Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកូវីដបំប្លែងខ្លួនមិនចេះចប់អ៊ីចឹង មនុស្សលោកស្លាប់អស់ហើយ! ខ្លាច Delta មិនទាន់បាត់ផង លេចវីរុស Mu ថ្មីមកទៀត

ទីក្រុងហ្ស៊ឺណែវ ៖ រហូតមកដល់ពេលនេះ វីរុសកូរ៉ូណា (កូវីដ-១៩) បានបំប្លែងខ្លួនជាច្រើនប្រភេទ រួមមាន Alpha, Gammar, Belta និង Delta ហើយនៅពេលនេះ អង្គការសុខភាពពិភពលោក បានប្រកាស ពីការរកឃើញវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទទៀត ឈ្មោះ «Mu» ហើយកំពុងតែតាមដាន ពីការប្រែប្រួលរបស់វីរុសនេះយ៉ាងខ្លាំង ព្រោះវីរុស Mu នេះ អាចទប់ទល់ប្រឆាំងនឹងវ៉ាក់សាំងកូវីដ-១៩ បច្ចុប្បន្ន ដែលអាចធ្វើការខិតខំចាក់វ៉ាក់សាំង ត្រូវបរាជ័យ។

បើតាមបណ្ដាញទូរទស្សន៍ France 24 បានផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា WHO កំពុងតែតាមដាននូវវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលកំណត់ឈ្មោះ «Mu»។ វីរុសបំប្លែងខ្លួនថ្មី Mu នេះ ត្រូវបានរកឃើញ ជាលើកដំបូង កាលពីអំឡុងខែមករា ឆ្នាំ២០២១ នៅក្នុងប្រទេសកូឡុំប៊ី។

អង្គការសុខភាពពិភពលោក ( WHO) បានឲ្យដឹង កាលពីថ្ងៃអង្គារ (ទី៣១ ខែសីហា ឆ្នាំ២០២១) នៅក្នុងព្រឹត្ដិបត្រជំងឺរាតត្បាតប្រចាំសប្ដាហ៍របស់ខ្លួនថា Mu ត្រូវបានកំណត់ឈ្មោះ តាមលក្ខណៈវិទ្យាសាស្រ្ដ ជា B.1.621 ដែលបានចាត់ជាវីរុសបំប្លែងខ្លួនថ្មី។ វីរុសបំប្លែងខ្លួនថ្មី Mu នេះ មានការប្រែប្រួល ដោយបង្ហាញ ពីហានិភ័យ នៃភាពធន់របស់វា ទប់ទល់ប្រឆាំងនឹងវ៉ាក់សាំងបង្ការកូវីដបច្ចុប្បន្ន។ WHO បានសង្កត់ធ្ងន់ថា ករណីវីរុស Mu នេះ ត្រូវការសិក្សាបន្ថែមទៀត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ អំពីលក្ខណៈរបស់វីរុសនេះ។

ព្រឹតិ្ដបត្ររបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វីរុសបំប្លែងខ្លួន ស្ថិតក្នុងចំណោមវីរុស ដែលមានការប្រែប្រួល បង្ហាញពីលក្ខណៈសម្បត្ដិ នៃការគេច ពីភាពស៊ាំ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលេចឡើង នៃការផ្លាស់ប្តូរមេរោគថ្មី ខណៈអត្រាឆ្លងបានកើនឡើងជាថ្មីបន្ដទៀត នៅទូទាំងពិភពលោក ជាមួយនឹងវីរុសបំប្លែងខ្លួន Delta អាចចម្លងបានលឿនបំផុត ជាពិសេស ក្នុងចំណោមអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ហើយនៅក្នុងតំបន់ដែលវិធានការប្រឆាំងនឹងមេរោគ ត្រូវបានបន្ធូរបន្ថយ។

ក្រុមមន្រ្ដីជំនាញ WHO បានឲ្យដឹងថា គ្រប់វីរុសទាំងអស់ រួមទាំង វីរុស SARS-CoV-2 ដែលបណ្ដាលឲ្យកើតជំងឺកូវីដ-១៩ តែប្រែប្រួល ឬផ្ដាស់ប្ដូរ តាមពេលវេលា។ ការប្រែប្រួលនេះ ភាគច្រើនបំផុតមានតិចតួច ឬមិនមានផលប៉ះពាល់ទៅលើលក្ខណៈ នៃមេរោគនីមួយៗ។ ប៉ុន្ដែទោះជាយ៉ាងណា ការប្រែប្រួលពិតប្រាកដ អាចប៉ះពាល់លើលក្ខណៈ នៃវីរុស ហើយជះឥទ្ធិពល ថាតើវីរុសនេះអាចរីករាលដាលយ៉ាងដូចម្តេច លើភាពធ្ងន់ធ្ង រនៃជំងឺ ដែលវាបង្កឡើង និងភាពធន់របស់វីរុស ប្រឆាំងនឹងវ៉ាក់សាំង ឬឱសថ និងវិធានការប្រឆាំងផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ៖សារាយSN

×