Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចលនាតស៊ូនៅអាហ្វហ្គានីស្ថាន កំពុងតែវាយប្រយុទ្ធគ្នា យ៉ាងខ្លាំងជាមួយតាលីបង់

រដ្ឋធានីកាប៊ូល ៖ ក្រោយការដួលរលំ នៃរដ្ឋាភិបាលរបស់លោក Ashraf Ghani កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នោះមក អនុប្រធានាធិបតី នៃរដ្ឋាភិបាលទីក្រុងកាប៊ូលនោះ បានរត់ទៅកាន់ជ្រលងភ្នំផេនសៀរ បង្កើតចលនាតស៊ូ ហៅកាត់ NRF ជាមួយនឹងលោក Ahmad Massoud ហើយនៅពេលនេះ ពួកគេកំពុងតែវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ជាមួយនឹងកងកម្លាំងរបស់តាលីបង់ ខណៈមេដឹកនាំតាលីបង់ កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី នៅលើទឹកដីអាហ្វហ្គានីស្ថាន។

សារព័ត៌មាន Al Jazeera បានផ្សាយថា កងកម្លាំងរបស់តាលីបង់ និងក្រុមប្រយុទ្ធ មានភក្ដីភាព ចំពោះមេដឹកនាំក្នុងតំបន់ គឺលោក Amad Massoud កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់ជ្រលងភ្នំផេនសៀរ (Panjshir) ដែលជាទីតាំងដ៏រឹងមាំរបស់ចលនាតស៊ូរបស់ពួកគេ។ ភាគីនីមួយៗ បានអះអាង ពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងខេត្តចុងក្រោយ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្រុមប្រយុទ្ធរបស់រណសិរ្សចលនាតស៊ូជាតិ ហៅកាត់ NRF បានអះអាងថា កងកម្លាំង NRF បានវាយសន្ធាប់ ទៅលើកងកម្លាំងរបស់តាលីបង់ បណ្ដាលឲ្យបាត់បង់យ៉ាងធ្ងន់ធ្ងរ…។ ចលនាតស៊ូប្រឆាំងនឹងតាលីបង់ នៅតែបន្ដសុំជំនួយ ពីអន្ដរជាតិ ជាពិសេស ពីប្រទេសលោកសេរី ដើម្បីគាំទ្រដល់ពួកគេ វាយផ្ដួលរំលំក្រុមភេរវករតាលីបង់។ ប៉ុន្ដែទោះជាយ៉ាងណា គេមិនទាន់មានរបាយការណ៍ អំពីចំនួនខូចខាតទាំងសងខាងនោះឡើយ។

តំបន់ជ្រលងភ្នំផេនសៀរ ស្ថិតនៅភាគខាងជើង រដ្ឋធានីកាប៊ូល ហើយជាផ្នែកមួយ នៃប្រទេសអាហ្វហ្គានីស្ថាន មិនស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់។ ដោយឡែក ក្រុមតាលីបង់ វិញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានអះអាង ពួកគេបានឡោមព័ទ្ធជ្រលងភ្នំផេនសៀរ ហើយមេដឹកនាំតាលីបង់ បានអំពាវនាវឲ្យចលនាតស៊ូនេះ ទម្លាក់អាវុធចុះ។

លោក Ali Nasary ប្រធានទំនាក់ទំនងកិច្ចការបរទេសរបស់ចលនា NRF បានប្រាប់ដល់កម្មវិធីថ្ងៃនេះ ឬ Today Programme របស់បណ្ដាញផ្សព្វផ្សាយ BBC Radio 4 កាលពីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា កងកម្លាំងភេរវករតាលីបង់ មិនអាចវាយដណ្ដើម កាន់កាប់តំបន់ជ្រលងភ្នំផេនសៀរ នេះ បានទេ។

