រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលមានការគំរាមកំហែង វាយប្រហារពី ISIL (ក្រុមរដ្ឋអ៊ិស្លាមអ៊ីរ៉ាក់ ) លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យបង្កើនល្បឿនការជម្លៀស ពលរដ្ឋអាមេរិកាំង និងពលរដ្ឋអាហ្វហ្គានីស្ថាន ដែលងាយរងគ្រោះ ចេញពីប្រទេសអាស៊ីកណ្ដាល ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់។
សារព័ត៌មាន Aljazeera បានផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សន្យានូវការប្តេជ្ញាចិត្តរបស់លោកឥតងាករេ ក្នុងការជម្លៀសពលរដ្ឋអាមេរិក និង អាហ្វហ្គានីស្ថាន ដែលប្រឈមមុខនឹងគ្រោះថ្នាក់ ចេញឲ្យអស់ពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែនៅពេលនេះ មានការបានព្រមាន អំពីឧបសគ្គ នាពេលខាងមុខ រួមទាំងការគំរាមកំហែង ពីការវាយប្រហារ ពីក្រុមរដ្ឋអ៊ិស្លាម ដែលមានទំនាក់ទំនងជាមួយ ISIL នៅខេត្ត Khorasan (ISKP) ថែមទៀតផង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាន លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ ថា «លោកបានដឹកនាំ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងទៅពលរដ្ឋអាមេរិកាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តាមទូរស័ព្ទ, Email និងមធ្យោបាយដទៃទៀត។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនពួកគេទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ូល។ រីឯការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ តាមផ្លូវអាកាស ចេញពីទីក្រុងកាប៊ូល នឹងធ្វើទៅដោយការលំបាក និងឈឺចាប់បំផុត»។

លោកប្រធានាធិបតី ចូ បៃដិន បានបន្ថែមថា «យើងកំពុងតែអនុវត្ដនូវគម្រោងជម្លៀស ក្រុមពលរដ្ឋអាមរិក ទៅដោយសុវត្ថិភាព ហើយដើម្បីសុវត្ថិភាព និងប្រសិទ្ធភាព បញ្ជូនពួកគេទៅកាន់អាកាសយានដ្ឋាន។ ប៉ុន្ដែដោយសារតែមានហេតុផលសន្ដិសុខ ខ្ញុំនឹងមិនរៀបរាប់លម្អិតនោះឡើយ»។
លោកប្រធានាធិបតី ចូ បៃដិន បានបន្ដថា ចាប់តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១មក កងទ័ពសហរដ្ឋអាមេរិក បានជម្លៀសពលរដ្ឋ ចំនួន២៨ ០០០នាក់ ដោយរួមទាំងមនុស្ស ១១ ០០០នាក់ ដែលបានចេញដំណើរ ពីទីក្រុងកាប៊ូល ក្នុងរយៈពេល៣៦ម៉ោង នៅចុងសប្ដាហ៍នេះ។ រីឯ មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត កំពុងរង់ចាំការជម្លៀសតាមផ្លូវអាកាសនេះ ហើយសកម្មភាពនេះ មានការយឺតយ៉ាវ ដោយសារបញ្ហាសន្ដិសុខ និងការិយាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

ក្រុមជីវពលតាលីបង់ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែសីហា ឆ្នាំ២០២១) បានដេញវាយមនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្ដុំគ្នា នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាបូល ដើម្បីឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញ។ ប៉ុន្ដែសាក្សី បានបញ្ជាក់ថា សកម្មភាពរបស់ពួកតាលីបង់ មិនបានបង្កឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។
ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថា ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍តោងរបងអាកាសយានដ្ឋាន កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា) ។ ដោយឡែកមន្រ្ដីណាតូ បានអះអាងថា យ៉ាងហោចណាស់ ក៏មានមនុស្សយ៉ាងតិច២០នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ រយៈពេល៧ថ្ងៃកន្លងមកនេះ ទាំងនៅក្នុង និងខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល។ ចំណែកសាក្សីបានបញ្ជាក់ថា ជនរងគ្រោះខ្លះបានស្លាប់ដោយគ្រាប់កាំភ្លើង និងខ្លះស្លាប់ដោយការរត់ជាន់គ្នា៕រក្សាសិទ្ធិដោយ៖សារាយSN







