រដ្ឋធានីកាប៊ូល ៖ ការវាយប្រហារដោយគ្រាប់បែក ចំនួន២លើក នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ូល កាលពីថ្ងៃទី២៦ ខែសីហា តម្រង់គោលដៅទៅលើជនស៊ីវិល បានបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស ចំនូន២៥០នាក់ ហើយក្នុងនោះមានកងទ័ពសហរដ្ឋអាមេរិក ចំនួន១៣នាក់បានស្លាប់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយ នៅថ្ងៃទី២៧ ខែសីហា ថា បើទោះជាមានការវាយប្រហារពីក្រុមរដ្ឋអ៊ិស្លាម នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនបែបនេះក្ដី តែកងទ័ពសហរដ្ឋអាមេរិក នៅតែបន្ដជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ដែលរត់គេចខ្លួនចេញពីរបបគ្រប់គ្រងតាលីបង់។
លោកឧត្ដមសេនីយ៍ Frank McKenzie មេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក កំពុងតែរៀបចំទប់ទល់ ចំពោះការវាយប្រហារផ្សេងទៀត មកលើអាកាសយានដ្ឋានទីក្រុងកាប៊ូលនេះ។
លោក ចូ បៃដិន (Joe Biden) បានថ្លែង នៅក្នុងសេតវិមានថា លោកសន្យាត្រូវតែជម្លៀសប្រជាពលរដ្ឋ ចេញពីអាហ្វហ្គានីស្ថាន រហូតដល់ថ្ងៃទី៣១ ខែសីហា តាមកាលកំណត់។ លោកប្រធានាធិបតី បេជ្ញាចិត្តថា សហរដ្ឋអាមេរិកនឹងតាមប្រមាញ់ជនដៃដល់ នៅពីក្រោយការវាយប្រហារទាំង២លើកនេះ ហើយធ្វើឲ្យពួកគេសងទៅលើការខូចខាតទាំងអស់នេះ។
មន្រ្ដីសុខាភិបាលទីក្រុងកាប៊ូល បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានជនស៊ីវិលចំនួន៦០នាក់បានស្លាប់ នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី២៦ ខែសីហា ។ ពួកភេរវករបានវាយបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ និងមានការបានប្រហារផងដែរ។.
បើតាមសារព័ត៌មាន BBC បានផ្សាយថា មានការវាយប្រហារដោយគ្រាប់បែកចំនួន២លើក នៅអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល។ ពួកភេរវករបានតម្រង់គោលដៅទៅលើពលរដ្ឋ ខណៈពួកគេកំពុងព្យាយាមរត់ភៀសខ្លួន ចេញពីអាហ្វហ្គានីស្ថាន។ នៅក្នុងហេតុការណ៍ដ៏ឃោរឃៅនោះ បានបណ្ដាលឲ្យមានអ្នកស្លាប់សរុប ចំនួន៩០នាក់ ហើយក្នុងនោះមានពលរដ្ឋ ៧៧នាក់ និងកងទ័ពសហរដ្ឋអាមេរិកចំនួន១៣នាក់។ ដោយឡែកមនុស្ស១៥០នាក់ផ្សេងទៀត បានរងរបួស។
ការវាយប្រហារនេះ បានកើតឡើង នៅខាងក្រៅច្រកទ្វា Abbey ជាកន្លែងដែលកងទ័ពសហរដ្ឋអាមេរិក និងអង់គ្លេសឈរជើង ហើយក៏មានសណ្ឋាគារមួយនៅជិតនោះផងដែរ។ ការវាយប្រហារនេះបានកើតឡើង ក្រោយពេលមានការព្រមានថា អាចនឹងមានកងជីវពលវាយប្រហារដោយសារប្រទេសជាច្រើនបានជម្លៀសពលរដ្ឋ រហូតដល់ថ្ងៃទី៣១ ខែសីហា។ ដោយសារតែមានការភ័យខ្លាចនឹងតាលីបង់ ធ្វើឲ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន បានសម្រុកកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល ហើយសម្រុករត់ភៀសខ្លួនទៅកាន់ព្រំដែន រវាង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៕ រក្សាសិទ្ធិដោយ៖សារាយSN









