រដ្ឋធានីវ៉ាស៊ីនតោន ៖ ក្រោយពេលក្រុមភេរវកររដ្ឋអ៊ិស្លាម (IS-K) បានវាយប្រហារបំផ្ទុះគ្រាប់បែកអត្ដឃាត ចំនួន២លើក និងខ្មាន់កាំភ្លើង បានបាញ់រះសំដៅទៅហ្វូងមនុស្ស បណ្ដាលឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន១៣នាក់ និងពលរដ្ឋ៧៧នាក់បាត់បង់ជីវិត ហើយរងរបួស១៥០នាក់នោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនតាមប្រមាញ់ និងសងសឹកទៅលើក្រុមភេរវករ។

លោកឧត្ដមសេនីយ៍ Frank McKenzie មេបញ្ជាការយោធាកណ្ដាលសហរដ្ឋអាមេរិក បានថ្លែងថា ការវាយប្រហាររបស់ក្រុមភេរវករ មិនអាចបញ្ឈប់សកម្មភាពជម្លៀសតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកបានទេ។ ការជម្លៀសតាមផ្លូវអាកាសនេះ ត្រូវតែធ្វើបន្ដ រហូតដល់បញ្ចប់ជាស្ថានពរ បើទោះជាមានការគំរាមកំហែងដល់សន្ដិសុខយ៉ាងណាក៏ដោយ។ យើងមានកម្លាំងសន្ដិសុខច្រើន សម្រាប់បោះទីតាំងឈរជើង នៅអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល ព្រោះយើងនៅមានមនុស្សប្រហែល ៥ ០០០នាក់ផ្សេងទៀត នឹងត្រូវជម្លៀសបន្ដ។
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការវាយប្រហារអត្ដឃាតនេះ បានបណ្ដាលឲ្យកងទ័ពសហរដ្ឋអាមេរិក ចំនួន១៣នាក់ បាត់បង់ជីវិត ហើយក្នុងនោះមានកងទ័ពម៉ារីន ចំនួន១១នាក់ និងពេទ្យកងទ័ពជើងទឹកម្នាក់។ ដោយឡែក កងទ័ពម៉ារីន១៨នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីកងទ័ពសហរដ្ឋអាមេរិក ក៏នៅមានជនស៊ីវិលរាប់សិបនាក់ទៀតបានស្លាប់ ហើយមនុស្សប្រហែល១៥០នាក់ផ្សេងទៀតរងរបួស។ ទោះជាយ៉ាងណា មន្រ្ដីយោធាសហរដ្ឋអាមេរិក បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើតឡើង ដោយសារមានអ្នករងរបួសធ្ងន់ច្រើន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថាដ៏រំជួលចិត្តមួយ ចេញពីសេតវិមាន ថា ការបង្ហូរឈាមចុងក្រោយនេះ នឹងមិនអាចបណ្តេញសហរដ្ឋអាមេរិក ឲ្យចាកចេញ ពីប្រទេសអាហ្វហ្កានីស្ថាន ឲ្យបានលឿនជាងការគ្រោងទុកនោះទេ។ ផ្ទុយទៅវិញ សកម្មភាពដ៏ឃោរឃៅនេះ មានតែជំរុញឲ្យកងទ័ពសហរដ្ឋអាមេរិក ពន្យារពេល មានវត្ដមាន នៅលើទឹកដីអាស៊ីកណ្ដាលមួយនេះទៅវិញទេ។ ជាមួយគ្នានេះ លោកប្រធានាធិបតីបានបញ្ជាដល់កម្លាំងយោធាសហរដ្ឋអាមេរិក ឱ្យបង្កើតផែនការ វាយប្រហារទៅលើក្រុមរដ្ឋអ៊ិស្លាម ( IS-K) ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងនឹងមិនបោះបង់ចោល យើងនឹងមិនបំភ្លេច ហើយយើងនឹងតាមប្រមាញ់ដល់ក្រុមភេរវករ និងឲ្យពួកភេរវករសងថ្លៃខូចខាតទាំងអស់នេះ»។

លោក Lioyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែសីហា បានបញ្ជាក់ថា ការជម្លៀសតាមអាកាស នឹងនៅតែបន្ដ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីបានសម្ដែងនូវការសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ និងមិត្ដរួមការងារទាំងអស់ ដែលបានបាត់បង់ជីវិត និងរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ នៅអាកាសយានដ្ឋានទីក្រុងកាប៊ូល។
នៅលើបណ្ដាសារព័ត៌មាន Amag News Channel ក្រុមរដ្ឋអ៊ិស្លាម បានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារទៅលើជនស៊ីវិល និងកងទ័ពសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល។ បណ្ដាញសាខារដ្ឋអ៊ិស្លាម ត្រូវបានគេស្គាល់ថា ខេត្ដខូរ៉ាសាន់រដ្ឋអ៊ិស្លាម (Islamic State-Khorasan = IS-K) បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទៅ លើកងទ័ពសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអាហ្វហ្គានីស្ថាន។ ក្រុម IS-K នេះតែងតែ ធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយពួកគេតម្រង់គោលដៅវាយប្រហារទៅលើក្មេងស្រីជាសិស្សសាលាថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN






