Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានក្រឹមឡាំង នៅតែចាត់ទុកតាលីបង់ ជាអង្គការភេរវករ បញ្ជូនយន្ដហោះទៅដឹកជញ្ជូនពលរដ្ឋរបស់ខ្លួន

រដ្ឋធានីមូស្គូ ៖ រហូតមកដល់ពេលនេះ ថ្វីបើរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ត្រូវបានពួកឧទ្ទាមផ្ដួលរំលំ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយកាន់កាប់ប្រទេសនេះស្ទើរទាំងស្រុងហើយក្ដី តែរុស្ស៊ីនៅតែប្រកាន់ជំហរម៉ឺងម៉ាត់របស់ខ្លួន ចាត់ទុកក្រុមនេះ ជាអង្គការភេរវករ ហើយបញ្ជូនយន្ដហោះជាច្រើនគ្រឿង ទៅជម្លៀសពលរដ្ឋ និងមន្រ្ដីការទូត។

សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសពីដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន អស់រយៈពេលជាង៤ខែមកនេះ ពួកតាលីបង់បានចាប់យកឱកាសនេះ វាយដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន រហូតគ្រប់គ្រងស្ទើរតែទាំងស្រុង។ ប៉ុន្ដែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងមូស្គូ នៅតែបន្ដគិតពិចារណាលើតាលីបង់ ត្រូវបានតុលាការរុស្ស៊ី បានចាត់ទុកជាអង្គការភេរវករ ក្រោយពេលពួកនេះជួយដល់ក្រុមភេរវករ នៅ Chechen ដើម្បីបំបែកខ្លួនចេញពីរុស្ស៊ី។

លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា រហូតមកដល់ពេលនេះ រុស្ស៊ី នៅមិនទាន់ទទួលស្គាល់តាលីបង់នៅឡើយ។ ប៉ុន្ដែរុស្ស៊ីទទួលស្គាល់ការពិតថា ក្រុមប្រដាប់អាវុធតាលីបង់ បានវាយដណ្ដើមគ្រប់គ្រងលើដែនដី ភាគច្រើន នៃប្រទេសអាហ្វហ្គានីស្ថាន។

លោក Dmitry Peskov បានប្រាប់ដល់អ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា បច្ចុប្បន្ន រុស្ស៊ីកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍កំពុងតែវិវឌ្ឍ នៅអាហ្វហ្គានីស្ថាន។ ទោះជាយ៉ាងណា ការពិត យើងជឿថា តាលីបង់នឹងឡើងកាន់អំណាច ហើយគ្រប់គ្រងដែនដី ភាគច្រើន នៃប្រទេសអាហ្វហ្គានីស្ថាន។ ដោយឡែក ដែនដីភាគតូចមួយផ្នែកទៀត ត្រូវស្ថិតក្រោមចលនាតស៊ូរបស់អាហ្វហ្គានីស្ថាន ប្រឆាំងនឹងតាលីបង់ ដែលហៅកាត់ NRF ស្ថិតនៅជ្រលងភ្នំ Panjsir ។

លោក Dmitry Peskov បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងមូស្គូ ចង់ឃើញសន្ដិភាព និងស្ថិរភាព នៅអាហ្វហ្គានីស្ថាន។ រុស្ស៊ីកំពុងតែតាមឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ននូវអ្វីដែលតាលីបង់ ធ្វើបន្ទាប់ ទាក់ទងនឹងការធានាសណ្ដាប់ធ្នាប់ ជាពិសេស ពលរដ្ឋរុស្ស៊ី និងមន្រ្ដីការទូតរុស្ស៊ី នៅក្នុងប្រទេស ដែលប្រឈមនឹងការព្រួយបារម្ភខ្លាំងនេះ។

រហូតមកដល់ពេលនេះ រុស្ស៊ី បានបញ្ជូនយន្ដហោះរបស់ខ្លួនជាច្រើនគ្រឿង រួមមាន MoD IL-62 និងយន្ដហោះ Il-76 ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល។ នៅក្នុងយន្ដហោះដឹកជញ្ជូនរបស់រុស្ស៊ីនោះ ក៏បានបញ្ជូនក្រុមគ្រូពេទ្យ ទឹក អាហារ និងសម្ភារផ្គត់ផ្គង់ផ្សេងៗទៀត សម្រាប់ជួយដល់ពលរដ្ឋ ចំនួន៥០០នាក់ រួមមាន ជនជាតិរុស្ស៊ី ប៊ែឡារុស គីហ្គីស្ថាន (Kyrgyzstan) តាជីគីស្ថាន (Tajikistan) អ៊ុសប៊ែគីស្ថាន (Uzbekistan) និងអ៊ុយក្រែន ដែលត្រូវជម្លៀស ចេញពីអាហ្វហ្គានីស្ថាន។

តុលាការរុស្ស៊ី បានចាត់ទុកតាលីបង់ ជាអង្គការភេរវករ នៅក្នុងឆ្នាំ២០០៣ ក្រោយពេលកងជីវពលតាលីបង់ បានគាំទ្រដល់ការប៉ុនប៉ងរបស់ភេរវករចេចែន (Chechen) ដើម្បីផ្ដាច់ខ្លួនចេញពីរុស្ស៊ី ហើយលក់អាវុធធុនធ្ងន់ទៅឲ្យក្រុមនេះ តាមសប្បុរធម៌សាអូឌីដ ដែលគេស្គាល់ថា al-Haramain ៕រក្សាសិទ្ធិដោយ៖សារាយSN

×