Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋអាហ្វហ្គានីស្ថាន បន្ដរត់ឡើងយន្ដហោះ ជាន់គ្នាស្លាប់៧នាក់

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលប្រទេសអាហ្វហ្គានីស្ថាន ធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់ពួកតាលីបង់នោះមក ប្រជាពលរដ្ឋ នៃប្រទេសអាស៊ីកណ្ដាលមួយនេះ មានការភ័យខ្លាចយ៉ាងខ្លាំង ពីហានិភ័យអាចនឹងកើតឡើងដល់អាយុជីវិតរបស់ពួកគេ ទើបនាំគ្នារត់ទៅជិះយន្ដហោះ បណ្ដាលឲ្យជាន់គ្នាស្លាប់ចំនួន៧នាក់បន្ថែមទៀត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល។

បើតាមបណ្ដាញទូរទស្សន៍អាល្លឺម៉ង់ DW បានផ្សាយ កាលពីថ្ងៃទី២២ ខែសីហា ថា ជនជាតិអាហ្វហ្គានីស្ថាន បានរត់ជាន់គ្នា បណ្ដាឲ្យស្លាប់ចំនួន៧នាក់បន្ថែមទៀត ដោយសារការភ័យខ្លាចពួកតាលីបង់ គ្រប់គ្រងប្រទេស អនុវត្ដច្បាប់ Sharia (ច្បាប់អ៊ិស្លាមរបស់តាលីបង់)។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែសីហា នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។

ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា ឆ្នាំ២០២១០ បានចេញបទបញ្ជាដល់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលផ្សេងៗ ឲ្យជួយគាំទ្រ ដល់ការជម្លៀសពលរដ្ឋរដ្ឋអាមេរិកាំង និងពលរដ្ឋអាហ្វហ្គានីស្ថាន ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។

ចាប់តាំងពីពួកតាលីបង់បានវាយដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥-២២ ខែសីហា ឆ្នាំ២០២១មក ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន បានសម្រុកទៅកាន់ព្រលានយន្ដហោះទីក្រុងកាប៊ូល ដើម្បីស្វែងរកការជិះយន្ដហោះ ភៀសខ្លួនចេញ ពីប្រទេសកំណើតរបស់ពួកគេ។ ដោយសារតែហ្វូងមនុស្ស មានចំនួនរាប់ពាន់នាក់ ហើយបានរត់ទៅតោងយន្ដហោះ និងរត់ជាន់គ្នា បណ្ដាលឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន មានចំនួនអ្នកស្លាប់ កើនដល់១៩នាក់ហើយ។

លោក Boris Johnson នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធ័រ ថា «លោកនឹងកោះប្រជុំមេដឹកនាំ G7 នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិភាក្សាគ្នា អំពីអាហ្វហ្គានីស្ថាន។ នេះមានសារៈសំខាន់ខ្លាំងណាស់ ដែលសហគមន៍អន្តរជាតិ ត្រូវតែធ្វើការរួមគ្នា ដើម្បីធានាដល់ការជម្លៀស ប្រកបដោយសុវត្ថិភាព ទប់ស្កាត់វិបត្តិមនុស្សធម៌ និងគាំទ្រដល់សកម្មភាពរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ដែលសម្រេចបាន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ»។

សេតវិមាន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២២ ខែសីហា) ថា ក្រុមហ៊ុនយន្ដហោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នឹងត្រូវប្រើប្រាស់ ដើម្បីជំនួយដល់កិច្ចខិតខំប្រឹងប្រែងជាថ្មី ដល់ការជម្លៀស ចេញពីអាហ្វហ្គានីស្ថាន។ រីឯមន្ទីរបញ្ចកោណ កំពុងតែប្រើប្រាស់កម្មវិធីកងជំនួយតាមអាកាសផ្នែកស៊ីវិល ដែលអាចប្រើប្រាស់យន្ដហោះពាណិជ្ជកម្មស៊ីវិល សម្រាប់គោលបំណងសន្ដិសុខជាតិ។
ជាមួយគ្នានេះ លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានស្នើសុំយន្ដហោះជាច្រើនគ្រឿង ពីក្រុមហ៊ុន American Airlines, Atlas Air, Delta Air Lines និងក្រុមហ៊ុន Omni Air ក៏ដូចជាយន្ដហោះ២ទៀត មកពីក្រុមហ៊ុន Hawaiian Airline និងយន្ដហោះ៤គ្រឿងទៀត មកពីក្រុមហ៊ុន United Airlines ៕រក្សាសិទ្ធិដោយ៖សារាយSN

×