រដ្ឋធានីហាណូយ ៖ លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម ក៏បានព្រមានដល់ចិន ថា សហរដ្ឋអាមេរិក នឹងឈរនៅជាមួយសម្ព័ន្ធមិត្ត នៅតំបន់អាស៊ាន ហើយបន្ដប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញការអះអាងថា ដែនទឹកភាគច្រើន នៅក្នុងចិនខាងត្បូង ស្ថិតក្នុងដែនអធិតេយ្យភាពរបស់ចិន។

បើតាសារព័ត៌មាន CNA បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី២៦ ខែសីហា ថា មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅវៀតណាម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នោះ លោកស្រី ខាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញការអះអាងថា សមុទ្រចិនខាងត្បូង ភាគច្រើន ស្ថិតក្នុងអធិបតេយ្យភាពរបស់ចិន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ពន្ធមិត្ត នៅក្នុងតំបន់អាស៊ាន ហើយសហរដ្ឋអាមេរិក នឹងបន្ដប្រឆាំងចំពោះការអះអាងរបស់ចិន ទៅលើសមុទ្រចិនខាងត្បូងនេះ។
លោកស្រី ខាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះការសម្លុតគំរាមកំហែងដល់ប្រទេសជិតខាង នៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិ។ លោកស្រី បានបញ្ជាក់ថា «យើងនឹងនិយាយសំដៅទៅលើរដ្ឋាភិបាលប៉េកាំង ដែលរំលោភលើបទបញ្ជាអន្ដរជាតិ ដោយផ្អែកលើច្បាប់ …ក៏ដូចជាសកម្មភាព នៅក្នុងសមុទ្រចិនខាងត្បូង។ សេរីភាព នៃការធ្វើនាវាចរណ៍ គឺជាបញ្ហាដ៏មានសារសំខាន់បំផុត នៅក្នុងតំបន់»។

សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ហើយសម្បូរទៅដោយជីវចម្រុះ រ៉ែគ្រប់ប្រភេទ និង ឧស្ម័ន។ ដែនសមុទ្រដ៏ធំល្វឹងល្វើយនេះ មានពាណិជ្ជកម្មឆ្លងកាត់ទៅកាន់ទីផ្សារពិភពលោក គិតជាប្រាក់ មានទំហំ៣លានលានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែដែនសមុទ្រនោះ ត្រូវរដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថា ទំហំ៨០ភាគរយ នៃសមុទ្រចិនខាងត្បូង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន។ ជាមួយនឹងការអះអាងបែបនេះ ចិនតែងតែបង្កើននូវសកម្មភាពយោធា និង បោះទីតាំងមូលដ្ឋានកងទ័ព នៅលើកោះសិប្បនិមិត្ដ ទើបបង្កឲ្យមានជម្លោះដល់ប្រទេសនានា នៅក្នុងតំបន់ រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់។

ដោយសារតែមានការអះអាងរបស់ចិនបែបនេះ ទើបសហរដ្ឋអាមេរិកតែងតែបញ្ជូននាវាផ្ទុកយន្ដហោះ អមដោយនាវាចម្បាំងជាច្រើនគ្រឿង ចេញល្បាត នៅក្នុងដែនសមុទ្រចិនខាងត្បូង ក្រោមការអះអាងថា នេះជាសេរីភាព នៃការធ្វើនាវាចរណ៍ តាមច្បាប់អន្ដរជាតិ។ ជាមួយគ្នានេះ អង់គ្លេស ក៏បញ្ជូននាវាផ្ទុកយន្ដហោះចំនួន២គ្រឿង អមដោយនាវាមុជទឹក និង នាវាប្រយុទ្ធជាច្រើនគ្រឿង ចូលមកកាន់ដែនសមុទ្រមានជម្លោះនេះ។ ស្របគ្នានោះ សម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិករួមមាន ឥណ្ឌា ជប៉ុន បារាំង អូស្រ្ដាលី និងហូឡង់ ក៏បានបញ្ជូននាវាចម្បាំងរបស់ខ្លួន ចូលមកល្បាត និងធ្វើសមយុទ្ធ នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ៕រក្សាសិទ្ធិដោយ៖សារាយSN














