រដ្ឋធានីកាប៊ូល ៖ ក្រោយពេលក្រុមរដ្ឋអ៊ិស្លាម នៅអាហ្វហ្គានីស្ថាន គំរាមវាយប្រហារមកលើអាកាសយានដ្ឋានទីក្រុងកាប៊ូលនោះមក សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានព្រមានដល់ពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីទីនោះ ហើយចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ក្នុងអំឡុងពេលមានការគំរាមកំហែងដល់សន្ដិសុខបែបនេះ។ នេះបើតាមសារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស កាលពីល្ងាច ថ្ងៃទី២៥ ខែសីហា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ក្រោយមានមនុស្សរាប់ពាន់នាក់ កំពុងរង់ចាំស្ថិតនៅខាងក្រៅ និងខាងក្នុងអាកាសយានដ្ឋានទីក្រុងកាប៊ូល ដើម្បីឡើងយន្ដហោះ ភៀសខ្លួនចាកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន។ សេចក្ដីប្រកាសព័ត៌មាននេះ បានកើតឡើង ក្រោយពេលមានការគំរាមកំហែងដល់សន្ដិសុខ នៅក្នុងអាកាសយានដ្ឋាន ពីក្រុមភេរវកម្មរដ្ឋអ៊ិស្លាម នៅអាហ្វហ្គានីស្ថាន។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «យើងនឹងធ្វើអ្វីគ្រប់យើង ដែលយើងអាចធ្វើបាន ដើម្បីជម្លៀសពលរដ្ឋអាមេរិកាំង សម្ពន្ធមិត្តអាហ្វហ្គានីស្ថានរបស់យើង ដៃគូនានា និងពលរដ្ឋអាហ្វហ្គានីស្ថាន ប្រកបដោយសុវត្ថិភាព ព្រោះពួកគេបានចូលរួមការងារជាមួយនឹងសហរដ្ឋអាមេរិក»។
ការជម្លៀសពលរដ្ឋជាច្រើនជាតិសាសន៍ តាមផ្លូវអាកាស បានកើនឡើងដល់ ជាង ៨២ ០០០នាក់ ក្រោយប្រទេសអាហ្វហ្គានីស្ថាន ធ្លាក់ក្រោមកណ្ដាប់ដៃរបស់ពួកឧទ្ទាមតាលីបង់ ក្នុងរយៈពេល១០ថ្ងៃមកនេះ។ ស្របគ្នានេះដែរ ប្រទេសជាច្រើនទៀត រួមទាំង រុស្ស៊ី ផងដែរ កំពុងតែប្រញាប់ប្រញាល់ បញ្ជូនយន្ដហោះជាច្រើនគ្រឿងទៅជម្លៀសមន្រ្ដីស្ថានទូត និងពលរដ្ឋរបស់ខ្លួន តាមកាលបរិច្ឆេទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

លោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា តាលីបង់ បានប្រឆាំងជំទាស់ នឹងការពង្រីកពេលវេលាជម្លៀស តាមផ្លូវអាកាសនេះ។ ប៉ុន្ដែទោះជាយ៉ាងណា តាលីបង់ បានសន្យាថា នឹងអនុញ្ញាតឲ្យជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថាន ចាកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយកាលបរិច្ឆេទកំណត់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ក្រើនរំឭកដល់ពលរដ្ឋ ដែលកំពុងរង់ចាំ នៅច្រកទ្វារ Abbey, ច្រកទ្វារខាងកើត ឬខាងលិច ត្រូវតែប្រញាប់ចាកចេញពីទីនោះជាបន្ទាន់។ ចក្រភពអង់គ្លេស ក៏បានចេញសេចក្ដីណែនាំស្រដៀងគ្នានេះ ដោយសុំឲ្យពលរដ្ឋចាកចេញពីទីនោះ ដើម្បីគេចទៅរកទីកន្លែងមានសុវត្ថិភាព ហើយរង់ចាំសេចក្ដីជូនដំណឹងជាថ្មី។

ចក្រភពអង់គ្លេស បានបញ្ជាក់ថា ប្រតិបត្ដិការជម្លៀសរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែសីហា បានដឹកមនុស្សចំនួន ១ ២០០នាក់ផ្សេងទៀត ចេញពីអាហ្វហ្គានីស្ថាន។ ចក្រភពអង់គ្លេស ក៏ដូចជាំប្រទេសផ្សេងៗទៀត កំពុងតែប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ខ្លួន ក៏ដូចជា បុគ្គលិកអាហ្វហ្គានីស្ថាន និងអ្នកកាន់ទិដ្ឋាការ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ឲ្យបានមុនថ្ងៃកំណត់ ស្របពេលមានការគំរាមកំហែងវាយប្រហារពីក្រុមរដ្ឋអ៊ិស្លាម នៅអាហ្វហ្គានីស្ថាន៕រក្សាសិទ្ធិដោយ៖សារាយSN










