Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីជប៉ុន បាត់បង់ប្រជាប្រិយភាពនឹងកូវីដ ប្រកាសលាលែងពីតំណែង

រាជធានីតូក្យូ ៖ ដោយសារតែការគ្រប់គ្រង និងទប់ស្កាត់បញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ មិនបានល្អ ធ្វើឲ្យជាប្រិយភាពធ្លាក់ចុះ ទើបលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ប្រកាសបោះបង់ចោល តំណែងនាយករដ្ឋមន្រ្ដី ហើយជប៉ុននឹងមាននាយករដ្ឋមន្រ្ដីថ្មី មកជំនួស ក្នុងពេលដ៏ឆាប់នេះ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ថា លោក Suga Yoshihide នាយករដ្ឋមន្រ្ដីជប៉ុន បានប្រកាស នៅថ្ងៃទី៣ ខែកញ្ញា ថា លោកនឹងមិនឈរឈ្មោះ បោះឆ្នោតជាថ្នាក់ដឹកនាំ សម្រាប់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច នៅថ្ងៃទី២៩ ខែកញ្ញា នេះទេ។ ការប្រកាសរបស់លោកនាយករដ្ឋមន្រ្ដីបែបនេះ មានន័យថា លោកបោះបង់ចោលតំណែងជាប្រមុខរដ្ឋាភិបាលជប៉ុន។

លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នាយករដ្ឋមន្រ្ដីជប៉ុន បានប្រកាសបែបនេះ នៅក្នុងកិច្ចវិសាមញ្ញ នៃនាយកប្រតិបត្ដិរបស់គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ។ លោកនាយករដ្ឋមន្រ្ដី ក៏នឹងមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាអ្នកដឹកនាំ LDP ដែលនឹងត្រូវគ្រោងទុក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

ជាមួយគ្នានេះ ពលរដ្ឋជប៉ុន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគាត់មានអារម្មណ៍ មិនច្បាស់លាស់ ចំពោះស្ថានភាពនយោបាយនោះទេ។ ប៉ុន្ដែពួកគាត់ចង់ឲ្យអ្នកនយោបាយ ធ្វើការឲ្យសកម្ម ដោះស្រាយបញ្ហាកូវីដ-១៩។ ម្យ៉ាងទៀត ពួកគាត់បានយល់ឃើញថា ប្រសិនបើលោក ស៊ូហ្គា មិនឈរឈ្មោះបោះឆ្នោត វាជាការប្រសើរណាស់ ព្រោះគាត់បាត់បង់ប្រជាប្រិយភាព ដោយសារគាត់មិនបានឆ្លើយតបឲ្យបានគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់នឹងបញ្ហា នៃការឆ្លងរីករាលដាល ពីជំងឺកូវីដ-១៩។

ប្រទេសជប៉ុន មានអ្នកឆ្លងកូវីដ-១៩ ជាង១,៥លាននាក់ ហើយគម្រោងចាក់វ៉ាក់សាំង មានការយឺតយ៉ាវ។ ចំណែកការសម្រេចចិត្ត ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក នៅឆ្នាំនេះ ចំពេលមានជំងឺកូវីដរាតត្បាត កាន់តែអាក្រក់ឡើង ទើបលោក ស៊ូហ្គា ធ្លាក់ចុះប្រជាប្រិយភាព។ ដោយសារតែបញ្ហានេះ ទើបលោកនាយករដ្ឋមន្រ្ដី សម្រេចចិត្ត ប្រកាសលាលែងពីតំណែង។

លោក ស៊ូហ្គា ត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្ដីជប៉ុន កាលក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្រោយពេលលោក Shinzo Abe លាលែងពីតំណែងជានាយករដ្ឋមន្រ្ដី។ រហូតមកដល់ពេលនេះ ជប៉ុននៅតែស្ថិតក្រោមការដាក់ប្រទេស ក្នុងគ្រាអាសន្ន ដើម្បីទប់ទល់ស្កាត់ ប្រឆាំងនឹងវីរុសកូវីដ-១៩។ ឥឡូវ ជប៉ុនកំពុងតែប្រឈមនឹងរលកកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើង៕រក្សាសិទ្ធិដោយ៖សារាយSN

×