Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំចលនាតស៊ូអាហ្វហ្គានីស្ថាន ប្ដេជ្ញាមិនចុះចាញ់តាលីបង់

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចូលទៅក្នុងក្រោមកណ្ដាប់ដៃរបស់តាលីបង់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះមក ចលនាតស៊ូរបស់អាហ្វហ្គានីស្ថានបានងើបឡើង ហើយមេដឹកនាំចលនានេះ បានប្ដេជ្ញាចិត្តថា ក្រុមចលនាតស៊ូរបស់លោក នឹងមិនព្រមចុះចាញ់ក្រុមភេរវករតាលីបង់នោះឡើយ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែសីហា ថា បើតាមបទសម្ភាសន៍មួយ ដែលចុះផ្សាយ ដោយ Paris Match បានឲ្យដឹងថា មេដឹកនាំចលនាតស៊ូប្រឆាំងនឹងតាលីបង់ បានសន្យា មិនចុះចាញ់នោះឡើយ។ ប៉ុន្ដែមេដឹកនាំរូបនេះ បានអះអាងថា ក្រុមចលនាតស៊ូរបស់លោក នៅតែបើកចំហ សម្រាប់ការចរចាប្រកបដោយស្ថាបនាជាមួយនឹងអ្នកគ្រប់គ្រងថ្មី នៅលើទឹកដីអាហ្វហ្គានីស្ថាន។

លោក Ahmad Massoud ជាកូនប្រុសរបស់មេបញ្ជាការឧទ្ទាមអាហ្វហ្គានីស្ថាន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺលោក Ahmad Shah Massoud ដែលត្រូវក្រុមភេរវករអាល់កៃដាសម្លាប់។ ក្រុមចលនាតស៊ូនេះ បានដកថយទៅកាន់ជ្រលងភ្នំ Panjshir នៅភាគខាងជើង ទីក្រុងកាប៊ុល រួមជាមួយអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានដែលរត់ភៀសខ្លួន លោក Amrullah Saleh ។

លោក Ahmad Massoud បានប្រាប់លោក Bernard-Henri Levy ជាទស្សនវិទូជនជាតិបារាំង នៅក្នុងកិច្ចសម្ភាសន៍ ជាលើកដំបូងរបស់គាត់ ចាប់តាំងពីពួកតាលីបង់ បានដណ្ដើមគ្រប់គ្រងរដ្ឋធានីកាប៊ូល ថា «ខ្ញុំសុខចិត្តស្លាប់ ប្រសើរជាងការចុះចាញ់ ព្រោះការចុះចាញ់ មិនមែនជាពាក្យ មាននៅក្នុងមាត់របស់ខ្ញុំនោះឡើយ។ ខ្ញុំជាកូនប្រុសរបស់មេបញ្ជាការដ៏ល្បីល្បាញមួយរូប គឺលោក Ahmad Chah Massoud សុខចិត្តស្លាប់ តែមិនព្រមចុះចាញ់នោះឡើយ»។

ក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់ បានបោះទីតាំង ការពារជ្រលងភ្នំ Panjshir ។ នៅលើកំពូលភ្នំដ៏កម្សត់មួយនេះ ធ្លាប់មានប្រវត្ដិ តស៊ូទប់ទល់នឹងការឈ្លានពាន របស់បរទេស អស់ជាច្រើនទសវត្សរ៍កន្លងមកហើយ ហើយបច្ចុប្បន្ន ក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់ បានបាញ់កាំភ្លើងយន្តធុនធ្ងន់ ចូលទៅក្នុងជ្រលងភ្នំដ៏ជ្រៅមួយនេះ។ ក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់ ជាសមាជិក នៃរណសិរ្សតស៊ូជាតិ (NRF) ។ ក្រុមចលនាតស៊ូដ៏លេចធ្លោរបស់អាហ្វហ្គានីស្ថានមួយនេះ បានកើតឡើង ចាប់តាំងពីពួកឧទ្ទាមតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ហើយកាន់កាប់រដ្ឋធានីកាប៊ូល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មាន Hindustan Time បានផ្សាយថា លោក Amrullah Saleh អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលរត់ភៀសខ្លួន ទៅកាន់ជ្រលងភ្នំ Panjshir បានបញ្ជាក់ថា លោកនឹងមិនអាចជ្រកក្រោមដំបូលតាលីបង់ ហើយក៏នឹងឱនគោរពពួកភេរវករតាលីបង់ឡើយ។

លោក Amrullah Saleh បានប្រកាស តាមបណ្ដាញសង្គមថា លោកនឹងមិនឱនក្បាលគោរពដល់ពួកតាលីបង់ឡើយ ហើយក៏មិនស្ថិតក្រោមកាលៈទេសៈណាមួយនោះទេ។ លោកមិនក្បត់ឆន្ទៈ និងកេរតំណែលបុព្វវីរជនរបស់លោក គឹលោក Ahmad Shah Masoud ជាមេបញ្ជាការ និងជាមគ្គុទ្ទេសក៍នោះដែរ។ ប៉ុន្ដែអ្វីដែលលោកមិនខកចិត្តបំផុត ត្រង់ថា មនុស្សរាប់លាននាក់ មិនស្តាប់តាមលោក ហើយលោកក៏នឹងមិននៅក្រោមការគ្រប់គ្រងណាមួយជាមួយតាលីបង់នោះឡើយ។

លោក Amrullah Saleh បានចាកចេញពីទីក្រុងកាប៊ូល ហើយអាចធ្វើដំណើរ តាមជ្រលងភ្នាម Panhshiri ។ ស្របគ្នានោះដែរ លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ត្រូវបានគេរាយការណ៍ថា កងទ័ពសហរដ្ឋអាមេរិក ជម្លៀសចេញពីទីក្រុងកាប៊ូល ហើយនាំទៅកាន់រដ្ឋធានី Dushanbe ប្រទេសតាជីគីស្ថាន (Tajikistan)។ ប៉ុន្ដែព័ត៌មានចុងក្រោយ មានសេចក្ដីរាយការណ៍ ថា លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប់រួម មុនពេលតាលីបង់ ចូលដល់វិមានប្រធានាធិបតី៕រក្សាសិទ្ធិដោយ ៖ សារាយSN

×