបស់មហាអំណាចលោកខាងលិច បានដកចេញអស់ កាលពីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នោះមក តាលីបង់បានបាញ់កាំភ្លើងអបអរ ពាសពេញរដ្ឋធានីកាប៊ូល ប៉ុន្ដែក្រុមប្រដាប់អាវុធមួយនេះ កំពុងស្ថិតក្នុងភាពឯកោ ឆ្ងាយពីពិភពលោក ហើយប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន រាប់លាននាក់ ក៏កំពុងតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ទើបមានប្រទេស២ មកពីពិភពអារ៉ាប់ និង មូស្លីម មើលឃើញឱកាសនេះ បានចូលខ្លួន មកធ្វើជាអ្នកអាជ្ញាកណ្ដាល និងសម្របសម្រួល ទៅកាន់ពិភពខាងក្រៅ។

បើតាមសារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងៃទី២ ខែកញ្ញា ថា បច្ចុប្បន្ន ប្រទេសមហាអំណាចលោកខាងលិច កំពុងតែព្យាយាម បញ្ចេញឥទ្ធិពលរបស់ខ្លួន ចំពេលតាលីបង់ វិលត្រឡប់មកគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្ដែស្របពេលអ្នកគ្រប់គ្រងសាសនាអ៊ិស្លាមដ៏តឹងរឹង កំពុងស្ថិតក្នុងភាពឯកោ ក្រោយការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ដែលគាំទ្រ ដោយសហរដ្ឋអាមេរិកនោះ ពិភពអារ៉ាប់ និង មូស្លីម គឺកាតារ និងតួកគី ក៏បង្ហាញខ្លួន ធ្វើជាអាជ្ញាកណ្ដាល និងជាអ្នកសម្របសម្រួលដ៏សំខាន់ ជួយដល់តាលីបង់ សម្រាប់តភ្ជាប់ទៅកាន់ពិភពលោក។
ប្រទេសតួកគី និង កាតារ កំពុងតែទាញយកផលប្រយោជន៍ ពីប្រវត្តិសាស្រ្ដថ្មីៗ នៃការចូលទៅកាន់តាលីបង់ ដែលកំពុងស្ថិតក្នុងភាពឯកោ។ ប្រទេសទាំង២នេះ កំពុងតែសម្លឹងមើលឱកាស លេងល្បែងនយោបាយអន្ដរជាតិ អាចធ្វើឱ្យគូប្រជែងចាស់ ឃ្លាតឆ្ងាយ ពីតំបន់មជ្ឈិមបូព៌ា។

ក្រុមមេដឹកនាំឧទ្ទាមតាលីបង់ មុនការដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានសាជាថ្មីនោះ ក៏បានបង្កើតការិយាល័យនយោបាយរបស់ខ្លួន នៅលើទឹកដីកាតារ សម្រាប់ទំនាក់ទំនងនឹងពិភពខាងក្រៅ ជុំវិញស្ថានការណ៍ នៅអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន ប្រទេសសម្បូរឧស្ម័ន នៅតំបន់ឈូងសមុទ្រមួយនេះ បានផ្ដល់ជាស្ពានដល់តាលីបង់ សម្រាប់តភ្ជាប់ទៅកាន់ប្រទេសនានា ដែលព្យាយាមបិទបញ្ចប់ការទទួលស្គាល់របស់ពួកគេ។
លោកស្រី Dina Esfandiary ទីប្រឹក្សាជាន់ខ្ពស់ សម្រាប់ក្រុមដោះស្រាយវិបត្ដិអន្ដរជាតិ បានពន្យល់ថា «ដំណើរការជម្លៀសពលរដ្ឋ ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន មិនអាចអត់ប្រទេសកាតារ ចូលរួមបានឡើយ។ អាហ្វហ្គានីស្ថាន និងតាលីបង់ នឹងក្លាយជាជ័យជម្នះដ៏សំខាន់ សម្រាប់កាតារ។ មិនត្រឹមតែប៉ុណ្ណោះ កាតារ បានបង្ហាញថា ពួកគេអាចសម្រុះសម្រួលជាមួយតាលីបង់។ កាតារ នឹងក្លាយតួអង្គដ៏សំខាន់ សម្រាប់បណ្តាប្រទេសលោកខាងលិច ដែលពាក់ព័ន្ធនឹងអាហ្វហ្គានីស្ថានថែមទៀតផង»។

លោកស្រី Lolwah Alkhater អ្នកនាំពាក្យ ក្រសួងការបរទេសកាតារ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «កាតារ…នឹងបន្ដធ្វើជាអ្នកសម្របសម្រួល ប្រកបដោយទំនុកចិត្ត នៅក្នុងជម្លោះ នៅអាហ្វហ្គានីស្ថាន។ ចំណែកអ្នកត្រូវជម្លៀស ចេញពីអាហ្វហ្គានីស្ថាន បានមកដល់មូលដ្ឋានកងទ័ពអាកាស Al-Udeid ទីក្រុងដូហា ប្រទេសកាតារ ចាប់តាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ដោយឡែក លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានច្រានចោលការរិះគន់ ជុំវិញ ករណីរដ្ឋាភិបាលទីតួកគី ចូលខ្លួនមកពាក់ព័ន្ធនឹងតាលីបង់។ តួកគី ក៏ចង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចំពេលតាលីបង់ ស្ថិតក្នុងភាពឯកោ ហើយមិនមានការទទួលស្គាល់ពីពិភពលោក ក្រោយពេលពួកឧទ្ទាមបានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលគាំទ្រ ដោយលោកខាងលិចផងដែរ៕រក្សាសិទ្ធិដោយ៖សារាយSN












