បរទេស ៖ ក្រោយពេលពួកតាលីបង់ បានវាយដណ្ដើមកាន់ប្រទេសអាហ្វហ្គានីស្ថានយ៉ាងលឿនដូចផ្លេកបន្ទោរ ធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ស្ថិតក្នុងការភ័យខ្លាច ពីការតាមសងសឹករបស់ពួកឧទ្ទាមនោះមក តារាសម្ដែងស្រីដ៏ល្បីល្បាញរបស់ហូលីវូដ អេនជេលីណា ចូលី បានស្ដីបន្ទោសទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការប្រញាប់ប្រញាល់ដកកងទ័ព ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។

សហរដ្ឋអាមេរិក បានចោទប្រកាន់ទៅលើការដួលរលំ នៃប្រទេសអាហ្វហ្គានីស្ថាន ក្រោយការដកកងទ័ពសហរដ្ឋអាមេរិកទាំងអស់ចេញ។ លទ្ធផល នៃការសម្រេចចិត្តរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បាននាំមកនូវការដូលរលំ នៃរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន។ កងទ័ពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន មានភាពទន់ខ្សោយបំផុត បើទោះជាសហរដ្ឋអាមេរិក បានចំណាយថវិកា រហូតដល់៨៣ពាន់លានដុល្លារ សម្រាប់បណ្ដុះបណ្ដាល អស់រយៈពេល២០ឆ្នាំមកហើយក្ដី តែកងទ័ពអាហ្វហ្គានីស្ថាន គ្មានឆន្ទៈ ក្នុងការប្រយុទ្ធ និងការពារទឹកដីរបស់ខ្លួន។ ជាមួយអំពើពុករលួយ បានចាក់ស្រេះ នៅក្នុងវិស័យយោធារបស់អាហ្វហ្គានីស្ថាននេះ ធ្វើឲ្យពួកតាលីបង់ ដែលមានកម្លាំងត្រឹមតែប្រហែល៦០ ០០០នាក់ និងមានអាវុធមិនទំនើប ដូចកងទ័ពរដ្ឋាភិបាល មានលទ្ធភាពយកជ័យជម្នះ រហូតឈានដល់ការគ្រប់គ្រងប្រទេសទាំងមូល ដោយគ្មានការប្រយុទ្ធដ៏ខ្លាំងក្លា។
តារាសម្ដែងស្រីដ៏ល្បីល្បាញរបស់ហូលីវូដ Angelina Jolie ហើយបច្ចុប្បន្នមានតួនាទី ជាប្រេសិតពិសេស នៃឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានបញ្ជាក់ នៅលើបណ្ដាញសង្គម Instagram ថា «ពលរដ្ឋអាហ្វហ្គានីស្ថាន នាពេលនេះ កំពុងតែបាត់បង់លទ្ធភាពទាក់ទង នៅលើបណ្ដាសង្គម និងការសម្ដែងមតិ ដោយសេរីរបស់ពួកគេ។ ដោយសារតែបញ្ហានេះ ទើបលោកស្រីបង្ហាញខ្លួន នៅលើបណ្ដាញសង្គម Instagram ដើម្បីចែករំលែករឿងរ៉ាវជាច្រើន និងសំឡេងរបស់ពួកគេ ទៅកាន់ពិភពលោក ដែលកំពុងប្រយុទ្ធ សម្រាប់សិទ្ធិមនុស្សជាមូលដ្ឋាន»។

លោកស្រីប្រេសិតពិសេស UNHCR បានបន្ដថា «ខ្ញុំនៅព្រំដែនអាហ្វហ្គានីស្ថាន រយៈពេលពីរសប្តាហ៍ មុនថ្ងៃទី១១ ខែកញ្ញា ជាកន្លែងដែលខ្ញុំបានជួបនឹងជនភៀសខ្លួនអាហ្វហ្កានីស្ថាន ដែលបានរត់គេចខ្លួន ពីពួកតាលីបង់។ វាមានរយៈពេល២០ឆ្នាំកន្លងមកហើយ តែស្ថានការណ៍កាន់តែអាក្រក់ទៅៗ ហើយជនជាតិអាហ្វហ្គានីស្ថាន ត្រូវភៀសខ្លួនម្តងទៀត ដោយសារការភ័យខ្លាច និងភាពមិនច្បាស់លាស់ នៃរបបគ្រប់គ្រង នៅក្នុងប្រទេសរបស់ពួកគេ។
ជាមួយគ្នានេះ លោកស្រី Angelina Jolie ប្រេសិតពិសេស UNHCR បានរិះគន់ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលត្រូវបានស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានភាពកាន់តែអាក្រក់ទៅៗ នៅអាហ្វហ្គានីស្ថាន ដោយសារតែការដកកងទ័ពសហរដ្ឋអមេរិកយ៉ាងលឿន ក្រោយពេលសង្គ្រាមផ្ដួលរំលំរបបតាលីបង់ រយៈពេល២០ឆ្នាំកន្លងមក។ ប៉ុន្ដែនៅពេលនេះ ពួកតាលីបង់ បានចូលមកគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានវិញ។ ការបរាជ័យនេះ ស្ទើរតែមិនអាចយល់បាន។

លោកស្រី Angelina Jolie ប្រេសិតពិសេស UNHCR បានបន្ថែមថា សង្រ្គាម រយៈពេល២០ឆ្នាំ នៅលើទឹកដីអាហ្វហ្គានីស្ថាន បានចំណាយពេលវេលា និងថវិកាយ៉ាងច្រើន ត្រូវបង្ហូរឈាម ហើយជីវិតមនុស្សជាច្រើនត្រូវបាត់បង់ បែរជាក្លាយមកបែបនេះ។ នេះជាការបរាជ័យមួយ មិនអាចយល់សោះឡើយ។ បើក្រឡេកមើល រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាមនុស្សមានសមត្ថភាពខ្ពស់បំផុត នៅលើពិភពលោក បានព្យាបាលគំនរស្នាមរបួស នៃការឈឺចាប់ នៅក្នុងប្រទេសហែកហួរដោយសារសង្គ្រាមនេះ។ ប៉ុន្ដែនៅពេលនេះ ពួកគេកំពុងតែរងនូវការឈឺ ចាប់ពីសង្គ្រាមបន្ដទៀត។
លោកស្រី Angelina Jolie ប្រេសិតពិសេស UNHCR បានបន្ថែមទៀតថា «នៅពេលជួបជាមួយស្ត្រី និងក្មេងស្រីជាច្រើន ទើបយើងដឹងថា ពួកគាត់មិនត្រឹមតែចង់ទទួលបានការអប់រំនោះទេ ប៉ុន្តែពួកគាត់ថែមទាំងតស៊ូ ដើម្បីទទួលបានការសិក្សាបន្ថែមទៀតផង។ ដូចអ្នកដទៃដែលប្តេជ្ញាចិត្ត ខ្ញុំនឹងមិនងាកចេញឡើយ។ ខ្ញុំនឹងបន្តរកវិធីជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងចូលរួមជាមួយខ្ញុំ»៕រក្សាសិទ្ធិដោយ៖សារាយSN











