Sunday, May 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ អះអាងថា កូរ៉េខាងជើងចាប់ផ្ដើមផលិតផ្លុយតូញ៉ូម

បរទេស ៖ រហូតមកដល់ពេលនេះ ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) បានអះអាងថា កូរ៉េខាងជើងកំពុងតែចាប់ផ្ដើម ដំណើរការម៉ាស៊ីនរែអាក់ទ័រ ផលិតសារធាតុផ្លុយតូញ៉ូម សម្រាប់ផលិតអាវុធមហាប្រល័យលោក។

បើតាមសារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែសីហា ថា ការចរចារំសាយអាវុធនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានជាប់គាំង ដោយសារទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យទីក្រុងព្យុងយ៉ាង ដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយជាពិសេស ដើម្បីរុះរើទីតាំងនុយក្លេអ៊ែររបស់ខ្លួន នៅ Yongbyon ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មជាលើកដំបូង ដែលបណ្តាលឱ្យខាតដល់កិច្ចព្រមព្រៀងនេះ។

ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានបញ្ជាក់ថា កូរ៉េខាងជើង ទំនងជាកំពុងតែចាប់ផ្ដើម ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ មួយកន្លែង សម្រាប់ចម្រាញ់សារធាតុផ្លុយតូញ៉ូម (plutonium) សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ IAEA បានសរសេរ នៅក្នុងរបាយការណ៍ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើង មិនបានដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅឯរោងចក្រ Yongbyon ទេ។ ប៉ុន្តែចាប់ពីដើមខែកក្កដា ឆ្នាំ២០២១មក កូរ៉េខាងជើង បានចាប់ផ្ដើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ។ សកម្មភាពនេះ ទំនងជាកូរ៉េខាងជើង កំពុងតែដំណើរការផលិតសារធាតុផ្លុយតូញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

IAEA បានបន្ថែមថា ភ្នាក់ងារថាមពលថអាតូមិក មិនអាចចូលទៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបណ្ដេញមន្ត្រីអធិការកិច្ច នៃ IAEA ចេញតាំងពីឆ្នាំ២០០៩មកម៉្លេះ។ IAEA ជឿថា កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលអាចនាំឲ្យប្រទេសឯកោមួយនេះ ធ្វើតេស្ដមីស៊ីលជាថ្មី នាពេលខាងមុខនេះ។ កូរ៉េខាងជើង បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ចុងក្រោយបំផុតរបស់របស់ខ្លួន កាលពី២០១៧។

សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្យាយាមចរចា រំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយនឹងលោក គឺម ជុងអ៊ុន ចំនួន២លើក ទាំងនៅក្នុងប្រទេសសិង្ហបុរី និងវៀតណាម ប៉ុន្ដែការចរចានោះត្រូវបរាជ័យ។ បច្ចុប្បន្ន នៅក្នុងរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏នៅតែព្យាយាមចរចា ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងបន្ដទៀត ដើម្បីស្វែងរកកិច្ចព្រមព្រៀង បញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនីស្ដមួយនេះ៕ រក្សាសិទ្ធិដោយ៖សារាយSN

×