Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកភ្លៀង វាយប្រហារទៅលើ រដ្ឋភាគខាងកើតឥណ្ឌា គំរាមកំហែង ដល់ពលរដ្ឋរាប់សែននាក់

រដ្ឋធានីញូវដេលី ៖ ក្នុងរយៈពេលជាងមួយសប្ដាហ៍កន្លងមកនេះ ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង នៅក្នុងរដ្ឋភាគខាងកើត ប្រទេសឥណ្ឌា រហូតបង្កឲ្យមានទឹកជំនន់ ជន់លិចភូមិឋាន អស់ជាច្រើន ហើយកំពុងតែគំរាមកំហែងដល់ពលរដ្ឋរាប់សែននាក់ឲ្យបាត់បង់ទីជម្រក ដោយខ្លះឡើងទៅនៅពីលើដំបូងផ្ទះរបស់ពួកគេ និងអ្នកខ្លះទៀត រត់ទៅរកទីទួលមានសុវត្ថិភាព។

សារព័ត៌មាន Aljazeera បានផ្សាយ នៅថ្ងៃទី៣១ ខែសីហា ថា ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ជាគ្នា រហូតធ្វើឲ្យទឹកទន្លេ Brahmaputra និងទន្លេផ្សេងៗទៀត បានជន់ឡើងយ៉ាងខ្លាំង ហៀរហូរចេញមាត់ច្រាំង ហូរឆ្លងកាត់រដ្ឋ Assam និង រដ្ឋ Bihar ប្រទេសឥណ្ឌា។ ទឹកបានជន់ឡើងកម្ពស់២ម៉ែត្រ ជនលិចភូមិឋាន ជាច្រើន នៅតំបន់ភាគខាងកើតឥណ្ឌា។

ក្រុមមន្រ្ដីជំនាញ បានស្ដីបន្ទោសថា ទឹកជំនន់ប្រចាំឆ្នាំ កាន់តែអាក្រក់ឡើង ដោយសារការប្រែប្រួលអាកាសធាតុ។ អាជ្ញាធរ បានចេញផ្សាយថា ទឹកនៅឯទំនប់មួយ កំពុងតែមានការព្រួយបារម្ភ ពីការបាក់ ហើយវានឹងធ្វើឲ្យទឹកជន់លិច កាន់តែខ្លាំងឡើង។

មនុស្សរាប់សែននាក់ កំពុងតែជាប់ នៅក្នុងភូមិជាច្រើន មិនអាចធ្វើដំណើរទៅណាបាន ដោយសារទឹកជំនន់ កាត់ផ្ដាច់ផ្លូវឆ្លងកាត់ជាច្រើនកន្លែង។ ចំណែរដ្ឋាភិបាល នៃរដ្ឋ Assam បានបញ្ជាក់ថា ពលរដ្ឋជាង៤០០ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

អាជ្ញាធរ នៃរដ្ឋ Bihar និង រដ្ឋ Assam បានបញ្ជាក់ថា ពលរដ្ឋជាង ១២ ០០០នាក់ ត្រូវបាននាំទៅកាន់ជំរំជួយសង្រ្គោះ។ រីឯទំនប់ទឹក នៅក្នុងរដ្ឋ Bihar ក៏ត្រូវបើកទ្វារទឹកបង្ហូរ ដើម្បីចៀសវាងការបាក់ទំនប់ នាំឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ឡើង។ ជាមួយគ្នានេះ អាជ្ញាធរក៏បានជំរុញឲ្យពលរដ្ឋ នៅជិតតំបន់នោះ ត្រូវចាកចេញឲ្យឆ្ងាយ ដើម្បីសុវត្ថិភាព។

ដោយឡែកឧទ្យានជាតិ មានផ្ទៃដី៤៣០គីឡូម៉ែត្រការ៉េ ត្រូវទឹកជន់លិច អស់ប្រហែល៧០ភាគរយ។ ទឹកជំនន់ដ៏ខ្លាំងនេះ កំពុងតែគំរាមកំហែងដល់សត្វរមាស ក៏ដូចជាដំរី និងជ្រូកព្រៃផងដែរ។ ទោះជាយ៉ាងណា គេមិនទាន់ដឹង ពីទំហំ នៃការខូចខាត ដោយសារទឹកជំនន់នេះ ហើយចំនួនមនុស្សរងថ្នាក់ ឬបាត់បង់ជីវិត ក៏មិនទាន់ដឹង នៅឡើយដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN

×