Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកស្គាល់មុខមាត់ទាហានសហរដ្ឋអាមេរិក ឡើងយន្ដហោះចុងក្រោយគេ នៅអាហ្វហ្គានីស្ថាន ជានរណា?

រដ្ឋធានីវ៉ាស៊ីនតោន ៖ កាលពីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ទាហានចុងក្រោយគេបង្អស់ម្នាក់របស់សហរដ្ឋអាមេរិក ដើរឡើងយន្ដហោះយោធា ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយបញ្ចប់បេសកកម្ម ធ្វើសង្គ្រាម អស់រយៈពេល២០ឆ្នាំ ធ្វើឲ្យមនុស្ស នៅលើពិភពលោក បានចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្ដែគេមិនបានដឹងមុខមាត់គាត់ពិតថា ជានរណា ហើយឋានន្ដរស័ក្ដិ ប៉ុនណានោះដែរ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំណត់យកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១២ ជាពេលវេលាចុងក្រោយ នៃការដកកងទ័ពសហរដ្ឋអាមេរិក ចេញឲ្យអស់ពីទឹកដីអាហ្វហ្គានីស្ថាន។ ក្រោយការប្រកាសរបស់លោក ចូ បៃដិន ក្រុមឧទ្ទាមតាលីបង់ បានបង្កើនការវាយដណ្ដើមកាន់កាប់ប្រទេសអាស៊ីកណ្ដាលមួយនេះយ៉ាងលឿនដូចផ្លេកបន្ទោរ ខណៈកងទ័ពរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន មិនមានឆន្ទៈ ក្នុងការប្រយុទ្ធការពារទឹកដីរបស់ខ្លួន។ ដោយសារតែកត្ដាបែបនេះ ទើបធ្វើឲ្យតាលីបង់ មានឱកាសផ្ដួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

ក្នុងរយៈពេលដ៏ខ្លីនេះ សហរដ្ឋអាមេរិក បានខិតខំជម្លៀសពលរដ្ឋអាមេរិកាំង និង អាហ្វហ្គានីស្ថាន យ៉ាងលំបាក និងប្រកបដោយការឈឺចាប់បំផុត។ ទោះជាយ៉ាងនេះក្ដី លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មិនបានពន្យារពេល ក្នុងការជម្លៀស និង ដកកងទ័ពសហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាននោះឡើយ។ លើសពីនេះ សហរដ្ឋអាមេរិក ថែមទាំងបានចាកចេញ ពីអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃទី៣០ ខែសីហា មុនថ្ងៃកំណត់ទៅទៀត។

អ្វីដែលពិភពលោក ចាប់អារម្មណ៍ខ្លាំងនោះ គឺឃើញរូបភាពទាហានសហរដ្ឋអាមេរិកម្នាក់ មានមាឌធំ ប្រដាប់ដោយកាំភ្លើង ដើរឡើងយន្ដហោះយោធា ក្រោយគេបង្អស់ ចាកចេញពីអាហ្វហ្គានីស្ថាន។ តាមពិត មន្រ្ដីយោធាម្នាក់នោះ មិនមែនជាកូនទាហាន ដែលមេឲ្យប្រចាំការការពារអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូលឡើយ គាត់ជាមេទ័ពអាកាស ដោយមិនសុខចិត្តរត់ចោលកូនចៅនោះទេ គឺសុខចិត្តឡើងយន្ដហោះ ក្រោយកូនចៅរបស់ខ្លួន។

ទាហានសហរដ្ឋអាមេរិក មានមាឌមាំ កាន់កាំភ្លើង បានដើរឡើងយន្ដហោះយោធា ចុងក្រោយគេបង្អស់នោះ មានឋានៈជាឧត្ដមសេនីយ៍ទោ ឈ្មោះ Chris Donahue ។ លោកឧត្តមសេនីយ៍ទោ Chris Donahue ជាមន្រ្ដីយោធាសហរដ្ឋអាមេរិកចុងក្រោយបង្អស់ បានចាកចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីធ្វើសង្គ្រាម អស់រយៈពេល២០កន្លងមក។

លោកឧត្តមសេនីយ៍ទោ Chris Donahue មានអាយុ៥២ឆ្នាំ (កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦៩)។ លោក Chris Donahue បានចូលបម្រើការងារ នៅក្នុងជួរកងទ័ព នាអំឡុងឆ្នាំ១៩៩២ ។ ក្រោយបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា West Point សហរដ្ឋអាមេរិក លោក Chris Donahue បានទទួលឋានន្ដរស័ក្ដិ ជាអនុសេនីយ៍ត្រី។ ក្រោយមកទៀត លោកទទួលបានសញ្ញាបត្រអនុបណ្ឌិត ពីមហាវិទ្យាល័យកងទ័ពជើងទឹក ហើយបញ្ចប់អាហារូបករណ៍ ពីសាកលវិទ្យាល័យហាវឺដ កាលពីឆ្នាំ២០១៣ ។

លោក Chris Donahue ធ្លាប់ដឹកនាំកងអនុសេនាតូច ប្រចាំនៅប្រទេសកូរ៉េ ។ ក្រោយមក លោកបានឡើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាប្រធានវរសេនាតូចលេខ៣ ហើយបន្ដឡើងជាវរសេនាធំលេខ៧៥ ប្រចាំការនៅរដ្ឋ Georgia ។ លោក Chris Donahue ធ្លាប់បំពេញបេសកកម្ម នៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក ហើយក្រោយមក លោកបានផ្លាស់ទៅធ្វើការ នៅឯរដ្ឋធានីវ៉ាស៊ីនតោន ក្នុងឋានៈជាជំនួយការពិសេសដល់មេបញ្ជាការកងទ័ពចម្រុះ។

លោកឧត្ដមសេនីយ៍ Chris Donahue ក្លាយជាមេបញ្ជាការកងពលលេខ៨២ នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ។ លោកឧត្ដមសេនីយ៍ បានដឹកនាំ ដោយផ្ទាល់ នៅក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះដល់ពលរដ្ឋអាមេរិកាំង និងអាហ្វហ្គានីស្ថាន៕រក្សាសិទ្ធិដោយ៖សារាយSN

×