លោក Ali Nasary ប្រធានទំនាក់ទំនងកិច្ចការបរទេសរបស់ចលនា NRF បញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃកន្លមកនេះ កងកម្លាំងរបស់តាលីបង់ កំពុងតែព្យាយាមវាយប្រហារ មកលើជ្រលងភ្នំផេនសៀរនេះ ចំនួន៣មុខព្រួញ។ ពួកតាលីបង់ មិនសំណាងនោះឡើយ ហើយវាជាភ័ព្វសំណាងខ្លាំងណាស់ សម្រាប់ចលនាតស៊ូ ព្រោះគ្រប់ការវាយប្រហាររាល់លើក ត្រូវបានកម្លាំងរបស់យើង រារាំងជាប់រហូត។ តាលីបង់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជាការពិត ពួកតាលីបង់ បានដកកងកម្លាំងរបស់ពួកគេ ថយទៅវិញ ចម្ងាយប្រហែលជិត៥០គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ចលនាតស៊ូ NRF ក៏បានដណ្ដើមកាន់កាប់ស្រុក ចំនួន៣បន្ថែមទៀត។

ទោះយ៉ាងណាក៏ដោយ នៅពេលសួរថា តើក្រុមចលនាតស៊ូ NRF អាចបន្តរារាំងក្រុមតាលីបង់ ដែលឥឡូវនេះមានលទ្ធភាពប្រើប្រាស់ គ្រឿងសព្វាវុធយោធារបស់សហរដ្ឋអាមេរិក បន្សល់ទុកបានដែរឬទេ? លោក Ali Nasary ប្រធានទំនាក់ទំនងកិច្ចការបរទេសរបស់ចលនាតស៊ូ បានទទួលស្គាល់ថា កងកម្លាំងខ្លាំង មិនផ្អែកតែទៅលើគ្រឿងសព្វាវុធប៉ុណ្ណោះទេ តែអ្វីដែលសំខាន់បំផុត គឺមានឆន្ទៈ ក្នុងការប្រយុទ្ធ។ ទោះជាយ៉ាងណា NRF បានសុំជំនួយបន្ថែម ក្នុងការគាំទ្រដល់ការប្រយុទ្ធរបស់ពួកគេ។ អ្វីដែលយើងកំពុងតែសុំជំនួយនោះ ក៏ដោយសារយើងត្រូវប្រឈមច្រើន ហើយមិនត្រឹមតែពួកតាលីបង់ប៉ុណ្ណោះទេ ប៉ុន្ដែយើងថែមទាំងប្រយុទ្ធជាមួយនឹងបណ្ដាញភេរវកម្មអន្ដរជាតិ…ថែមទៀតផង។

ក្រុមប្រយុទ្ធរបស់រណសិរ្សចលនាតស៊ូជាតិ (NRF) បានបញ្ជាក់បន្ថែមថា «ការវាយប្រយុទ្ធនាពេលនេះ មិនមែនជាសង្គ្រាមស៊ីវិលនោះទេ ប៉ុន្ដែវាជាសង្រ្គាមប្រឆាំងនឹងភេរវកម្ម ដែលយើងកំពុងតែប្រយុទ្ធតែម្នាក់ឯង ហើយមិនមានអ្នកណាជួយដល់ពួកយើង ឬផ្ដល់ជំនួយដល់ពួកយើង នៅក្នងកាលៈទេសៈនេះ។

រណសិរ្សតស៊ូជាតិ (NRF) នេះ ដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់មេបញ្ជាការជនជាតិអាហ្វហ្គានីស្ថាន លោក Ahmad Shah Massoud ដែលបានជួយបណ្ដេញកងកម្លាំងសហភាពសូវៀតឲ្យចេញពីទឹកដីអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងឆ្នាំ១៩៨៩ ហើយនាំឲ្យមានចលនាតស៊ូប្រឆាំងនឹងតាលីបង់ ដែលកាលពីមុនបានគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ មុនពេលសហរដ្ឋអាមេរិក បានបណ្ដេញចេញពីអំណាច។ ជ្រលងភ្នំនេះ ជាមូលដ្ឋានដ៏រឹងមាំរបស់ចលនាតស៊ូ តាំងពីសម័យសហភាពចូលមកលុកលុយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយកងកម្លាំងបរទេស មិនអាចគ្រប់គ្រងតំបន់នេះ បានឡើយ ព្រោះវាជាទីតាំងដ៏ល្អ សម្រាប់ចលនាតស៊ូ៕រក្សាសិទ្ធិដោយ៖សារាយSN

×