រដ្ឋធានីវ៉ាស៊ីនតោន ៖ វ៉ាក់សាំងបង្កើតឡើង ដោយក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក និងBioNTech របស់អាល្លឺម៉ង់ ក្លាយជាវ៉ាក់សាំងដំបូងគេ ត្រូវបានរដ្ឋបាលចំណីអាហារ និង ឱសថ (FDA) របស់សហរដ្ឋអាមេរិក ទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃចន្ទ ( ទី២៣ ខែសីហា ឆ្នាំ២០២១) ហើយក្រុមហ៊ុន Pfizer នឹងបង្កើនល្បឿន ផលិតវ៉ាក់សាំងយ៉ាងពិសេស ដោយផ្ដោតទៅលើវីរុសបំប្លែងខ្លួនថ្មី Delta ។

សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា វ៉ាក់សាំងបង្ការកូវីដ-១៩ បង្កើតឡើង ដោយក្រុមហ៊ុន Pfizer និង BioNTech ក្លាយជាវ៉ាក់សាំងដំបូងគេទទួលបានការអនុញ្ញាតជាផ្លូវការ ដោយរដ្ឋបាលចំណីអាហារ និង ឱសថ (FDA) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែសីហា ។ ក្រោយពេល FDA អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ភ្លាម លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញដល់ថ្នាក់ដឹកនាំ ទាំងវិស័យរដ្ឋ និងឯកជន ត្រូវប្រើប្រាស់ការអនុម័តរបស់ FDA នេះ ដើម្បីអនុវត្ដនូវតម្រូវការវ៉ាក់សាំង និង ទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួន Delta ។
លោក Albert Bourla ប្រធានក្រុមហ៊ុន Pfizer និង ជានាយកប្រតិបត្ដិ បានឲ្យដឹងថា ស្របពេលវ៉ាក់សាំង Pfizer-BioNTech ត្រូវបានទទួលស្គាល់ជាផ្លូវការពី FDA ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Pfizer មិនបានបង្អែរបង្អង់ឡើយ ហើយបច្ចុប្បន្ន កំពុងតែស្រាវជ្រាវបង្កើតវ៉ាក់សាំងថ្មីយ៉ាងពិសេសផ្សេងទៀត សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Delta ដែលឆ្លងខ្លាំងបំផុតបន្ថែមទៀត។
លោក Albert Bourla ប្រធានក្រុមហ៊ុន Pfizer និង ជានាយកប្រតិបត្ដិ បានប្រាប់ដល់កម្មវិធីព័ត៌មានពេលរាត្រី របស់ទូរទស្សន៍ NBC ថា «យើងកំពុងតែធ្វើរឿងត្រឹមត្រូវ បើនិយាយពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី។ ខ្ញុំដឹងច្បាស់ថា យើងនឹងមិនត្រូវការវាទេ ព្រោះការចាក់វ៉ាក់សាំងជំរុញ គឺវាច្រើនខ្លាំងណាស់ ហើយវាមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ។

លោក Albert Bourla ប្រធានក្រុមហ៊ុន Pfizer និង ជានាយកប្រតិបត្ដិ បានបញ្ជាក់ថា មនុស្សពីដំបូង មានការស្ទាក់ស្ទើរ ក្នុងការទទួលការចាក់វ៉ាក់សាំង ប៉ុន្ដែឥឡូវមានអារម្មណ៍ធូរស្រាល ក្រោយ FDA បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ចំពោះការចាក់វ៉ាក់សាំង២ដូស។ ចំណែកផលប៉ះពាល់ធ្ងន់ធ្ងរ វាកម្រនឹងកើតមានខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖សារាយSN








