Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីរុស្ស៊ី យកមេរៀនបរាជ័យ ដ៏ជូរចត់របស់សូវៀត មិនបញ្ជូនទ័ពទៅអាហ្វហ្គានីស្ថាន

រដ្ឋធានីមូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី បានសិក្សាមេរៀន នៃការបរាជ័យយ៉ាងជូរចត់របស់សហភាពសូវៀត នៅលើទឹកដីអាហ្វហ្គានីស្ថាន ទើបមិនរវីរវល់នឹងការបញ្ជូនទ័ពទៅដាក់ពង្រាយ នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ។

សហរដ្ឋអាមេរិក បានជាប់ផុង នៅក្នុងសង្រ្គាម នៅអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំ ដោយចំណាយថវិកា អស់ប្រហែលរាប់ពាន់លានដុល្លារ ដើម្បីបណ្ដេញតាលីបង់ ចេញពីអំណាចហើយ។ សង្រ្គាមនេះ បានចាប់ផ្ដើម ដោយលោកប្រធានាធិបតី ប៊ូល ហើយបន្ដមកដល់លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ ទើបមានកិច្ចព្រមព្រៀងជាមួយតាលីបង់ ដោយពួកឧទ្ទាមនេះ បានទាមទារឲ្យសហរដ្ឋអាមេរិក ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយចុងក្រោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចដកកងទ័ពទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន។ ការសម្រេចចិត្តរបស់លោក បៃដិន ធ្វើឲ្យតាលីបង់ មានឱកាសដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានលូកដៃធ្វើអន្ដរាគមន៍យោធារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនទទួលបានផលប្រយោជន៍អ្វីឡើយ។ ផ្ទុយទៅវិញ អន្ដរាគមន៍របស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បាននាំមកនូវសោកនាដកម្ម និងការបាត់បង់ជីវិត ពីគ្រប់ភាគីទាំងអស់។ ត្រង់ចំណុចនេះ បានបង្ហាញថា វាមិនអាចផ្ដល់តម្លៃដល់បរទេស ទៅលើប្រទេសផ្សេងឡើយ។

បើតាមសារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកញ្ញា ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានសិក្សាពីមេរៀនបរាជ័យផ្ទាល់របស់សហភាពសូវៀត ក្នុងការលើកទ័ពចូលធ្វើអន្ដរាគមន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មេរៀនដ៏ជូរចត់ នាសម័យសហភាពសូវៀតនោះ ធ្វើឲ្យលោកមិនរវីរវល់ រៀបចំផែនការដាក់ពង្រាយកងទ័ពរុស្ស៊ី នៅលើទឹកដីអាហ្វហ្គានីស្ថាននោះឡើយ។ បញ្ហានេះត្រូវតែគិតគូរ ពីប្រវត្តិសាស្ត្រ វប្បធម៌ និងទស្សនវិជ្ជា នៃជីវិតរបស់ពលរដ្ឋ ដូចជា ជនជាតិអាហ្វហ្គានីស្ថាន ជាដើម។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា «កងទ័ពសហរដ្ឋអាមេរិក បានចូលធ្វើអន្ដរាគមន៍ នៅលើទឹកដីអាហ្វហ្គានីស្ថាន ហើយបង្ហាញវត្ដមាន នៅលើប្រទេសនោះ អស់រយៈពេល២០ឆ្នាំ។ នេះជាពេលវេលាដ៏យូរបំផុតមួយ ហើយសហរដ្ឋអាមេរិក តែងតែព្យាយាម…ជំរុញឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន រស់នៅ ដោយមានភាពស៊ីវីល័យ បង្កើតនូវបទដ្ឋាន និង កែប្រែជីវិតឲ្យជឿនលឿន តាមស្តង់ដារបស់អាមេរិក។ ករណីនេះ មានអត្ថន័យទូលំទូលាយខ្លាំងណាស់ ដោយមានទាំងការរៀបចំសង្គម និងនយោបាយ។ ចុងក្រោយ លទ្ធផលដែលត្រូវទទួលបានមកវិញ មានតែសោកនាដកម្ម ហើយការបាត់បង់ជីវិត សម្រាប់អ្នកធ្វើ រួមទាំងសហរដ្ឋអាមេរិក និងពលរដ្ឋជាច្រើននាក់ទៀត ដែលក្នុងប្រទេសអាហ្វហ្គានីស្ថាន។

បើតាមប្រធានសន្ដិសុខជាតិរុស្ស៊ី បានលើកឡើងថា ភាពមិនច្បាស់លាស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអស្ថិរភាព នាពេលអនាគត។ ចំណែកពួកជ្រុលនិយម តែងតែឆ្លៀតយកឱកាសបែបនេះ បញ្ជ្រៀតខ្លួនចូលទៅកាន់តំបន់ជាច្រើន ដោយរួមទាំងរុស្ស៊ីផងដែរ។ ក្រៅពីនេះ ពួកគេក៏យកភាពច្របូកច្របល់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ផលិត និង នាំចេញគ្រឿងញៀនថែមទៀតផង៕ រក្សាសិទ្ធិដោយ៖សារាយSN

×