បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ជាង៧០០ ០០០ និងមានករណីស្លាប់ថ្មី ជាង ១០ ០០០នាក់ ហើយសហរដ្ឋអាមេរិក កំពុងតែចាប់ផ្ដើមផ្ទុះការឆ្លង និងស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃខ្លាំងឡើងវិញ ក្រោយការឆ្លង និងស្លាប់ នៅក្នុងប្រទេសមហាអំណាចកំពូល លើលោកមួយនេះ ថយចុះមួយរយៈកន្លងមក។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែសីហា ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៧០០ ០៣៣នាក់ និងមានករណីស្លាប់ថ្មី ១០ ៦២៩នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងសរុប ជាង២១៥លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៤,៤លាននាក់ និង មានអ្នកជាសះស្បើយ ជាង១៩២,៦លាននាក់។
សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ១៦២ ៣៧២នាក់ និង មានករណីស្លាប់ថ្មី ១ ១៨០នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣៩,៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៥១ ៩០៦នាក់ និង មានអ្នកជាសះស្បើយជាង ៣០,៧លាននាក់។
ម៉ិកស៊ីក មានករណីស្លាប់ថ្មី ដោយជំងឺកូវីដ ៩៨៦នាក់ និងរកឃើញករណីឆ្លងថ្មី ២១ ២៥០នាក់។ ប្រទេសនៅទ្វីបអាមេរិកខាងជើងមួយនេះ មានអ្នកឆ្លងសរុប ជាង៣,២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៥៥ ៤៥២នាក់ និងមានអ្នកជាសះស្បើយជាង ២,៦លាននាក់។

ឥណ្ឌូនេស៊ី កាលពីប៉ុន្មានថ្ងៃមុន មានអ្នកស្លាប់ប្រចាំថ្ងៃ ដោយកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក តែនៅពេលនេះ បានធ្លាក់មកលេខ៣ ដោយមានករណីស្លាប់ថ្មី ៨៨៩នាក់ និងរកឃើញករណីឆ្លងថ្មី ១៦ ៨៩៩នាក់។ ប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់១៣០ ១៨២នាក់ និង មានអ្នកជាសះស្បើយ ជាង៣,៦លាននាក់។
នៅលើពិភពលោក ប្រទេស ដែលមានអ្នកស្លាប់ថ្មី ដោយកូវីដ-១៩ច្រើន សម្រាប់ថ្ងៃនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ម៉ិកស៊ីក និងឥណ្ឌូនេស៊ី មានដូចជា ប្រេស៊ីល មានអ្នកស្លាប់ថ្មី ៨៣៥នាក់, រុស្ស៊ី មានអ្នកស្លាប់ថ្មី៨២០នាក់, អ៊ីរ៉ង់ មានអ្នកស្លាប់ថ្មី ៦៩៤នាក់, ឥណ្ឌា មានករណីស្លាប់ថ្មី៤៩៣នាក់….។ ដោយឡែកប្រទេសផ្សេងទៀតនៅតែមានអ្នកស្លាប់ ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនដែរ តែតិចជាងប្រទេសខាងលើ។ ចំណែកប្រទេសដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អ៊ីរ៉ង់ អេស្ប៉ាញ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ីក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ប៉េរូ ហូឡង់ ហ្វីលីពីន …ជាដើម៕រក្សាសិទ្ធិដោយ៖សារាយSN







