បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាព នៃជំងឺកូវីដ-១៩ នៅលើពិភពលោក បានផ្ទុះខ្លាំងឡើងវិញ ទាំងស្លាប់ និងការឆ្លង ហើយសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ប្រចាំថ្ងៃ ជាង១ ០០០នាក់ដូចគ្នា។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៦១០ ៤០៤នាក់ និងករណីស្លាប់ថ្មី ៩ ៩៦២នាក់។ នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងសរុប ជាង ២១៣,៩លាននាក់ (213 904 889នាក់) ស្លាប់ ៤ ៤៦៣ ៤៥០នាក់ និងជាសះស្បើយជាង ១៩១,៤លាននាក់ (191 428 866 នាក់)។
សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះខ្លាំងជាងគេ រកឃើញករណីឆ្លងថ្មី ១១៤ ០៦៦នាក់ និង មានករណីស្លាប់ថ្មី ១ ០៣៨នាក់ ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣៨,៩លាននាក់ (៣៨ ៩៣៣ ៦៨១នាក់) ស្លាប់ ៦៤៨ ០២៨នាក់ និង មានអ្នកជាសះស្បើយ ជាង៣០,៦លាននាក់ (៣០ ៦ ១៧ ៤៧៩នាក់) ។

ឥណ្ឌូនេស៊ី រកឃើញករណីឆ្លងថ្មី ១៩ ១០៦នាក់ និងមានករណីស្លាប់ថ្មី ១ ០៣៨នាក់។ បច្ចុប្បន្ន ប្រទេសមួយនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក ។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤លាននាក់ (៤ ០០៨ ១៦៦នាក់) ស្លាប់ ១២៨ ២៥២នាក់ និងមានអ្នកជាសះស្បើយ ជាង៣,៦លាននាក់ (៣ ៦០៦ ១៦៤នាក់)។
ចិនជាប្រភពដើម នៃជំងឺកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៣៥នាក់ តែមិនមានករណីស្លាប់ថ្មីនោះឡើយ។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ៩៤ ៦៨៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៨៨ ៤១៧នាក់។
ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក បន្ទាប់ពិ សហរដ្ឋអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់…ជាដើម។ ប្រទេសទាំងនេះ នៅតែមានចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីច្រើន តែថ្ងៃនេះ មានអ្នកស្លាប់តិចជាងសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី៕ រក្សាសិទ្ធិដោយ៖សារាយSN






