រដ្ឋធានីកាប៊ូល ៖ ថ្វីបើក្រោយការរឹបអូសអំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយមិនមានការប្រយុទ្ធដ៏ខ្លាំងក្លា ហើយកងជីវពលបានបញ្ចេញសំឡេងចង់ធ្វើជាមិត្តជាមួយនឹងសហគមន៍អន្ដរជាតិក្ដី តែមេដឹកនាំរបស់តាលីបង់ បានព្រមានដល់សហរដ្ឋអាមេរិក អំពីផលវិបាកធ្ងន់ធ្ងរ អាចនឹងកើតឡើង ប្រសិនបើពន្យារពេលការដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Sky News ត្រូវបានចុះផ្សាយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក Suhail Shaheen អ្នកនាំពាក្យរបស់ពួកតាលីបង់ បានថ្លែងសំដៅទៅលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការដកកងទ័ពសហរដ្ឋអាមេរិក, ការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន និងសិទ្ធិរបស់ស្រ្ដី។ ចំណែពេលវេលាសម្រាប់ការដកកងទ័ពសហរដ្ឋអាមេរិក គឺបានកំណត់រួចរាល់ហើយ ប៉ុន្ដែលោក Shaheen បានព្រមាន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ចំពោះការពន្យារពេលណាមួយ អាចកើតឡើង។
អ្នកនាំពាក្យតាលីបង់ បានបញ្ជាក់ថា វាស្ថិតនៅលើបន្ទាត់ក្រហមមួយ ព្រោះលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា ថ្ងៃទី៣១ ខែសីហា សហរដ្ឋអាមេរិក នឹងដកកងទ័ពរបស់ខ្លួន ចេញពីទាំងអស់ ពីទឹកដីអាហ្វហ្គានីស្ថាន។ ដូច្នេះប្រសិនបើ សហរដ្ឋអាមេរិកពន្យារពេលការដកកងទ័ពចេញ មានន័យថា សហរដ្ឋអាមេរិក កំពុងតែពន្យារពេលវេលាគ្រប់គ្រងអាហ្វហ្គានីស្ថាន ខណៈប្រទេសនេះមិនត្រូវការដូច្នេះឡើយ។

លោក Suhail Shaheen អ្នកនាំពាក្យរបស់ពួកតាលីបង់ បានសង្កត់ធ្ងន់ថា ក្រុមប្រយុទ្ធតាលីបង់ ច្បាស់ជានិយាយថា «ទេ» ប្រសិនបើសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ចង់បន្ថែមពេលវេលា ដើម្បីបន្ដជម្លៀស ឬមានហេតុផលអ្វីផ្សេង។ ការពង្រីកពេលវេលាបិទបញ្ចប់នូវការដកកងទ័ព នឹងបង្កើតនូវការមិនទុកចិត្ត រវាងពួកយើង។ ប្រសិនបើសហរដ្ឋអាមេរិក មានគោលបំណងបន្ដកាន់កាប់ទឹកដីអាហ្វហ្គានីស្ថាន តាលីបង់នឹងប្រតិកម្ម។
បើតាមសារព័ត៌មាន Telegraph បានរាយការណ៍ថា នៅក្នុងអំឡុងកិច្ចប្រជុំមេដឹកនាំ G7 នៅថ្ងៃអង្គារ (ទី២៤ ខែសីហា ឆ្នាំ២០២១) លោក Boris Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នឹងជំរុញឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ពន្យារពេលដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

បើទោះជាមានការព្រមាន ពីពួកតាលីបង់យ៉ាងដូច្នេះក្ដី ប៉ុន្ដែកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក នៅតែបើកយន្ដហោះចម្បាំងហោះហើរ តាមឃ្លាំមើល ពីលើដែនអាកាសរបស់ប្រទេសអាហ្វហ្គានីស្ថាន ជាពិសេស នៅពីលើទីក្រុងកាប៊ូល។ ការហោះហើររបស់យន្ដហោះចម្បាំងសហរដ្ឋអាមេរិក នាពេលនេះ ក៏ដើម្បីឆ្លើយតបភ្លាមៗទៅលើសកម្មភាពណាមួយរបស់ពួកតាលីបង់ ដែលមានចេតនាដ៏អាក្រក់ទៅលើពលរដ្ឋ និងកងទ័ពអាមេរិក ហើយនិងសម្ពន្ធមិត្ត៕ រក្សាសិទ្ធិដោយ ៖ សារាយ SN

















