រដ្ឋធានីកាប៊ូល ៖ ក្រោយពេលមានសេចក្ដីរាយការណ៍ ពីករណីកងជីវពលរបស់តាលីបង់ ចាប់ស្រ្ដីម្នាក់ដុតទាំងរស់ ដោយសារធ្វើម្ហូបមិនឆ្ងាញ់នោះមក អ្នកនាំពាក្យ នៃក្រុមប្រដាប់អាវុធនេះ បានអះអាងថា កុំយករឿងអតីតកាលមកគិត ហើយបច្ចុប្បន្ននឹងមិនមានរឿងរ៉ាវបែបនេះកើតឡើងនោះឡើយ។

បើតាមបណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ ពីដំបូងថា ក្រោយពេលពួកតាលីបង់ដណ្ដើមកាន់កាប់ប្រទេសរួចមក មានស្រ្ដីជាច្រើន កំពុងតែភ័យខ្លាច ក្នុងការវិលត្រឡប់ទៅធ្វើការ ឬក៏ត្រូវបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ។
ពួកតាលីបង់ មានកេរ្ដិ៍ឈ្មោះអាស្រូវ ជុំវិញការអនុវត្ដទោសដ៏ឃោរឃៅ នៅក្នុងអំឡុងពេលពួកនេះ គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១។ ស្រ្ដីភេទត្រូវមិនអនុញ្ញាតឲ្យទៅរៀនសូត្រ ឬធ្វើដំណើរទៅណាឆ្ងាយ ដោយមិនមានបុរសជាសាច់ញាតិទៅជាមួយ។ ប៉ុន្ដែប្រសិនបើមានករណីស្រ្ដីណាម្នាក់ ល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលតាលីបង់ អាជ្ញាធររបស់ពួកគេនឹងចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយត្រូវចាប់ នាំទៅធ្វើទារុណកម្ម ឬគប់នឹងដុំថ្ម រហូតដល់ស្លាប់។ របបគ្រប់គ្រងដ៏ព្រៃផ្សៃនេះ ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលើកកងទ័ពវាយលុក បណ្ដេញចេញពីអំណាច នៅក្នុងអំឡុងឆ្នាំ២០០១។

ទូរទស្សន៍ Sky News បានដកស្រង់សម្តីចៅក្រមអាហ្វហ្គានីស្ថាន និងសកម្មជន Najla Ayoubi ដោយនិយាយថា ក្រុមប្រយុទ្ធរបស់តាលីបង់ កាលពីពេលថ្មីៗនេះ បានចាប់ស្ត្រីម្នាក់ ដុតទាំងរស់ ដោយសារ «ការចម្អិអាហារមិនឆ្ងាញ់» ឲ្យពួកគេហូប។
ដោយឡែក លោក Suhail Shaheen អ្នកនាំពាក្យរបស់ពួកតាលីបង់ បានបញ្ជាក់ថា មិនមានចំណុចដូចអ្នកគិត អំពីអតីតកាលនោះទេ នៅពេលសួរពីអ្វីដែលតាលីបង់គួរនិយាយទៅកាន់ក្រុមគ្រួសារ នៃអ្នកទាំងនោះ បានបូជាជីវិតរបស់ពួកគេ ដោយព្យាយាមគាំទ្រអាហ្វហ្គានីស្ថាន។
លោក Suhail Shaheen បានបន្ថែមថា «ពួកគេ (សហរដ្ឋអាមេរិក) បានកាន់កាប់ប្រទេសរបស់យើង។ ប្រសិនបើយើងកាន់កាប់ប្រទេសរបស់អ្នក។ ចុះបើខ្ញុំសម្លាប់ប្រជាពលរដ្ឋរបស់អ្នក នៅក្នុងប្រទេសរបស់អ្នក តើអ្នកនឹងនិយាយយ៉ាងម៉េច? ខ្ញុំគិតថា មនុស្សទាំងអស់រងទុក្ខខ្លាំងណាស់, មានតែការបង្ហូរឈាម និងការបំផ្លាញអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែយើងនិយាយថា អតីតកាល ជារឿងអតីតកាល។ ផ្នែក នៃអតីតកាលជារឿងប្រវត្ដិសាស្រ្ដរបស់យើង។ ឥឡូវនេះយើងចង់ផ្តោតលើអនាគត»។

ពួកឧទ្ទាមតាលីបង់ បានចូលដណ្ដើមកាន់កាប់ទីក្រុងកាប៊ូល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយការវាយប្រយុទ្ធគ្នា អស់រយៈពេល១ខែ ដែលនាំឲ្យរដ្ឋាភិបាលស៊ីវិល ត្រូវដូលរលំ។ លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានរត់ចោលប្រទេស ឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួម តាមអ្វីដែលលោកហៅថា លោកមិនចង់ឲ្យមានការបង្ហូរឈាម ប្រសិនបើមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងក្លាជាមួយនឹងកងជីវពលតាលីបង់។
លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់ មានសេចក្ដីរាយការណ៍ថា នឹងប្រកាសពីសេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធអនាគតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅក្នុងរយៈពេល២សប្ដាហ៍ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ សារាយ SN








