រដ្ឋធានីលីម៉ា ៖ ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ មានហេតុការណ៍ដ៏អាក្រក់ បានកើតឡើង នៅក្នុងប្រទេសប៉េរូ ដោយមានរថយន្ដក្រុងចំនួន៣ករណីបើកបុក និងធ្លាក់ពីច្រាំងចំណោតភ្នំ ហើយ២ករណីទៀត ទូកក្រឡាប់លិច នៅក្នុងទន្លេអាម៉ាហ្សូន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងច្រើន។

បើតាមសារព័ត៌មានរុស្ស៊ី RT បានផ្សាយ ថា មានរថយន្ដក្រុងមួយគ្រឿង ដឹកអ្នកដំណើរចំនួន៦៣នាក់ បានជួបនឹងហេតុការណ៍ដ៏អាក្រក់ បើកធ្លាក់ពីលើច្រាំងចំណោតជ្រលងភ្នំ កាលពីថ្ងៃទី៣១ ខែសីហា នៅត្រង់ចំណុចចំណោត Andes មានចម្ងាយប្រហែល៦០គីឡូម៉ែត្រ នាភាគខាងកើត រដ្ឋធានីលីម៉ា (Lima) ប្រទេសប៉េរូ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កឲ្យមនុស្សយ៉ាងតិច៣២នាក់ បាត់បង់ជីវិត។
មន្រ្ដីក្នុងតំបន់ បានឲ្យដឹងថា ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច៣២នាក់បាត់បង់ជីវិត ហើយក្នុងនោះមានកុមារ២នាក់ជាក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ និងក្មេងស្រីម្នាក់ មានអាយុ៣ឆ្នាំ។ ចំណែកអ្នកដំណើរជាង២០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងខ្លះស្រាល។

មន្រ្ដីក្នុងតំបន់ បានបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ នៅតំបន់ជ្រលងភ្នំនេះ មានហេតុការណ៍ថ្នាក់ចរាចរណ៍ចំនួ៣លើក ដោយរួមទាំងលើកនេះផង។ កាលពី២ថ្ងៃមុន មានរថយន្ដចំនួ២គ្រឿងបើកធ្លាក់ជ្រោះ បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន១៧នាក់ គ្រាន់តែកន្លែងកើតហេតុខុសៗគ្នា។ ប៉ុន្ដែហេតុការណ៍ដ៏អាក្រក់ខាងលើ បានកើតឡើង នៅត្រង់ចំណុចផ្លូវតូចមួយ នៃផ្លូវទៅកាន់ Carretera ដែលមានចម្ងាយ៦០គីឡូម៉ែត្រ នាភាគខាងកើត នៃរដ្ឋធានីលីម៉ា ហើយក៏ជាផ្លូវតភ្ជាប់ពីទីក្រុងលីម៉ាទៅកាន់តំបន់ជាច្រើន នៅកណ្ដាលភ្នំ Andes ផងដែរ។
លោក Cesar Cervantes ស្នងការប៉ូលិស បានបញ្ជាក់ថា រថយន្ដដែលជួបនឹងហេតុការណ៍ដ៏អាក្រក់នេះ បានដឹកអ្នកដំណើរចំនួន៦៣នាក់ ហើយជនរងគ្រោះចំនួន៣២នាក់បានបាត់បង់ជីវិត រួមទាំង កុមារ២នាក់ ហើយក្នុងនោះមានក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ និងក្មេងស្រីអាយុ៣ឆ្នាំម្នាក់។ ចំណែកអ្នកដំណើរផ្សេងទៀត បានរងរបួស។

លោកស្នងការប៉ូលិស បានបន្ថែមថា បើតាមអ្នកនៅរស់រានមានជីវិត បានប្រាប់ថា មុនពេលកើតហេតុនោះ រថយន្ដបានបើក នៅក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្ដបានកិតដុំថ្មមួយ ធ្វើឲ្យរថយន្ដក្រឡាច់ចង្កូត រេខុសផ្លូវ ធ្លាក់ពីលើច្រាំងចំណោតភ្នំ ដែលមានកម្ពស់២០០ម៉ែត្រតែម្ដង។
ប្រទេសប៉េរ៉ូ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានហេតុការណ៍ដ៏អាក្រក់ចំនួន២ករណី បានកើតឡើង ដោយសារទូកចំនួន២គ្រឿង បានក្រឡាប់លិច នៅក្នុងទន្លេអាម៉ាហ្សូន ស្ថិតក្នុងទឹកដីរបស់ខ្លួន ដោយបានបណ្ដាលឲ្យមនុស្ស២២នាក់បាត់បង់ជីវិត។ ចំណែកសាកសពរបស់ជនរងគ្រោះមួយចំនួនទៀត នៅតែរកមិនទាន់ឃើញ។ ដោយឡែក ក្នុងរយៈពេល២ថ្ងៃ មុនមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏មានរថយន្ដក្រុង២គ្រឿង បើកធ្លាក់ជ្រោះ នៅភាគអាគ្នេយ៍ នៃប្រទេសប៉េរូ បណ្ដាលឲ្យមនុស្ស១៧នាក់បាត់បង់ជីវិត៕ រក្សាសិទ្ធិដោយ៖សារាយSN


