Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នជំនាញវេជ្ជសាស្រ្ដសហរដ្ឋអាមេរិក អនុម័តឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Pfizer-BioNTech

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ស្ថាប័នជំនាញសុខាភិបាលសហរដ្ឋអាមេរិក បានជំរុញឲ្យបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយសារបច្ចុប្បន្ន មានការរាតត្បាត ពីវីរុសបំប្លែងខ្លួនថ្មី Delta (SARS-CoV-2 Delta) នាំឲ្យសហរដ្ឋអាមេរិក មានការផ្ទុះឡើងនូវករណីឆ្លងថ្មីច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែសីហា ថា ការជំរុញឲ្យបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅសហរដ្ឋអាមេរិក ដោយសារការរាតត្បាត កើនឡើង ពីវីរុសបំប្លែងខ្លួនថ្មី Delta ( SARS-CoV-2 Delta variant) ។ ជាមួយគ្នានេះ មន្រ្តីសុខាភិបាលអាមេរិក បានព្រមានថា មេរោគកូវីដដែលលេចធ្លោ នាពេលបច្ចុប្បន្ន គឺឆ្លងទ្វេដង ដូចវីរុសមុនៗ ហើយវាអាចបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរ ជាងវីរុសបំប្លែងខ្លួនមុនៗថែមទៀតផង ជាពិសេស សម្រាប់អ្នកមិនទាន់បានទទួលការចាក់វ៉ាក់សាំង។

រដ្ឋបាលចំណីអាហារ និង ឱសថ ហៅកាត់ FDA របស់សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទ (ទី២៣ ខែសីហា ឆ្នាំ២០២១) ថា វ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណា (កូវីដ-១៩) សម្រាប់មនុស្សមានវ័យចាប់ពី១៦ឆ្នាំឡើងទៅ នៅសហរដ្ឋអាមេរិក។

វ៉ាក់សាំង Pfizer-BioNTech ជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន៣ ត្រូវបានរកឃើញ នៅសហរដ្ឋអាមេរិក។ មុនដំបូងវ៉ាក់សាំងនេះ ត្រូវបានរដ្ឋបាលចំណីអាហារ និង ឱសថសហរដ្ឋអាមេរិក អនុម័តឲ្យប្រើប្រាស់ជាបន្ទាន់។ វ៉ាក់សាំង Pfizer-BioNTech នឹងនៅតែអាចប្រើប្រាស់ សម្រាប់កុមារ ដែលមានអាយុចាប់ពី១២-១៥ឆ្នាំ។ វ៉ាក់សាំង Pfizer-BioNTech ត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការពីក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក និង ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។

ក្រោយពេល FDA ប្រកាស មិនបានប៉ុន្មានផង លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវនាវដល់ ប្រជាពលរដ្ឋអាមេរិកាំងទាំងអស់ ដែលមិនទាន់ទទួលបានចាក់វ៉ាក់សាំង ត្រូវពិចារណាលើការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer-BioNTech ដោយសារវាមានសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់អ្នកទាំងអស់គ្នា ដើម្បីទប់ទល់ប្រឆាំងនឹងវីរុស។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានជំរុញដល់ថ្នាក់ដឹកនាំវិស័យរដ្ឋ និងឯកជន ត្រូវអនុវត្ដនូវតម្រូវការ នៃការចាក់វ៉ាក់សាំងថ្មីនេះ។

លោកប្រធានាធិបតី បានប្រកាសយ៉ាងច្បាស់ថា «ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមពលរដ្ឋអាមេរិកាំង រាប់លាននាក់ ដែលនិយាយថា ពួកគេនឹងមិនទទួលការចាក់វ៉ាក់សាំង រហូតទាល់តែវ៉ាក់សាំងនេះ មានការអនុញ្ញាតយ៉ាងពេញលេញ និងអនុម័តចុងក្រោយ ពី FDA ប៉ុន្ដែឥឡូវនេះ វ៉ាក់សាំងនេះ ត្រូវបាន FDA អនុម័តឲ្យប្រើប្រាស់យ៉ាងពេញលេញហើយ។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានអះអាង នៅក្នុងថ្ងៃ ដែល FDA បានប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ជាផ្លូវការ ថា ក្រសួងការពារជាសហរដ្ឋអាមេរិក នឹងធ្វើបច្ចុប្បន្នភាពលើតម្រូវការចាក់វ៉ាក់សាំង សម្រាប់បុគ្គលិកយោធាសហរដ្ឋអាមេរិក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៧២ ៣៨៨នាក់ និង មានករណីស្លាប់ថ្មី ៣១៣នាក់។ សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសមហាអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និងយោធានេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣៨,៧លាននាក់ (៣៨ ៧២១ ៧៩៧នាក់) ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៥ ៧៩១នាក់ និងមានអ្នកជាសះស្បើយ ជាង៣០,៥លាននាក់ (៣០ ៥៤៧ ៩៦៣នាក់)៕ រក្សាសិទ្ធិដោយ៖សារាយSN

×