Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន គាំងស្ដូក ធ្វើឲ្យតាលីបង់ប្រឈម នឹងគ្រោះធ្ងន់ ដើម្បីស្ដារប្រទេសឡើងវិញ

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលដណ្ដើមអំណាចបាន ហើយសហរដ្ឋអាមេរិក ក៏បានដើរចេញនោះ តាលីបង់កំពុងតែប្រឈមនឹងការងារដ៏ធ្ងន់ធ្ងរ ដើម្បិស្ដារសេដ្ឋកិច្ច ដែលត្រូវដួលរលំទាំងស្រុង និងដោះស្រាយគ្រោះអត់ឃ្លានយ៉ាងខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សារព័ត៌មាន Aljazeera បានផ្សាយ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រោយការដណ្ដើមអំណាចបាន ហើយសហរដ្ឋអាមេរិក បានដកកងទ័ពចេញអស់ កាលពីយប់ ថ្ងៃទី៣០ ខែសីហា មុនការកំណត់មួយថ្ងៃនោះ ក្រុមអ្នកប្រយុទ្ធរបស់តាលីបង់ បានសប្បាយ និងអបអរ ដោយការបាញ់កាំភ្លើងយ៉ាងកក្រើកមេឃ។ ស្របគ្នានេះ មេដឹកនាំតាលីបង់ បានប្រកាសពីអាហ្វហ្គានីស្ថាន ក្លាយជារដ្ឋមានឯករាជភាព និង សេរីភាពពេញលេញ។ ប៉ុន្ដែនៅពេលនេះ តាលីបង់ កំពុងតែប្រឈមមុខនឹងការងារដ៏លំបាកបំផុត ដោយសារគ្មានថវិកា សម្រាប់ស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាគ្រោះអត់ឃ្លាន ហើយបើកប្រាក់ខែឲ្យមន្រ្ដីរដ្ឋការ។ ដោយឡែកពលរដ្ឋអាហ្វហ្គានីស្ថាន រាប់សិបលាននាក់ នៅតែមានជីវភាព ស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ហើយមានភាពមិនច្បាស់លាស់ នៅក្នុងអំឡុងពេលសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថាន ត្រូវដួលរលំនេះ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា សហរដ្ឋអាមេរិក បានដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីអាហ្វហ្គានីស្ថាន ជាជម្រើសមួយដ៏ត្រឹមត្រូវបំផុត ដើម្បីបញ្ចប់បេសកកម្មយោធាដ៏យូរបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក។

មន្រ្ដីរដ្ឋការរបស់អាហ្វហ្គានីស្ថាន មិនបានទទួលប្រាក់ខែ អស់រយៈពេលជាច្រើនខែមកហើយ។ ដោយឡែក ធនាគារនានា ក៏គ្មានលុយ ក្រោយពេលគ្រឹះស្ថានហិរញ្ញវត្ថុអន្ដរជាតិ បានកាត់ផ្ដាច់អស់ បន្ទាប់ពីតាលីបង់ បានដណ្ដើមគ្រប់គ្រង់ប្រទេសអាហ្វហ្គានីស្ថាន ស្ទើរទាំងស្រុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ដោយសារការភ័យខ្លាច ពីការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងក្រុមប្រយុទ្ធរបស់តាលីបង់ និងកងកម្លាំងរបស់រដ្ឋាភិបាល បានជំរុញឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ជាងកន្លះលាននាក់ បានរត់ចោលលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាព។

លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានព្រមានថា គ្រោះមហន្ដរាយមនុស្សធម៌កំពុងតែកើតមាន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បន្ថែមពីលើនេះ សេវាកម្មនានា ដែលជាមូលដ្ឋានដ៏សំខាន់ កំពុងតែគំរាមកំហែងដល់ការដួលរលំទាំងស្រុង។

សមាជិកក្រុមប្រឹក្សាធនាគារកណ្ដាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានជំរុញឲ្យលោក ចូ បៃដិន ប្រធានាធិបតិសហរដ្ឋអាមេរិក និង IMF ត្រូវតែបញ្ចេញមូលនិធិមកឲ្យប្រទេសរបស់ខ្លួន។ ធនាគារកណ្ដាលសហរដ្ឋអាមេរិក កាលពីខែមុន បានបង្កកលុយរបស់ធនាគារកណ្ដាលអាហ្វហ្គានីស្ថាន ជិត៩,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលផ្ញើ នៅក្នុងគណនីធនាគារសហរដ្ឋអាមេរិក។ សកម្មភាពរបស់ធនាគារសហរដ្ឋអាមេរិក ធ្វើឲ្យតាលីបង់ ប្រឈមនឹងឧបសគ្គកាន់តែខ្លាំងឡើង ព្រោះមិនមានលុយសម្រាប់រៀបចំប្រទេស និងដោះស្រាយគ្រោះអត់ឃ្លាន។

លោក Charles Stratford អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Aljazeera បានឲ្យដឹងថា ការព្រួយបារម្ភ កំពុងតែកើតមានឡើង ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ពីរបៀបដែលតាលីបង់មានគោលបំណងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបានដួលរលំនេះ។ អ្វីកាន់តែធ្ងន់ធ្ងរបន្ថែមទៀតនោះ គឺការសម្រេចចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុអន្ដរជាតិ ដូចជា ធនាគារពិភពលោក (World Bank) និង មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) …ជាដើម បានបង្កកការផ្ដល់ជំនួយដល់ប្រទេសអាហ្វហ្គានីស្ថាន។ ករណីនេះ នឹងធ្វើឲ្យមានឧបសគ្គកាន់តែធ្ងន់ធ្ងរមកលើតាលីបង់។

អាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់តាលីបង់ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយពលរដ្ឋអាហ្វហ្គានីស្ថាន ក៏កំពុងតែស្ថិតក្នុងការភ័យខ្លាច ដោយសារតាលីបង់ មានប្រវត្ដិ គ្រប់គ្រងប្រទេសនេះ កាលពី ចន្លោះពីឆ្នាំ១៩៩៦-២០០១ ហើយពួកគេចូលចិត្តអនុវត្ដទោសព្រៃផ្សៃ៕ រក្សាសិទ្ធិដោយ៖សារាយSN

×