រដ្ឋធានីកាប៊ូល ៖ រហូតមកដល់ពេលនេះ មន្រ្ដីអង្គការសហប្រជាជាតិ បានទទួលរបាយការណ៍គួរឲ្យទុកចិត្តបាន គឺតាលីបង់កំពុងតែរឹតបន្ដឹងទៅលើស្ដ្រីអាហ្វហ្គានីស្ថាន មិនឲ្យចាកចេញពីផ្ទះ ក្រោមហេតុផលថា ដើម្បីធ្វើឲ្យប្រាកដពីសុវត្ថិភាពរបស់ពួកនាង។

បើតាមសារព័ត៌មាន BBC បានផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា ថា លោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់ បានប្រាប់ដល់អ្នករាយការណ៍ព័ត៌មានថា ស្រ្ដីជាអ្នកធ្វើការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវតែស្នាក់នៅក្នុងផ្ទះ រហូតពេលណាមានការរៀបចំប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ហើយវិធានការនេះ ក៏ដើម្បីធ្វើឲ្យប្រាកដថា ពួកនាងមានសុវត្ថិភាព។
តាលីបង់ បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ ។ រដ្ឋាភិបាលតាលីបង់ នាពេលនោះ បានអនុវត្ដច្បាប់អ៊ិស្លាមដ៏តឹងរឹង ប្រឆាំងនឹងស្រ្ដីភេទ ដោយមិនអនុញ្ញាតឲ្យស្រ្ដីចាកចេញពីផ្ទះ ដោយមិនមានសាច់ញាតិជាបុរសទៅជាមួយ។ រហូតមកដល់ពេលនេះ ពួកតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានសាជាថ្មី ក្រោយពេលផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន។

លោកស្រី Michelle Bachelet ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា សិទ្ធិរបស់ស្រ្ដីបានស្ថិតនៅលើបន្ទាត់ក្រហមហើយ។ អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ ពីរបាយការណ៍គួរឲ្យទុកចិត្ត ចំពោះការំលោភបំពាននានា បង្កឡើងដោយតាលីបង់ ហើយអ្វីជាការកត់សម្គាល់ គឺការរឹតបន្ដឹងទៅលើសិទ្ធិរបស់ស្ដ្រី និងក្មេងស្រី។
លោកស្រី Michelle Bachelet បានបញ្ជាក់ថា យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសិទ្ធិរបស់ស្រ្ដី។ ជាមួយគ្នានេះ លោកស្រីក៏បានទទួលរបាយការណ៍ជាច្រើនថា តាលីបង់បានដើរជ្រើសរើសកុមារ នាំមកឲ្យធ្វើជាទាហាន និងមានការកាត់ទោសប្រហារជីវិតថែមទៀតផង។ លោកស្រីនឹងយកបញ្ហានេះទៅនិយាយ នៅក្នុងកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហរប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។ បន្ទាប់ពីនោះ ក្រុមប្រឹក្សានេះ នឹងអនុម័តនូវសេចក្តីសម្រេចមួយ ដែលបញ្ជាក់ពី «ការប្តេជ្ញាមិនផ្លាស់ប្តូរ» ចំពោះសិទ្ធិរបស់ស្ត្រី និងក្មេងស្រី។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចរចាជាមួយនឹងមេដឹកនាំ នៃប្រទេសមានឧស្សាហកម្មនាំមុខគេ G7 ស្ដីពីការពង្រីកពេលវេលាសម្រាប់ជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ លោក បៃដិន បានបញ្ជាក់ថា នេះជាការជម្លៀសតាមផ្លូវអាកាសដ៏ធំ និង ជាការឈឺចាប់បំផុត។
ពលរដ្ឋរាប់ម៉ឺននាក់ រួមមាន ជនជាតិអង់គ្លេស អាមេរិក ពលរដ្ឋមកពីបណ្ដាប្រទេសនានា និងជនជាតិអាហ្វហ្គានីស្ថាន ដែលមានសិទ្ធិតាំងទីលំនៅក្រៅប្រទេស កំពុងតែរង់ចាំ ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
បើតាមភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មុនពេលពួកតាលីបង់វិលត្រឡប់ មកគ្រប់គ្រងប្រទេសជាថ្មីនោះ ពលរដ្ឋអាហ្វហ្គានីស្ថានជាង ៥៥០ ០០០ ត្រូវបានបង្ខំចិត្តរត់គេចខ្លួនចោលផ្ទះសម្បែង នៅក្នុងអំឡុងពេលមានការវាយប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និងពួកតាលីបង់៕រក្សាសិទ្ធិដោយ៖សារាយSN












