បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មីជាង ១សែន និងករណីស្លាប់ថ្មីដោយកូវីដ-១៩ជាង១ ០០០នាក់ ហើយនេះជាចំនួនឆ្លង និងស្លាប់ថ្មី ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែកញ្ញា ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងឆ្លងថ្មី ១៤៩ ២៤៥នាក់ និងមានករណីស្លាប់ថ្មី ដោយកូវីដ-១៩ ចំនួន ១ ២០៩នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៤០,១លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៥៧ ៨៨៧នាក់ និងមានអ្នកជាសះស្បើយជាង៣១លាននាក់។
ដោយឡែកប្រទេសដែលមានអ្នកស្លាប់ថ្មីច្រើន ដោយកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ប្រេស៊ីល (ស្លាប់ថ្មី ៨៨២នាក់) រុស្ស៊ី (ស្លាប់ថ្មី ៧៩៥នាក់) អ៊ីរ៉ង់ (មានអ្នកស្លាប់ថ្មី ៦៤៣នាក់) ឥណ្ឌូនេស៊ី (មានអ្នកស្លាប់ថ្មី ៥៣២នាក់) ។ ចំណែកប្រទេសផ្សេងទៀត នៅតែមានអ្នកឆ្លងច្រើនដែរ តែតិចជាងបណ្ដាប្រទេសទាំងប៉ុន្មានខាងលើនេះ។

បើតគិតត្រឹមវេលាខាងលើ មានប្រទេស និងដែនដី ចំនួន២២០ នៅលើពិភពលោក បានរងគ្រោះដោយសារជំងឺកូវីដ-១៩ ដោយមានអ្នកឆ្លងសរុប ជាង២១៨,៤លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ជាង៤,៥លាននាក់ និង មានអ្នកជាសះស្បើយជាង១៩៥,៣លាននាក់៕រក្សាសិទ្ធិដោយ៖សារាយSN






