Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់គិតតែពីដើរល្បាតប្រមូលអាវុធ ចំពេលពលរដ្ឋអាហ្វហ្គានីស្ថាន ប្រឈមនឹងវិបត្ដិស្បៀអាហារ

រដ្ឋធានីកាប៊ូល ៖ ស្របពេលតាលីបង់កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី នៅលើទឹកដីអាហ្វហ្គានីស្ថាន ហើយដើរប្រមូលអាវុធ ពីកងកម្លាំងរបស់អតីតរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាននោះ អង្គការសហប្រជាជាតិ ក៏បានព្រមាន ពីវិបត្ដិស្បៀងអាហារ នៅក្នុងរយៈពេល១ខែនេះ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា អង្គការសហប្រជាជាតិ (UN) បានព្រមានថា ពលរដ្ឋអាហ្វហ្គានីស្ថាន អាចប្រឈមមុខនឹងវិបត្ដិស្បៀងអាហារ នៅក្នុងរយៈពេល១ខែនេះ។ UN បានចាត់ទុកថា នេះជាវិបត្ដិស្បៀងអាហារដ៏ធ្ងន់មួយ នៅក្នុងប្រទេសអាស៊ីកណ្ដាលនេះ ហើយពលរដ្ឋម្នាក់ ក្នុងចំណោម៣នាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់អាហារ។

អង្គការសហប្រជាជាតិ ព្រមានពីវិបត្ដិស្បៀងអាហារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើតឡើង ក្រោយពេលដូលរលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ហើយតាលីបង់កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ដើម្បីគ្រប់គ្រងប្រទេស និងដើរប្រមូលអាវុធ។

លោក រ៉ាមីហ្ស អាឡាក់បារ៉ូវ (Ramiz Alakbarov) មន្រ្ដីសម្របសម្រួលកិច្ចការមនុស្សធម៌របស់
អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា «ស្ថានភាព…វិបត្ដិមនុស្សធម៌ នឹងនៅតែបន្ដតានតឹងបំផុត។ បន្ថែមពីលើនេះទៀត កុមារជាងពាក់កណ្ដាល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែស្វះស្វែងរកស្បៀងអាហារ។ ចំណែកឯជំនួយអន្តរជាតិ ស្ទើរទាំងស្រុង ត្រូវបានកាត់ផ្ដាច់។ ដោយឡែកការបម្រើសេវានានារបស់រដ្ឋាភិបាល មិនអាចបំពេញតួនាទីបាន។ មន្រ្ដីរដ្ឋការ នៅក្នុងប្រទេសនេះ មិនបានទទួលប្រាក់ខែរបស់ពួកគេ អស់រយៈពេលជាច្រើនខែកន្លងមកហើយ ចាប់តាំងពីមានការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងអ្នកប្រយុទ្ធតាលីបង់ និង កងកម្លាំងរដ្ឋាភិបាលរបស់លោក Ashraf Ghani »។

បើតាមសារព័ត៌មាន Al Jazeera បានឲ្យដឹងថា ក្រោយពេលតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani នោះមក តម្លៃស្បៀងអាហារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឡើងខ្ពស់ រហូតដល់៥០ភាគរយ។ ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈ ក៏បានកើនឡើង ដល់៧៥ភាគរយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

តាលីបង់ បានដណ្ដើមកាន់កាប់អំណាចគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន សាជាថ្មី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្ន ស្ថានការណ៍ នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់។ ចំណែកតាលីបង់កំពុងតែព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។ ដោយឡែក សហគមន៍អន្ដរជាតិ នៅតែមិនទាន់ទទួលស្គាល់ ហើយនេះជាការរារាំងដល់ការប្រើប្រាស់ជំនួយរបស់បរទេស នៅក្នុងប្រទេសមួយនេះ។

ជាមួយនឹងស្ថានភាពមិនច្បាស់លាស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ សហរដ្ឋអាមេរិក បានបង្កកគណនីទ្រព្យសម្បត្ដិរបស់ប្រទេសនេះ មានតម្លៃ រហូតដល់ជិត៩,៥ពាន់លានដុល្លារដែលផ្ញើ នៅក្នុងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។ សកម្មភាពរបស់សហរដ្ឋអាមេរិកបែបនេះ រឹតតែដាក់សម្ពាធកាន់តែខ្លាំងដល់តាលីបង់៕ រក្សាសិទ្ធិដោយ៖សារាយSN

×